លោក ហ៊ុន សែន គ្រោង​ជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រធានាធិបតី​នៃ​សហព័ន្ធ​រុស្ស៊ី

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គ្រោង​ដឹក​នាំ​គណៈប្រតិភូ​ទៅ​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតី​នៃ​សហព័ន្ធ​រុស្ស៊ី ក្នុង​ពេល​បំពេញ​ទស្សនកិច្ច​ការងារ និង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​រំឭក​ខួប​អាស៊ាន-រុស្ស៊ី។

ជំនួប​នេះ គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង​មូស្គូ និង​សូឈី សហព័ន្ធ​រុស្ស៊ី នៅ​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៦។

សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចុះ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ឲ្យ​ដឹង​ថា ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​នឹង​គ្រោង​ជួប​ពិភាក្សា​ការងារ​ជាមួយ​នាយក​រដ្ឋមន្ត្រី​នៃ​សហព័ន្ធ​រុស្ស៊ី ឌីមីទ្រី មេដវេដេវ (Dmitry Medvedey)។ ទន្ទឹម​នឹង​គ្នា​នោះ មាន​ឯកសារ​សំខាន់ៗ​មួយ​ចំនួន​នឹង​ត្រូវ​ចុះ​ហត្ថលេខា ដើម្បី​ពង្រឹង​ពង្រីក​នូវ​កិច្ច​សហប្រតិបត្តិការ​ជា​ផ្លែ​ផ្កា​រវាង​កម្ពុជា-រុស្ស៊ី។

នៅ​ក្រោយ​កិច្ច​ប្រជុំ​កំពូល​នេះ លោក ហ៊ុន សែន ក៏​នឹង​ជួប​ទ្វេ​ភាគី​ជាមួយ​លោក ង្វៀន សួនហ៊្វុក នាយក​រដ្ឋមន្ត្រី​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ផង​ដែរ ក៏ប៉ុន្តែ​លិខិត​នេះ​មិន​បាន​បញ្ជាក់​ពី​គោល​បំណង​នៃ​ជំនួប​នេះ ថា​នឹង​ជជែក​ពី​បញ្ហា​អ្វី​ពិត​ប្រាកដ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។