ក្មេង​ប្រុស​ម្នាក់​លង់ទឹក​រណ្តៅ​ស្លាប់

ខេត្ត​ព្រះ​សីហ​នុ ៖ ក្មេង​ប្រុស​ម្នាក់​ត្រូវ​បាន​កម្លាំង អ​.​ហ ស្នាក់​ការ​៤០១ និង​ក្រុម​គ្រួសារ​ប្រទះ​ឃើញ​ស្លាប់​ដោយសារ​លង់ទឹក​ក្នុង​រណ្តៅ​ជីកដី​មួយ​កន្លែង​ដែល​មាន​ចម្ងាយ​ពី​ផ្ទះ​ប្រមាណ​ជា​៣៥០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​តា​នៃ ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់  កាលពី​វេលា​ម៉ោង​០៩​និង​១៦​នាទី​យប់ ថ្ងៃ​ទី​១៤ ឧសភា ២០១៦​។

ក្មេង​រង​គ្រោះ​ឈ្មោះ ភា ធា​រ៉ូ ភេទ​ប្រុស អាយុ​១១​ឆ្មាំ ជា​សិស្ស​ថ្នាក់​ទី​២ នៃ​សាលា​បឋម​សិក្សា​តា​នៃ ម្តាយ​ឈ្មោះ រី ឈុ​ន​ហៀ​ង អាយុ​២៩​ឆ្នាំ មុខរបរ​មេផ្ទះ ចំណែក​ឪពុក​ក្មេង​រង​គ្រោះ (​ស្លាប់​) ទីលំនៅ​ភូមិ​តា​នៃ  ឃុំ​ជើងគោ  ស្រុក​ព្រៃ​នប់  ខេត្ត​ព្រះ​សីហ​នុ ។

ក្មេង​នេះ ត្រូវ​បាន​គេ​រាយការណ៍​ថា នៅ​ម៉ោង​៤​និង​២០​នាទី​រសៀល បាន​បាត់​ពី​ផ្ទះ បន្ទាប់​ពី​ក្មេង​នេះ​បាន​សុំ​លុយ​ជីដូន​ចំនួន​២.០០០​រួច  ហើយ​បាន​ជិះ​កង់​ទៅ​បាត់​រហូត​ដល់​ម៉ោង​៧​យប់​។ ម្តាយ​មិនឃើញ​មក​ផ្ទះ​វិញ ក៏​មានការ​ឆោឡោ ហើយ​បាន​រាយការណ៍​ទៅ អ​.​ហ ៤០១ ដើម្បី​តាម​ស្វែងរក ។ នៅ​វេលា​ម៉ោង​០​និង​១៦​នាទី​យប់ ដោយ​មានការ​សហការ​ល្អ​ពី​ក្រុម​គ្រួសារ កម្លាំង អ​.​ហ និង​ក្រុម​គ្រួ​សារបាន​ដើរ​ប្រទះ​ឃើញ​កង់ និង​សម្លៀក​បំពាក់​នៅ​ចម្ងាយ​ពីរ​ណ្តៅ​ដី​នោះ​ប្រហែល​២០​ម៉ែត្រ ហើយ​សន្និដ្ឋាន​ដឹង  ក៏​នាំ​គ្នា​ចុះ​រាវ​ក្នុង​រណ្តៅ​ដី​នោះ ដែល​មាន​ជម្រៅ​ប្រមាណ​ជា​១,៧០​ម៉ែត្រ ក៏​ប្រទះ​ឃើញ តែ​ក្មេង​រង​គ្រោះ​បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ  ។

ក្មេង​រង​គ្រោះ​មាន​បងប្អូន​២​នាក់ ប្រុស​ទាំង​២ ដែល​ក្មេង​រង​គ្រោះជា​កូន​បង ហើយ​ក៏​ជា​កូន​ប្តី​មុន បន្ទាប់​ពី​ស្ត្រី​ជា​ម្តាយ​បាន​យកប្តី​ក្រោយ​ទៀត​បាន​កូនស្រី​២​នាក់​ទៀត ចំណែក​សព​ត្រូវ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕