ហ្គេ​ម​បាញ់​ត្រី​ដុះ​ស្លែ​បង្កប់​នៅ​ក្នុង​ហេ​ប​ភី ណេ​ត ២៤​ម៉ោង

រាជធានី​ភ្នំពេញ ៖ ហ្គេ​ម​បាញ់​ត្រី​ដែល​ជា​ល្បែងស៊ីសង​អត់​ច្បាប់​កំពុង​ដំណើរការ​យ៉ាង​រលូន​នៅ​ក្នុង​ខណ្ឌទួលគោក​ដោយ​បង្កប់​នៅ​ក្នុង​ហេ​ប​ភី ណេ​ត ២៤​ម៉ោង ពុំ​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌទួលគោក មើលឃើញ​ចុះ​ប​ង្រា​ប​ឡើយ​។ ​ទន្ទឹម​នោះ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​បាន​ចោទប្រកាន់​ថា ប្រហែលជា​លោក ឯក ឃុន​ដឿ​ន អភិបាល​ខណ្ឌទួលគោក មានការ​ពាក់ព័ន្ធ ឬ​ក៏​បាន​ផលប្រយោជន៍​ពី​ផ្ទះ​ហ្គេ​ម​ទាំងនោះ​បានជា​មិន​បង្ក្រាប ព្រោះ​ជា​ឆ្នាំងបាយ​។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​ខណ្ឌទួលគោក មាន​ហ្គេ​ម​បាញ់​ត្រី​ដែល​ជ្រក​ក្រោម​ហេ​ប​ភី​ណេ​ត​២៤​ម៉ោង​ជា​ច្រើន​កន្លែង ដែល​មាន​ថៅកែ​ដ៏​មាន​ឥទ្ធិពល​ឈ្មោះ ហ៊ី ទូច និង​ឈ្មោះ ពេជ្រ ដែល​ជា​ថៅកែ​ង​កុងស៊ី​ផង​ដែរ បាន​បើក​លេង​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​មិន​ខ្លាច​សមត្ថកិច្ច​ឡើយ​។ ទីតាំង​ហ្គេ​ម​ដុះ​ស្លែ​នោះ​ត្រូវ​បាន​គេ​ដឹង​ថា ស្ថិត​នៅ​តាម​ផ្លូវ​លេខ​១៩២ ខាងលិច​សាលាសង្កាត់​ទឹកល្អក់​ទី​៣, ផ្ទះ​លេខ​៣ ផ្លូវ​លេខ​២៦៥ មុខ​ផ្ទះសំណាក់​ហង្ស​នាគ (​សំណង់​១២), ផ្លូវ​ឧកញ៉ា​ទេព​ផ​ន ខាងលិច​ខារ៉ាអូខេ​នគរ​សំ​រិ​ទ្ធ ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣, តាម​ផ្លូវ​លេខ​២៦១ សង្កាត់​ទឹកល្អក់​ទី​១ និង​ផ្លូវ​លេខ​១៥៦ សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ និង​នៅ​មាន​ជា​ច្រើន​កន្លែង​ទៀត  សុទ្ធតែ​ជា​របស់ ហ៊ី ទូច ។ ទីតាំង​ទាំងនេះ ត្រូវ​បាន​ម្ចាស់​បាន​ដើរ​អួត​ប្រាប់​គេ​ថា គ្មាន​ន​ណា​ហ៊ាន​បង្ក្រាប​ឡើយ ព្រោះ​គេ​រត់ការ​បង់ប្រាក់​ឱ្យ​អាជ្ញាធរ​និង​សមត្ថកិច្ច​អស់ហើយ ព្រមទាំង​បាន​អំពាវនាវ​ឱ្យ​ក្រុម​អ្នកលេង​ល្បែង​នាំ​គ្នា​ទៅ​លេង​យ៉ាង​សប្បាយ​រីករាយ​ទៀត​ផង​។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា ទីតាំង​ហ្គេ​ម​ទាំងនេះ មិន​ដែល​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌទួលគោក​បង្ក្រាប​ឡើយ​។​កន្លង​មក ក្នុង​ខណ្ឌទួលគោក គេ​មានការ​កោតសរសើរ​ណាស់​ដែល​លោក​ឯក ឃុន​ដឿ​ន បាន​យកចិត្តទុកដាក់​នៅ​ក្នុង​ការ​បង្ក្រាប​ហ្គេ​ម​បាញ់​ត្រី ល្បែង​ស៊ី បានជា​បន្តបន្ទាប់ ហើយ​ធ្វើ​ពិធី​កម្ទេច​ចោល តែ​ការ​ចុះ​បង្ក្រាប​នោះ​គឺ​បង្ក្រាប​តែ​អ្នក​អត់​មាន​ខ្សែ ខ្នងបង្អែក ចំណែក​ហ្គេ​ម​របស់​ថៅកែ​កុងស៊ី​ឈ្មោះ​ហ៊ី ទូច មិន​បាន​បង្ក្រាប​ឡើយ ទោះ​ផ្ទះ​ហ្គេ​ម​នោះ​នៅ​ជាប់​គ្នា ក៏​មើល​មិនឃើញ​ដែរ ដូច​ជា​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ឧសភា អាជ្ញាធរ​ចុះ​បង្ក្រាប​ផ្ទះ​ហ្គេ​ម​លេខ​៣៦ ផ្លូវ​លេខ​១៩២ សង្កាត់​ទឹកល្អក់​ទី​៣ តែ​ផ្ទះ​ហ្គេ​ម​ហេ​ប​ភី​ណេ​ត​៤​ម៉ោង នៅ​ជាប់​គ្នា​នោះ​មិន​បាន​បង្ក្រាប​ឡើយ​។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ហ្គេ​ម​ដ៏​មាន​ឥទ្ធិពល​នេះ បាន​ចាក់​អាជ្ញាធរ និង​សមត្ថកិច្ច​ចុះ​បង្ក្រាប​អ្នក​នៅ​ក្បែរ​ៗ​នោះ ដើម្បី​ឱ្យ​អ្នកលេង​ចូល​ទៅ​លេង​ហ្គេ​ម​របស់​ខ្លួន​។

ទាក់ទិន​ផ្ទះ​ហ្គេ​ម​ដុះ​ស្លែ​នេះ​លោក​ឯក ឃុន​ដឿ​ន អភិបាល​ខណ្ឌទួលគោក បានឱ្យ​ដឹង​ថា លោក​នឹង​បង្ក្រាប​ឱ្យ​អស់ តែ​ហាក់ដូចជា មិនឃើញ​ចុះ​ផ្ទះ​ហ្គេ​ម​ជ្រក​ក្រោម​ហេ​ប​ភី​ណេ​ត​២៤​ម៉ោង​នេះ​ឡើយ​៕