គយចាត់ការតឹង លើឡានតូចដឹកគ្រឿងក្រអូប បុកឡានកុងត្រូលខ្លួន ពេលរត់គេចពន្ធ

បន្ទាយមានជ័យ:

មន្ត្រីគយនៅថ្ងៃទី១៥ឧសភា អះអាងថា ករណីទប់ស្កាត់បង្ក្រាបទំនិញរត់ពន្ធមួយ ដែលកើតប្រទូស្តរាយដោយរថយន្តតូច របស់អ្នកបើកបរនិងជាម្ចាស់ទំនិញ បានបុកគ្នានឹងរថយន្តតូច របស់កុងត្រូលគយចល័តកន្លងមកនោះ ត្រូវចាត់ការតឹង គ្មានការអនុគ្រោះទេព្រោះជនបង្កធ្លាប់ប្រព្រឹត្តខុស ធ្វើកិច្ចសន្យា ហើយលើកនេះបានប្រព្រឹត្តបទល្មើស២ក្នុងពេលតែមួយ។
   មន្ត្រីគយនិងប៉េអឺមអោយដឹងថ្ងៃទី១៥ឧសភាថា: កាលពីម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី១៣ឧសភាឆ្នាំ២០១៦ មានករណីតូយ៉ូតាកាមរីស្តាំពណ៍ទឹកប្រាក់ឆ្នាំ១៩៩៤ស្លាកលេខ សៀមរាប២A ៣៤៣៥ដឹកទំនិញគ្រឿងក្រអូបរត់ពន្ធ បើកបរដោយម្ចាស់ទំនិញសង្ស័យរត់ពន្ធ បានបើកបរពីទិសក្រុងប៉ោយប៉ែត ទៅក្រុងសិរីសោភ័ណ។
   លុះមកដល់ចំណុចលើផ្លូវជាតិលេខ៥ កែងផ្លូវ៥០ម៉ែត្រ ភូមិកូនដំរីសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ដោយឃើញកម្លាំងកងរាជអាវុធហត្ថនិងគយស្ទាក់នៅទីនោះ អ្នកបើកបរបានបត់ក្បាលឡានបម្រុងថយក្រោយ តែក៏ស្ទុះទៅបុកពេញទំហឹង នឹងរថយន្តតូចរបស់គយ និងប៉េអឹមបណ្តាលអោយរថយន្តដឹកទំនិញនោះ ខូចថ្ពាល់មុខខាងឆ្វេងយ៉ាងដំណំ។
   លោកអ៊ុន ឡៃ មេក្រុមគយចល័តនៃ ការិយាល័យគយនិងរដ្ឋាករច្រកទ្វារអន្តរជាតិប៉ោយប៉ែត (កុងត្រូលលើផ្លូវជាតិលេខ៥កែងផ្លូវ៥០ម៉ែត្រ)អោយដឹងថា :"ករណីនេះសង្ស័យជាអំពើរត់ពន្ធ។លុះអ្នកបើកបរនិងជាម្ចាស់រថយន្តបង្កប្រទូស្តរាយ បុកឡានសមត្ថកិច្ចដូច្នេះ ទើបបម្ថែមបន្ទុកថា ជននោះពិតជាដឹកទំនិញគ្រឿងក្រអូបរត់ពន្ធមែន"។
   មន្ត្រីរូបនេះអោយដឹងថា:ក្រោយកើតហេតុ កម្លាំងគយនិងប៉េអឹម បានចាប់ខ្លួនអ្នកបើកបរ និងជាម្ចាស់រថយន្តនោះ ហើយត្រូវបញ្ជូនអោយប៉េអឹមចាត់ការមនុស្សតាមនិតិវិធី។ ឯរថយន្តនិងទំនិញ ទុកអោយខាងគយចាត់ការ។
   លោកបន្តថា :ករណីនោះ មនុស្សក្នុងក្រុមដដែល ដែលធ្លាប់នាំគ្នាយករថយន្តតូចដឹកទំនិញ មកធ្វើបាតុកម្មប្រឆាំងគយចល័យ នៅកុងត្រូលផ្លូវជាតិលេខ៥កែងផ្លូវ៥០ម៉ែត្រនៅភូមិកូនដំរី សង្កាត់និមិត្តកាលពីថ្ងៃទី២៦មេសាឆ្នាំ២០១៦ ចំពេលសម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន អញ្ជើញសម្ពោធដាក់អោយប្រើប្រាសផ្លូវជាតលេខ៥៦នៅស្រុកថ្មពួកកន្លងមក។
  ដូច្នេះ ពួកគេមានចេតនាបង្កប្រទូស្តរាយនិងគេចវេះពន្ធគយ ហើយមិនសហការ មិនរាងចាលផងគឺសមត្ថកិច្ចមានតែចាត់ការតឹងតែងតាមច្បាប់គឺឃាត់ទំនិញ រថយន្តបង្ខំបង់ពន្ធ។ហើយកសាងសំណុំរឿងបញ្ជូនមនុស្សល្មើសទៅអោយតុលាការឃុំខ្លួន។
    ប៉ុន្តែប្រភពម្ចាស់រថយន្តនិងទំនិញខ្លះបង្ហើបថា :មន្ត្រីគយក៏គាបសង្កត់ កោសរូសនិងធ្វើទុក្ខខ្លាំងណាស់ ដល់អ្នករកស៊ីណាគ្មានខ្សែ។ ហេតុនេះបានជាមានចលនាតវ៉ាឡើង៕ 
គយចាត់ការតឹង លើឡានតូចដឹកគ្រឿងក្រអូប បុកឡានកុងត្រូលខ្លួន ពេលរត់គេចពន្ធ

គយចាត់ការតឹង លើឡានតូចដឹកគ្រឿងក្រអូប បុកឡានកុងត្រូលខ្លួន ពេលរត់គេចពន្ធ