ជិះ​ម៉ូតូ​​​​​លឿន​ជ្រុល​ទៅ​បុក​ដើម​អាកាស្យា​ស្លាប់​ម្នាក់ ​និង​សន្លប់​​២​នាក់

ជិះ​ម៉ូតូ​​​​​លឿន​ជ្រុល​ទៅ​បុក​ដើម​អាកាស្យា​ស្លាប់​ម្នាក់ ​និង​សន្លប់​​២​នាក់



ព្រះវិហារ​ ៖ ​កម្មករ​ចំនួន​០៣​នាក់​ ស៊ីឈ្នួល​ឲ្យ​ថៅកែ​សិប្បកម្ម​កែច្នៃ​ឈើ​មួយ​កន្លែង​ បាន​ស្លាប់​បាត់​បង់ជីវិត​ម្នាក់​នៅ​នឹង​កន្លែង​កើតហេតុ​ និង​០២​នាក់​ទៀត​រង​របួស​ធ្ងន់ធ្ងរ​សន្លប់​ឈឹង ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​ខ្លួនឯង​ ខណៈ​ជិះ​ម៉ូតូ​គ្នា​០៣​នាក់​យ៉ាង​លឿន​ជ្រុល​ទៅ​បុក​ដើម​អាកាស្យា​តាម​ដង​ផ្លូវ​ជាតិ​លេខ​៦២។ មនុស្ស​០២​នាក់​ ដែល​រង​របួស​ធ្ងន់ធ្ងរ ​ត្រូវ​បាន​នគរបាល​ក្រុង​ព្រះវិហារ​ហៅ​រថយន្ត​សង្គ្រោះ​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះវិហារ​ដឹក​យក​ទៅ​សង្គ្រោះ​ព្យាបាល​ភ្លាមៗ​ផងដែរ។

សេចក្ដី​រាយការណ៍​ពី​សាក្សី​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា​ គ្រោះថ្នាក់​ចរាចរណ៍​អាក្រក់​នេះ​បណ្ដាល​មក​ពី​អ្នកបើកបរ​ម៉ូតូ​ បើក​ក្នុង​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន​ក្នុង​ស្ថានភាព​ស្រវឹង​ខ្លាំង​ ក៏​ជ្រុល​ទៅ​បុក​ដើមឈើ​តែ​ម្ដង។ ចំពោះ​ជនរងគ្រោះ​បាន​ស្លាប់​ភ្លាមៗ ដោយ​​មួក​សុវត្ថិភាព​បាន​របូត​ចេញពី​ក្បាល។

ហេតុការណ៍​​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​​ថ្ងៃ​ទី​១៥​ ខែ​ឧសភា ឆ្នាំ​​២០១៦​ នៅ​លើ​ផ្លូវ​កោង​ខ្លាំង ​ស្ថិត​នៅ​ចំណុច​អូរ​ពេន ​ភូមិ​ភារកិច្ច​ សង្កាត់​ប៉ាលហាល ​ក្រុង​ព្រះវិហារ។

លោក​តាំង ​ហាក់​ ប្រធាន​ការិយាល័យ​នគរបាល​ចរាចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះវិហារ​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​​១៥ ខែ​​ឧសភា ឆ្នាំ​​២០១៦​ថា ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ ​និង​២​នាក់​ទៀត​របួស​ធ្ងន់​ ដោយ​សង្ស័យ​ជនរងគ្រោះ​បើកបរ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ទៅ​បុក​ដើម​អាកាស្យា​នៅ​ខាងឆ្វេង​ដៃ។

លោក​គង់ គារ​ អធិការ​នគរបាល​ក្រុង​ព្រះវិហារ​បាន​ឲ្យ​ដឹង​ថា​ ជនរងគ្រោះ​ទាំង​០៣​នាក់​រួមមាន​ទី​១​.ឈ្មោះ​រើ​ន ​ភេទ​ប្រុស​ (ស្លាប់​) មាន​ស្រុកកំណើត​នៅ​​ភូមិ​ទួល​ដំណាក់​ ឃុំ​ចុង​ដូង ​ស្រុក​បារាយណ៍​ ខេត្ត​កំពង់ធំ​ ទី​២. ​ឈ្មោះ​សល់​ ភេទ​ប្រុស ​រង​របួស​ធ្ងន់ធ្ងរ​ មាន​ស្រុកកំណើត​នៅ​​ភូមិ​ខ្សាច់​ល្អិត​ ឃុំ​ចុង​ដូង​ ស្រុក​បារាយណ៍​ ខេត្ត​កំពង់ធំ។ ទី​៣​.ឈ្មោះ​ពៅ​ ភេទ​ប្រុស ​រង​របួស​ធ្ងន់ធ្ងរ​បាក់​ភ្លៅ​សងខាង មាន​​ស្រុកកំណើត​​នៅ​ភូមិ​ទួល​ដំណាក់​ ឃុំ​ចុង​ដូង​ ស្រុក​បារាយណ៍​ ខេត្ត​កំពង់ធំ។ជនរងគ្រោះ​ទាំង​០៣​នាក់​ជា​កម្មករ​សិប្បកម្ម​កែច្នៃ​ឈើ​ស្ថិតនៅ​ឃុំ​ពោធិ៍​ ស្រុក​ត្បែងមានជ័យ​ខេត្តព្រះវិហារ។

លោក​អធិការ​ក្រុង​ព្រះវិហារ​បញ្ជាក់​ថា ​ម៉ូតូ​រងគ្រោះ​ម៉ាក​សេ​១២៥​ស៊េរី​២០១៥​ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​កំពង់ធំ​១G៤៨២៩ ​រង​ការខូចខាត​បាក់បែក​យ៉ាង​ដំណំ​ ហើយ​នៅ​ថ្ងៃ​ដដែល​នេះ​ក្រុម​គ្រួសារ​បាន​មក​ទទួល​យក​សព​ជនរងគ្រោះ​ទៅ​ធ្វើ​បុណ្យ​​​តាម​ប្រពៃណី​នៅ​ឯ​ស្រុកកំណើត​រួចហើយ៕

ជិះ​ម៉ូតូ​​​​​លឿន​ជ្រុល​ទៅ​បុក​ដើម​អាកាស្យា​ស្លាប់​ម្នាក់ ​និង​សន្លប់​​២​នាក់

ជិះ​ម៉ូតូ​​​​​លឿន​ជ្រុល​ទៅ​បុក​ដើម​អាកាស្យា​ស្លាប់​ម្នាក់ ​និង​សន្លប់​​២​នាក់