សែន​សង្វេគ​ពេក​ក្រៃ ! ដោយសារ​ក្រពះ​ត្រូវ​រន្ទះបាញ់​ស្លាប់

ខេត្តបន្ទាយមានជ័យ ៖ រន្ទះ​អប្រីយ៍​បាន​ប្រល័យ​ជីវិត​បុរស​ម្នាក់​ចោល​ប្រពន្ធ​និង​កូន​ឲ្យ​នៅ​កំព្រា​ឯកា ដែល​ហេតុការណ៍​នេះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កាល​ពី​​វេលា​ម៉ោង​៣​ទៀប​ភ្លឺ ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ខាងត្បូង​ចម្ងាយ​២០០​ម៉ែត្រ​ពី​ភូមិ​សំបួរ ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​ស្រុក​ភ្នំស្រុក​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ចិន ទូច ភេទ​ប្រុស អាយុ​៥២​ឆ្នាំ នៅ​ភូមិ​សំបួរ ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ មុន​ពេល​កើតហេតុ វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥​ឧសភា មេឃ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ធំ​មួយ​មេ ជន​រង​គ្រោះ​បាន​ចេញពីផ្ទះ​ទៅ​ដើរ​រក​ចាប់​ហ៊ីង និង​កង្ហែ​ប ស្រាប់តែ​នៅ​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ដដែល​ត្រូវ​គេ​ប្រទះ​ឃើញ​សព​ជន​រង​គ្រោះ​ដេក​ស្លាប់​ដោយសារ​រន្ទះបាញ់​នៅ​វាលស្រែ​ខាងត្បូង​ភូមិ ។

គួរ​បញ្ជាក់​ផង​ដែរ ក្នុង​រយៈពេល​២​ថ្ងៃនេះ​នៅ​ខេត្តបន្ទាយមានជ័យ​មាន​ករណី​រន្ទះបាញ់​មនុស្ស​ស្លាប់​៣​នាក់​ហើយ ក្នុង​នោះ​នៅ​ស្រុក​ម៉ា​ឡៃ​២​នាក់ គោ​១​ក្បាល និង​ស្រុក​ភ្នំស្រុក​១​នាក់ ៕