កម្ពុជា​ទទួល​វត្ថុ​បុរាណ​ជិត ៧០០ ចាប់​តាំងតែ​ពី ឆ្នាំ ១៩៩៣ មក​

6 Videos


ភ្នំពេញៈ រដ្ឋមន្ត្រីវប្បធម៌និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា បានថ្លែងថាគិតចាប់តាំងតែពី ឆ្នាំ ១៩៩៣ រហូតមកដល់ឆ្នាំ២០១៦ នេះប្រទេសកម្ពុជាបានទទួលវត្ថុបុរាណ និង ព្រះបដិមាដែលត្រូវបានជន ខិលខូចលួចយកទៅលក់ក្នុងសម័យសង្គ្រាមមកនេះមានចំនួនជិត ៧០០ សម្រាប់យកមកតម្កល់ទុកនៅសារមន្ទីរជាតិ ។

ការបញ្ជាក់របស់លោកស្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បែបនេះបានធ្វើឡើងក្រោយបញ្ចប់ពិធីទទួលបដិមា ព្រះសិរ្សព្រះព្រហ្ម ពីសារមន្ទីរជាតិកាលពីព្រឹកថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១៦ កន្លងមក ។ រូបព្រះសិរ្សទាំងនេះត្រូវបានបញ្ជូនពីនិវេសនដ្ឋាននៃស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសបារាំងហើយបានយកមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញរួចបន្តដឹកជញ្ជូនមកដល់សារមន្ទីរជាតិកម្ពុជានៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០១៦ ។

កម្ពុជា​ទទួល​វត្ថុ​បុរាណ​ជិត ៧០០ ចាប់​តាំងតែ​ពី ឆ្នាំ ១៩៩៣ មក​

សម្រាប់រូបព្រះសិរ្សទាំងពីរនេះធ្វើពីថ្មភក់នៅសតវត្សរ៍ទី១០ ស្ថិតក្នុងរចនាបថកោះកេរ្តិ៍ដែលមានកម្ពស់ប្រហាក់ប្រហែលគ្នា និង ទំហំទទឹងខុសគ្នា គឺព្រះសិរ្សទី១ មានទំហំ ៤៧x៧៥ x ១១២ សង់ទីម៉ែត្រ និងព្រះសិរ្សទី២ មានទំហំ ៥២ x ៤៧ x ១១០ សង់ទីម៉ែត្រ ។ ព្រះសិរ្សទាំងពីរនេះត្រូវបានជនខិលខូចលួចចេញពីប្រាសាទណាមួយនៃក្រុមប្រាសាទកោះកេរ្តិ៍ ក្នុងអំឡុងពេលដែលកម្ពុជាកើតមានសង្គ្រាមស៊ីវិលនាទសវត្សរ៍ឆ្នាំ១៩៧០ ។

លោកស្រីរដ្ឋមន្ត្រីមានប្រសាសន៍ថាក្នុងចំណោមវត្ថុបុរាណរបស់ខ្មែរដែលបាត់បង់ដោយសារស្នាដៃ ជនខិលខូចលួចយកទៅលក់បរទេសហើយភាគច្រើនបានមកពីប្រទេសថៃ ។

កម្ពុជា​ទទួល​វត្ថុ​បុរាណ​ជិត ៧០០ ចាប់​តាំងតែ​ពី ឆ្នាំ ១៩៩៣ មក​

លោកស្រី ភឿង សកុណា បានបញ្ជាក់ថា ព្រះបដិមានិងវត្ថុបុរាណភាគច្រើនរកឃើញមកពីប្រទេសថៃ ហើយក៏មានពីសហរដ្ឋអាមេរិកហើយមួយចំនួនទៀតមកពីប្រទេសបារាំងហើយក៏មានរបស់ឯកជនមួយចំនួនផងដែរ ។

លោកស្រីបានបន្តថា«ភាគច្រើនរកឃើញមកពីប្រទេសថៃ ហើយក៏មានពីសហរដ្ឋអាមេរិកហើយមួយចំនួនទៀតមកពីប្រទេសបារាំង ហើយក៏មានអ្នកផ្ទាល់ៗខ្លួនជាឯកជនដែលគេធ្វើជាអំណោយដល់សារមន្ទីរ កម្ពុជាបើនិយាយទៅមានប្រហែលជាង១០ជាតិសាសន៍ដែលបានធ្វើអំណោយមកសារមន្ទីរជាបន្តបន្ទាប់» ។

គួរបញ្ជាក់ថាកាលពីថ្ងៃទី៣០ ខែមីនា នេះ កម្ពុជាបានទទួលបដិមាព្រះសិរ្សព្រះព្រហ្ម សតវត្សរ៍ទី ១០ នៃរចនាបទកោះកេរ្តិ៍ ពីប្រទេសបារាំង និង កាលពីថ្ងៃទី២៨ ខែមីនា កម្ពុជាក៏បានទទួលដងខ្លួនបដិមាខ្មែរធ្វើពីថ្មភក់នាសតវត្សរ៍ទី១០ ពីសារមន្ទីរ DENVER ART MUSEUM (DAM) របស់សហរដ្ឋអាមេរិកផងដែរ ៕ ដេប៉ូ