សាហា​ណាស់ បុក​អូស​បែក​ផ្កាភ្លើង​ជាង​១​គីឡូម៉ែត្រ

ខេត្តកំពង់ចាម ៖ រថយន្ត​ពាក់​ស្លាក​លេខ​រដ្ឋ​១​គ្រឿង​បាន​បើក​បុក​ម៉ូតូ​១​គ្រឿង​យ៉ាង​ពេញទំហឹង ហើយ​បើក​រត់គេច​ខ្លួន​ទាំង​អូស​ជាប់​ម៉ូតូ​បែក​ផ្កាភ្លើង​ជាង​១​គីឡូម៉ែត្រ​ទើប​របូត​ម៉ូតូ​វិញ ហើយ​បន្ត​បើក​គេចខ្លួន​បាត់​បន្សល់​តែ​ស្លាក​លេខ រដ្ឋ​10-2-0191 ជ្រុះ​នៅ​កន្លែង​កើតហេតុ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៦ ចំណុច​ផ្លូវបំបែក​ជា​បួន ខាងលិច​សាល​មហោស្រព ស្ថិត​ក្នុងភូមិ​ទី​១៥ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ។

នគរបាល​ក្រុង​កំពង់ចាម​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះជា​អ្នក​ជិះ​ម៉ូតូ​ឈ្មោះ ម៉េ​ង គូ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចុង​ថ្នល់ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ជិះ​ម៉ូតូ​វ៉េវ ពណ៌​ក្រហម ត្រូវ​បាន​រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​ពេញទំហឹង​ផ្លោង​ខ្ទាត​ចេញពី​ម៉ូតូ ចំណែក​រថយន្ត​បាន​កៀប​ម៉ូតូ​ជាប់​ពី​ខាងក្រោម​មិន​បាន​ឈប់​នោះ​ទេ គឺ​ប្រឹង​បន្ថែម​ល្បឿន​បើក​រត់គេច​ទៅ​ខាង​មុខ​ទៀត ។

នគរបាល​ក្រុង​កំពង់ចាម បន្ត​ថា ជន​រង​គ្រោះ​បាន​បាក់ជើង​រហូត​សន្លប់ ត្រូវ​បាន​ពលរដ្ឋ​ដែល​បាន​ធ្វើ​ដំណើរ​ឃើញ​ប្រញាប់​លើកដាក់​ម៉ូតូ​ដឹក​មក​សង្គ្រោះ​ជា​បន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្ត ។ ចំណែក​រថយន្ត​បង្ក​មិន​បាន​ឈប់​ទេ គឺ​រឹតតែ​បន្ថែម​ល្បឿន​បើក​ទៅ​មុខ​ទៀត ដោយ​បាន​បើក​គេច​ចេញពី​ផ្លូវ​មួយ​ចូល​ទៅ​ផ្លូវ​មួយ​ទាំង​ជាប់​ម៉ូតូ​ពី​ខាងក្រោម​បែក​ផ្កាភ្លើង​មើលទៅ​គួរ​ឲ្យ​រន្ធត់ ។

នគរបាល​ចរាចរណ៍​ក្រុង​កំពង់ចាម​បញ្ជាក់​ថា តាម​រយៈ​ស្លាក​លេខ​រថយន្ត​ដែល​ជ្រុះ​នោះ គឺ​មាន​ពន្លឺ​បណ្តើរ​ៗ​ហើយ ដោយ​រថយន្ត​នោះ​នៅ​មិន​ឆ្ងាយ​ទេ គឺ​ស្ថិត​នៅ​ក្នុង​អង្គភាព​មួយ​ក្នុង​ខេត្តកំពង់ចាម ៕