សកម្មជន​ដីធ្លី​អះអាង​ថា​នឹង​បន្ត​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នៅ​ក្នុង​សហគមន៍

តំណាង​សហគមន៍​រងគ្រោះ​ដោយ​ជម្លោះ​ដីធ្លី​បឹងកក់ និង​បុរីកីឡា អះអាង​ថា ពួក​គេ​នៅ​តែ​បន្ត​ធ្វើ​យុទ្ធនាការ "ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ" នៅ​ក្នុង​សហគមន៍​រៀងៗ​ខ្លួន បើ​ទោះ​មាន​ការ​រឹតត្បិត​ពី​អាជ្ញាធរ​មូលដ្ឋាន​ក៏ដោយ។ ពួក​គេ​លើក​ឡើង​ថា សមាជិក​សហគមន៍​នៅ​តែ​ស្លៀក​ពាក់​ខ្មៅ ទាមទារ​រក​យុត្តិធម៌​ជូន​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ដែល​កំពុង​ជាប់​ឃុំ។

សកម្មជន​ដីធ្លី​នៃ​សហគមន៍​បឹងកក់ និង​បុរីកីឡា ដែល​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​កាល​ពី​សប្ដាហ៍​មុន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ ឧសភា ថា ពួក​គេ​នៅ​តែ​បន្ត​សកម្មភាព​តស៊ូ​មតិ​ក្នុង​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ដដែល ប៉ុន្តែ​មិន​ប្រមូល​ផ្ដុំ​នៅ​ទី​សាធារណៈ​ដូច​កាល​ពី​ថ្ងៃ​ច័ន្ទ សប្ដាហ៍​មុន​ឡើយ ដោយសារ​មាន​ការ​ឃ្លាំ​មើល​ពី​អាជ្ញាធរ។

តំណាង​សហគមន៍​បឹងកក់ អ្នកស្រី បូវ សោភា មាន​ប្រសាសន៍​ថា សមាជិក​ក្នុង​សហគមន៍ នឹង​បន្ត​ធ្វើ​យុទ្ធនាការ​នេះ​តាម​រយៈ​ការ​ស្លៀក​ពាក់​ពណ៌​ខ្មៅ​នៅ​រៀង​រាល់​ថ្ងៃ​ច័ន្ទ ហើយ​បំផុស​ចលនា​នេះ​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ដោយសារ​រដ្ឋាភិបាល​ហាមឃាត់​មិន​ឲ្យ​ប្រមូល​ផ្ដុំ៖ «»

សកម្មជន​ដីធ្លី​រូប​នេះ​អះអាង​ថា ការ​ចូលរួម​របស់​សហគមន៍​បឹងកក់​ក្នុង​យុទ្ធនាការ​នេះ គឺ​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ក្រុម​គ្រួសារ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (ADHOC) ទាំង ៤​រូប និង​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) មួយ​រូប ដែល​កំពុង​ជាប់​ឃុំ​យ៉ាង​អយុត្តិធម៌៖ «»

ស្រដៀង​គ្នា​នេះ តំណាង​សហគមន៍​បុរីកីឡា អ្នកស្រី ឆាយ គឹមហ៊ន ឲ្យ​ដឹង​ថា សមាជិក​ក្នុង​សហគមន៍​បុរីកីឡា​ប្រមាណ ៦០​នាក់ រួម​ទាំង​សហគមន៍​ភូមិ​អណ្ដូង ដែល​ជា​អតីត​អ្នក​បុរីកីឡា នឹង​បន្ត​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ​នៅ​តាម​លំនៅឋាន​រៀងៗ​ខ្លួន ដោយសារ​ក្នុង​រយៈពេល​មួយ​សប្ដាហ៍​កន្លង​ទៅ​នេះ សមត្ថកិច្ច​មូលដ្ឋាន​បាន​រឹតត្បិត​ការ​ដើរ​ហើរ​របស់​សមាជិក​សហគមន៍៖ «»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ក្រុម​គ្រួសារ​សកម្មជន​ដែល​កំពុង​ជាប់​ឃុំ និង​មេ​ដឹក​នាំ​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ដែល​ផ្ដួចផ្ដើម​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នេះ ដើម្បី​បញ្ជាក់​ពី​ជំហរ​របស់​ពួក​គេ​ក្នុង​ការ​បន្ត​យុទ្ធនាការ​នេះ​ទេ នៅ​ថ្ងៃ​ទី​១៥ ឧសភា។

ភាព​ថមថយ​នៃ​សកម្មភាព​ក្នុង​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ គឺ​បន្ទាប់​ពី​សមត្ថកិច្ច​បាន​បង្ក្រាប​ការ​ប្រមូល​ផ្ដុំ​របស់​សមាជិក​អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​ផ្សេងៗ តាម​បទបញ្ជា​របស់​ក្រសួង​មហាផ្ទៃ លើ​ការ​ប៉ុនប៉ង​ជួប​ជុំ​គ្នា​នៅ​មុខ​ពន្ធនាគារ​ព្រៃ​ស កាល​ពី​ថ្ងៃ​ច័ន្ទ ទី​៩ ឧសភា ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ៤​រូប និង​មន្ត្រី គ..ប មួយ​រូប​ដែល​កំពុង​ជាប់​ឃុំ​តាម​បណ្ដឹង​របស់​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ ដែល​ជា​សំណុំ​រឿង​រង​រិះគន់​ពី​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ ថា​ជា​រឿង​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។