ពលករ​ខ្មែរ​ម្នាក់​ជាន់​មីន​ដាច់​ជើង​ម្ខាង

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ម្នាក់​ក្នុង​ចំណោម​១០​នាក់ ខណៈ​វិល​ត្រឡប់​ពី​ថៃ​វង្វេងព្រៃ​ចូល​ចំការ​មីន​ក្នុង​តំបន់​ស ផ្ទុះ​ដាច់​ជើង​ម្ខាង ឯ​៩​នាក់​ទៀត​ព្រលឹង​ចុង​សក់​។  ហេតុ​ការណ៍​ខាងលើ​កើតឡើង​កាលពី​វេលា​ម៉ោងជាង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១៤  ឧសភា ២០១៦ ភូមិ​ព្រៃ​គប់ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​។

ជន​រង​គ្រោះ​ឈ្មោះ ជ្រក់ សែត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មក​ពី​ភូមិ​គោក​កក់ ឃុំ​ស្វាយចេក ស្រុក​អង្គរធំ ខេត្តសៀមរាប រង​របួស​ដាច់​ជើង​ខាងស្តាំ និង​របួសធ្ងន់​យ៉ាងដំណំ ។ សមត្ថកិច្ច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ ប៉ុស្តិ៍​ព្រៃ​គប់ បាន​ដោះ​មីន​ចូល​ទៅ​សង្គ្រោះ​ជន​រង​គ្រោះ នៅ​វេលា​ម៉ោង​ជិត​៣​រសៀល​ថ្ងៃ​ដដែល​។

គេ​ឃើញ​លោក​សូរ ចាន់​ណា​រី មេបញ្ជាការ​វរ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ រួម​ជាមួយ​អាជ្ញាធរ មាន​ទាំង​រថយន្ត​សង្គ្រោះ​របស់​អង្គការ​កាំ​ម៉ា បាន​ដឹក​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​បង្អែក ក្រុង​ប៉ោយ​ប៉ែ​ត​។ ចំណែក​ពលករ​ប្រុស​ស្រី​៩​នាក់​ផ្សេង​ទៀត ក្នុង​កុមា​រា​ម្នាក់ និង​ស្ត្រី​ម្នាក់ កំពុង​ត្រូវ​បាន​សមត្ថកិច្ច​ហៅ​សួរនាំ ដើម្បី​ចង់​ដឹង​ពី​ការ​ពិត​មុន​ដើរ​ចូល​ចំការ​មីន​នោះ​៕