សូម​ប្រយ័ត្ន​ទិញ​ចំណី​ខូចគុណភាព​ហូប

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ ក៏​ដូច​ជា​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ និង​តាម​ភូមិ​នានា ក្នុង​ខេត្ត​ប៉ៃលិន មានការ​យល់​ដឹង​កាន់តែ​ច្រើន​ឡើង​ៗ​ហើយ អំពី​ផល​ប៉ះពាល់​នៃ​ការ​ទទួលទាន​គ្រឿង​ឧបភោគ បរិភោគ​ហួស​កាលបរិច្ឆេទ ខណៈ​មន្ត្រី​កាំកុងត្រូល​សាខា​ខេត្ត​សហការ​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ប៉ៃលិន ចុះ​ត្រួត​ពិនិត្យ ណែនាំ និង​ដកហូត​របស់​ខូចគុណភាព និង​ហួស​កាលកំណត់​ជា​ញឹកញាប់​ដូច​ភ្លៀងរលឹម​កន្លង​មក ។ ជាក់ស្តែង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ឧសភា ២០១៦ នេះ មន្ត្រី​កាំកុងត្រូល​បាន​ចុះ​ពិនិត្យ​ដកហូត​ទំនិញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​មួយ​ចំនួន​ធំ​នៅ​ក្នុងភូមិ​សួស្តី និង​ភូមិ​ប៉ា​ង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។

បើ​តាម​លោក សាន វិជ្ជា​សា​រ៉ា​វុ​ធ ប្រធាន​កាំកុងត្រូល​សាខា​ខេត្ត​ប៉ៃលិន បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា បញ្ហា​សុខភាព​មាន​សារសំខាន់​ណាស់ ចំពោះ​មនុស្ស​ក្មេង​ចាស់ ប្រុស​ស្រី​គ្រប់​រូប ដោយ​ម្នាក់​ៗ​តែងតែ​ប្រាថ្នា​ចង់បាន​សុភាព​ល្អ កម្លាំង​មាំមួន គ្មាន​ជំងឺ​រោគា​ប្រចាំ​កាយ ។ ដូច្នេះ​ការ​ជ្រើសរើស​ទទួលទាន​នំចំណី និង​ម្ហូបអាហារ​គ្រប់​ប្រភេទ គឺជា​កត្តា​សំខាន់​បំផុត​សម្រាប់​សុខភាព​មនុស្ស​គ្រប់​រូប ។ លោក​បាន​បន្ត​ទៀត​ថា បើសិន​អាជីវករ​យក​របស់​ហូប ដើម្បី​ចិញ្ចឹម​រាង​កាយ ដូច​ជា នំ​កញ្ចប់ មី​កញ្ចប់ ទឹកក្រូច​ដប ឬ​កំប៉ុង និង​នំ​គ្រប់​ប្រភេទ​ដែល​ហួស​កាលបរិច្ឆេទ​ទាំងនោះ​ទៅ​លក់ដូរ​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ​នានា បន្ទាប់​ពី​ទិញ​ទទួលទាន​រួច អាច​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​ដល់​សុខ​ភាព។