Liverpool ទិញ​បាន​កីឡាករ​ចំណូល​ថ្មី​ទី៥​ហើយ

ក្លឹប​ហង្ស​ក្រហម Liverpool បាន​ចុះ​កុងត្រា​នាំ​យក​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​ កីឡាករ Roberto Firmino ពី​ក្លឹប Hoffenheim ក្នុង​តម្លៃ​ ២៩​លាន​ផោន​ក្រោម​កិច្ច​សន្យា​រយៈ​ពេល​៥​ឆ្នាំ ។ ខណៈ​កីឡាករ​ Fermino​ នឹង​មក​ធ្វើ​តេស្ត​ពិនិត្យ​សុខភាព​នៅ​ទឹក​ដី​ Anfield ​ក្រោយ​បញ្ចប់​ភារកិច្ច​ជួយ​ជម្រើស​ជាតិ​ប្រេស៊ីល​ក្នុង​ការ​ប្រកួត​ពានរង្វាន់ Copa America នៅ​ឯ​ប្រទេស​ឈីលី ។

កីឡាករ Firmino ដែល​បាន​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​៤៧​គ្រាប់​ការ​បង្ហាញ​ខ្លួន​១៥១​ប្រកួត​អោយ​ក្លឹប​ Hoffenheim ក្នុង​រយៈ​ពេល​៤​ឆ្នាំ​កន្លះ បាន​ជាប់​ជា​កំណត់​ត្រា​កីឡាករ​នាំ​ចូល​ថ្លៃ​បំផុត​ទី២​របស់​ Liverpool ខណៈ​កំណត់​ត្រា​កីឡាករ​ថ្លៃ​បំផុត​នោះ​គឺ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​កីឡាករ Andy Carroll ក្នុង​តម្លៃ​ផ្ទេរ​៣៥​លាន​ផោន​កាល​ពី​ឆ្នាំ​២០១១ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ក្លឹប Liverpool បាន​ទិញ​កីឡាករ​ចំណូល​ថ្មី​ចំនួន​៥​រូប​ហើយ​គិត​ទាំង​កីឡាករ​ Firmino ខណៈ​៤​រូប​ផ្សេង​ទៀត​មាន ខ្សែ​ប្រយុទ្ធ Danny Ings ពី​ក្លឹបBBurnley ខ្សែ​បម្រើ​កណ្ដាល Jame Milner ពី​ក្លឹបMMan City អ្នក​ចាំ​ទី Adam Bogdan ពី​ក្លឹប​Bolton ​និង​ខ្សែការពារ​កណ្ដាល Joe Gomes ពី​ក្លឹប Charlton ៕

ប្រភព ៖ BBC
ប្រែ​សម្រួល​ដោយ ៖ វិចទ័រ