​សិស្ស​ពូកែជាង ២០០នាក់​ប៉ុណ្ណោះ ដាក់​ពាក្យជា​គ្រូ​បង្រៀន​ក្នុង​ឆ្នាំ២០១៥

បើ​តាម​ប្រសាសន៍​ឯកឧត្ដម រស់ សាលីន នាយក​ខុទ្ទកាល័យ និង​អ្នកនាំពាក្យ​ក្រសួង​ អប់រំ យុវជន និង​កីឡា នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា កាល​ពី​ឆ្នាំ​២០១៥ ​មាន​តែសិស្សនិទ្ទេស B និង C ជាង​ ២០០នាក់​ប៉ុណ្ណោះ ដែល​បាន​មក​ដាក់ពាក្យ​ធ្វើ​ជា​គ្រូបង្រៀន ខណៈ​សិស្ស​និទ្ទេស A  មិន​មាន​ទេ ដោយ​ពួកគេ​បាន​​ជាប់​អាហារូបករណ៍​ នៅ​តាម​សាកលវិទ្យាល័យ​ក្នុង​​ស្រុក និង​បរទេស។

 

​សិស្ស​ពូកែជាង ២០០នាក់​ប៉ុណ្ណោះ ដាក់​ពាក្យជា​គ្រូ​បង្រៀន​ក្នុង​ឆ្នាំ២០១៥

 

ឯកឧត្ដម រស់ សាលីន ប្រាប់​ថា៖ “តាម​ដែល​ខ្ញុំ​ចាំ​ជាង ២០០ នាក់។ ​សិស្ស​ពូកែ​​ ​និទ្ទេស A និទ្ទេស B និទ្ទេស C មាន​មូលដ្ឋាន​​ក្នុង​ខ្លួន​ស្រាប់​។ អ៊ីចឹង​គាត់​អាច​ទៅ​សិក្សា​ក្លាយ​ជា​គ្រូ ហើយ​ផ្ដល់​ចំណេះ​ដឹង​ទៅ​វិញ​ រឹតតែ​ល្អ​”។

 

ការ​លើកឡើង​បែប​នេះ គ្មាន​​ន័យ​ថា សិស្ស​ជាប់​និទ្ទេស​ផ្សេងទៀត ​មិន​ល្អនោះ​​​ទេ។ កាល​ណា​ចូល​ក្នុង​មជ្ឈមណ្ឌល​ បណ្ដុះ​បណ្ដាល​​គ្រូ​ហើយ​នោះ ពួកគេនឹង​​ទទួល​បាន​ហ្វឹកហាត់ និង​ប្រកួតប្រជែង​ដូចគ្នា។

 

​អ្នកនាំពាក្យ​រូបនេះ​ថ្លែង​ថា៖ “…គឺ​ល្អ​ដូចគ្នា!  គ្រាន់​ថា​គាត់​មាន​និទ្ទេស A អ៊ីចឹង!​ គាត់​មាន​បទពិសោធន៍​បន្ថែម​ថា ធ្វើ​យ៉ាងម៉េច​​ដើម្បី​ឱ្យ​បាន​និទ្ទេស A …”។

 

លោក រស់ សាលីន បាន​​ឱ្យ​ដឹង​ថា ​ ឆ្នាំ​ ២០១៦ ក្រសួង​អប់រំនឹង​ស្នើ​ទៅ​រដ្ឋាភិបាល ​​​ឱ្យ​បន្ត​គោលការណ៍​នេះ ដើម្បីលើកទឹកចិត្ត​ដល់​សិស្ស​ពូកែ។ ​

 

សិស្ស​ជាប់​បាក់ឌុប និទ្ទេស A, B និង C ឆ្នាំ​សិក្សា ២០១៥-២០១៦ ត្រូវ​បាន​រដ្ឋាភិបាល​លើកទឹកចិត្ត តាម​រយៈ​ការ​ស្នើសុំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ឱ្យ​ពួកគេ​ចូល​គរុកោសល្យដោយ​ស្វ័យប្រវត្តិ។ យ៉ាងណាមិញ សម្រាប់សិស្ស​ប្រឡងជាប់​សញ្ញាប័ត្រ​ទុតិយភូមិ ​​និទ្ទេស A, B, C ដែល​មិន​បាន​ដាក់​ពាក្យ​​កាល​ពី​ឆ្នាំមុន ក្រសួង​នៅ​តែ​​ភ្លើងខៀវ​ បើ​សិន​ពួកគេ​ចាប់​អារម្មណ៍​ នឹង​អាជីព​ជាគ្រូបង្រៀន៕

 

អាន៖ សួរ​ខ្លួន​ឯង​ ៣សំណួរ​នេះ បើ​ចង់​ជោគជ័យ​ក្នុង​ការសិក្សា

អាន៖ ចំណាយ ៦០ម៉ឺន​ដុល្លារ ​លើ​គម្រោង១ ក្នុង​ពន្ធនាគារ​កម្ពុជា

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ