ឆក់​ចរន្ត​អគ្គី​ស​នី​ស្លាប់​លើ​ទឹកដី​ថៃ បញ្ជូន​សព​ត្រឡប់​មក​ស្រុក​វិញ

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​ម្នាក់​ជួប​ឧប្បត្តិហេតុ​ឆក់​ចរន្ត​អគ្គី​ស​នី​ស្លាប់​នៅ​ខេត្ត​ឆាក់​ឆឺ​ន​សៅ​ប្រទេស​ថៃ​ហើយ​ភាគី​ថៃ​បាន​ជួយ​បញ្ជូន​សព​ត្រឡប់​មក​ប្រគល់​ឲ្យ​សាច់ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​កាលពី​វេលា​ម៉ោងជាង​៦​ល្ងាច ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៦​។ ជន​រង​គ្រោះ​ឈ្មោះ នួន ចាន់​រ៉ា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​ជា​កម្មករ​សំណង់​នៅ​ក្នុង​ខេត្ត​កើតហេតុ​និង​មាន​ទីលំនៅ​ភូមិ​និង​ឃុំ​សំបួរ ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ​។

តាម​សាច់ញាតិ​សព​ប្រាប់​មន្ត្រី​និង​សមត្ថកិច្ច​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ថា ជន​រង​គ្រោះ​បាន​ជួប​ឧប្បត្តិហេតុ​ខាងលើ​កាលពី​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៦ ដោយ​គិត​ថា​មិន​ទាន់​ស្លាប់​ក៏​នាំ​គ្នា​បញ្ជូន​ទៅ​មន្ទីរពេទ្យ​តែ​ការ​ពិត​ត្រូវ​ក្រុម​គ្រូពេទ្យ​ប្រាប់​ថា​ជន​រង​គ្រោះ​បាន​ស្លាប់​ទៅ​ហើយ​។ សាច់ញាតិ​សព​បន្ត​ថា​ករណី​ឆក់​ចរន្ត​អគ្គី​ស​នី​នេះ​គឺ​ខណៈ​ជន​រង​គ្រោះ​យក​ម៉ូ​ទ័​រ​ស្វាន​បំបែក​ថ្ម តែ​សង្ស័យ​ចំណុច​កុងតាក់​នោះ​មាន​ដាច់​ខ្សែ​ចរន្ត​ណាមួយ​ទើប​បង្ក​ឲ្យ​ឆក់​ជន​រង​គ្រោះ​តែ​ម្តង​។ សព​ក្រោយ​ពី​ភាគី​ថៃ​បញ្ជូន​មក​ដល់​មាត់ច្រក​ទ្វារ​អន្តរជាតិ​សាច់ញាតិ​បាន​ជួល​រថយន្ត​ដឹក​បន្ត​ទៅ​ស្រុក​កំណើត​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕