ខ្យល់​កន្ត្រាក់​និង​រន្ទះ​វាយប្រហារ​ផ្ទះ​១៣៩​ខ្នង ស្លាប់​២​នាក់ របួស​៦​នាក់

ខេត្តបន្ទាយមានជ័យ ៖ យ៉ាង​ហោច​ណា​ស់​លំ​នៅ​ឋាន​របស់​ប្រជាពលរដ្ឋ​១៣៩​ខ្នង​បាន​រង​នូវ​ការ​ខូចខាត និង​មនុស្ស​៦​នាក់​បាន​រង​របួសធ្ងន់​-​ស្រាល ដោយសារ​ខ្យល់​កន្ត្រាក់ និង​មនុស្ស​២​នាក់​ផ្សេង​ទៀត​បាន​ស្លាប់ និង​គោ​១​ក្បាល​ត្រូវ​បាន​រន្ទះបាញ់ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៦ លើ​ស្រុក​ចំនួន​៤​ក្នុង​ខេត្តបន្ទាយមានជ័យ គឺ​ស្រុក​ព្រះនេត្រព្រះ​, ស្រុក​ស្វាយចេក​, ស្រុក​អូរ​ជ្រៅ និង​ស្រុក​ម៉ា​ឡៃ ។

កាលពី​ព្រឹក​ថ្ងៃ​ទី​១៤​ឧសភា លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ដឹកនាំ​កម្លាំង​នគរបាល​ខេត្ត និង​កម្លាំង​ស្រុក ចុះ​ជួយ​ធ្វើ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្វាយចេក​ចំនួន​៦​ខ្នង​ដែល​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ ព្រមទាំង​នាំ​យក​ស័ង្កសី ដែល​ជា​អំណោយ​របស់​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ ទៅ​ប្រគល់​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្វាយចេក និង​ស្រុក​អូរ​ជ្រៅ និង​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​៥៥​ម៉ឺន​រៀល​ថ្លៃ​ធ្វើ​ស្ពាន​ឆ្លងស្ទឹង ដែល​ជា​អំណោយ​របស់​លោក​ឧបនាយករដ្ឋមន្ត្រី​ផង​ដែរ​ដល់​ប្រជាពលរដ្ឋ​ចំនួន​៦​គ្រួសារ​ដែល​នៅ​ម្ខាង​ស្ទឹង​ជួប​បញ្ហា​លំបាក​ក្នុង​ការ​ឆ្លងស្ទឹង​នៅ​រដូវវស្សា ។

នៅ​ថ្ងៃ​ទី​១៤​ឧសភា​ដដែល​ដែរ លោក​ឧត្តមសេនីយ៍​ស្នងការ​បាន​ទៅ​ពិនិត្យ​មើល​ពី​សកម្មភាព​កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​បាន​ជួយ​ធ្វើ​ផ្ទះ​ថ្មី​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ចាស់ជរា និង​កូន​ច្រើន នៅ​ភូមិ​ប្រជា​ធម្ម និង​ភូមិ​អូរ​ប្ញ​ស្សី​លើ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ដែល​មាន​ទំហំ​៤​ម៉ែត្រ​គុណ​៥​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ។ បន្ទាប់​មក​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ក៏​បាន​នាំ​យក​ថវិកា​ចំ​នួ​២៥​ម៉ឺន​រៀល និង​ទឹក​សុទ្ធ​១០​យួរ អង្ករ​៥០​គីឡូក្រាម ជា​អំណោយ​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ទៅ​ប្រគល់​ជូន​ប្រជាពលរដ្ឋ​១​គ្រួសារ មាន​បន្ទុក​៣​នាក់ នៅ​ធម្ម​ប្រជា​ធម្ម ដែល​មាន​ជីវភាព​ក្រីក្រ និង​មាន​ជម្ងឺ​ប្រចាំ​កាយ​ទាំង​៣​នាក់ ៕