ផ្ទះ​២១​ខ្នង​រង​ការ​បំផ្លាញ​ដោយ​ខ្យល់​កន្ត្រាក់

ខេត្តឧត្តរមានជ័យ ៖ ទឹកភ្លៀង​បាន​ធ្លាក់​លាយឡំ​ទៅ​ដោយ​ខ្យល់​កន្ត្រាក់ បក់​បោក​មក​លើ​លំនៅ​ឋាន​ពលរដ្ឋ បាន​បំផ្លិចបំផ្លាញ​ដួល​រលំ និង​ប៉ើង​ដំបូលផ្ទះ​អស់​២១​ខ្នង កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១៣ ឧសភា ២០១៦​។ ហេតុការណ៍​នេះ បាន​កើតឡើង​ក្នុងស្រុក​២ គឺ​ស្រុក​បន្ទាយ​អ​ម្ពឹ​ល និង​ក្រុង​សំរោង ខេត្តឧត្តរមានជ័យ​។

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា  នៅ​ក្នុង​ឆ្នាំ​២០១៦ នេះ គ្រោះ​ធម្មជាតិ​កើត​មាន​សាហាវ​ណាស់ បាន​បំផ្លិចបំផ្លាញ​លំនៅ​ឋាន​របស់​ពលរដ្ឋ​អស់​ជា​ច្រើន​ខ្នង ចាប់ពី​ដើមឆ្នាំ​រហូត​មក​ដល់​ពេល​នេះ សម្រាប់​ខេត្តឧត្តរមានជ័យ ។ ពលរដ្ឋ​ដដែល​បាន​បញ្ជាក់​ថា បើ​តាម​ការ​សង្កេត​មាន​ទឹកភ្លៀង​ធ្លាក់ និង​មាន​ខ្យល់​កន្ត្រាក់​បក់​បោក​យ៉ាង​ខ្លាំង​មក​លើ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ ជាក់ស្តែង​នៅ​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១៣ ឧសភា ២០១៦ លំនៅ​ឋាន​ពលរដ្ឋ​ទទួល​រង​ការ​ខូចខាត​អស់​ជា​ច្រើន​។

យោង​តាម​របាយការណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា  គ្រោះ​ធម្មជាតិ​បាន​បំផ្លិចបំផ្លាញ​ផ្ទះ​ពលរដ្ឋ​ដួល​រលំ​ដល់​ដី​៤​ខ្នង និង​ប៉ើង​ដំបូល​១៧​ខ្នង ដែល​បាន​កើតឡើង​ទៅ​លើ​ស្រុក​ចំនួន​២ គឺ​ស្រុក​បន្ទាយ​អ​ម្ពឹ​ល និង​ក្រុង​សំរោង ខណៈ​នេះ​លោក​ស ថា​វី អភិបាលខេត្ត​បាន​ដឹកនាំ​មន្ត្រីរាជការ​ក្រោម​ឱ​វាត ប៉ូលិស ប៉េ​អឹ​ម​ចុះ​ចែក​អំណោយ​សង្គ្រោះ​បន្ទាន់​ផង​ដែរ កាលពី​ថ្ងៃ​ទី​១៤ ឧសភា ២០១៦ នេះ​៕