ជូន​ជ្រាប​ជា​ដំណឹង ! ឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​លំ​ផាត់​និង​តំបន់​អភិរក្ស​សត្វ​ទោច​កំពុង​រង​ការ​បំផ្លាញ

ខេត្តរតនគិរី ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា ឈើ​គ្រប់​ប្រភេទ​ពិសេស​ប្រភេទ​ឈើ​ប្រណីត​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​លំ​ផាត់  ស្ថិត​ក្នុងស្រុក​លំ​ផាត់ និង​ក្នុង​តំបន់​អភិរក្ស​សត្វ​ទោច ជាប់​ព្រំប្រទល់​កន្ទុយ​នាគ ក្នុងស្រុក​តា​វែង បាន​និង​កំពុង​ទទួល​រង​នូវ​ការ​កាប់​បំផ្លាញ​ពី​សំណាក់​ក្រុម​ឈ្មួញ​មួយ​ចំនួន​ដែល​មានការ​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​បរិស្ថាន ។

ជាក់ស្តែង​ឈើមូល​រាប់រយ​កំណាត់ បាន​ត្រូវ​គេ​កាប់​និង​ដឹក​ចេញពី​ដែនជម្រកសត្វព្រៃ​លំ​ផាត់ យក​មក​ស្តុក​ទុក​ក្នុង​ក្រុមហ៊ុន​រ័​ត្ន សា​ខន ដែល​បាន​ទទួល​សិ​ទ្ឋិ​ពី​រាជរដ្ឋាភិបាល​ក្នុង​ការ​គ្រប់គ្រង​ដី​សម្បទាន ២០​ម៉ឺន​ហិ​កតា ដើម្បី​វិនិយោគ​ដំណាំ​កៅស៊ូ ព្រោះ​ក្នុង​ក្រុមហ៊ុន​ដី​សម្បទាន​នេះ​ពុំ​មាន​ឈើ​សេសសល់​ដើម្បី​កាប់​ទៀត​ទេ ។ បន្ទាប់​ពី​លាក់​ទុក​ឈើ​ទាំងនោះ ក្រុម​ឈ្មួញ​បាន​រត់ការ​ឲ្យ​មន្ត្រី​ជំនាញ​និង​មន្ត្រី​ពាក់​ព័​ន្ឋ​បោះត្រា​បង់​ព​ន្ឋ​តាម​ក្រោយ រួច​ហើយ​ឈ្មួញ​ច្រៀក​នាំ​ចេញ​ទៅ​លក់​នៅ​តាម​បណ្តា​រាជធានី​-​ខេត្ត​មួយ​ចំនួន​និង​មួយ​ចំនួន​ទៀត​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម ។

ចំណែក​ឈើ​តំបន់​អភិរក្ស​សត្វ​ទោច​ជាប់​ព្រំប្រទល់​កន្ទុយ​នាគ ក្នុងស្រុក​តា​វែង​ក៍បាន និង​កំពុង​មាន​សកម្មភាព​កាប់​បំផ្លាញ​និង​ដឹក​ចេញ​ទៅ​លក់​វៀតណាម​យ៉ាង​គគ្រឹក​គ្រេង​ដោយ​គ្មាន​មន្ត្រី​ជំនាញ ឬ សមត្ថកិច្ច​ពាក់​ព័​ន្ឋ​ណា​ទប់ស្កាត់ និង​បង្ក្រាប​នោះ​ទេ សង្ស័យ​មន្ត្រី​ជំនាញ​ទាំងនោះ​ឃុបឃិត​បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​កាប់​បំផ្លាញ​ជា​ថ្នូរ​ទៅ​នឹង​ទទួល​បាន​លាភសក្ការៈ ។

យ៉ាងណា​ក៏ដោយ មក​ដល់​រសៀល​ថ្ងៃ​ទី​១៥ ឧសភា ២០១៦ គេហទំព័រ​កោះសន្តិភាព​មិន​អាច​រក​ការ​សុំ​បំភ្លឺ​បាន​ទេពី​មន្ត្រី​ជំនាញ​បរិស្ថាន រដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​ពាក់​ព័​ន្ធ​ក្នុង​ខេត្តរតនគិរី ជុំវិញ​សេចក្តីរាយការណ៍​ខាងលើ​នេះ ៕