ផ្អើល​ទាំង​ព្រឹក ប្រទះ​ឃើញ​សព​ជាងឈើ​ម្នាក់

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជាងឈើ​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ផ្កាប់មុខ​នៅ​កៀន​របង​ក្នុង​ដី​ឡូត៍​មួយ​កន្លែង​ក្នុងភូមិ​ដី​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៦ ដែល​ការ​ស្លាប់​នេះ គេ​ដាក់​ការ​សង្ស័យ​ថា អាច​ជា​ការ​លោត​សម្លាប់​ខ្លួន ឬ​ក៏​ធ្លាក់​ពី​ជាន់​ទី​២ ។

ជន​រង​គ្រោះ​ឈ្មោះ ជា ខាំ​ប៉ូច អាយុ​២២​ឆ្នាំ រស់នៅ​តុ​ក​រ៉ុ​ក ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។

ប្រភព​ពី​ជាងឈើ​ដូច​គ្នា​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៤​ល្ងាចម្សិលមិញ ជន​រង​គ្រោះ​និង​ជាង​កម្មករ​មួយ​ចំនួន​បាន​នាំ​គ្នា​ផឹកស៊ី​នៅ​ក្នុង​ដី​ឡូត៍​ខាងលើ នៅ​នៅ​វេលា​ម៉ោង​៦-៧​ព្រលប់​ក៏​បែកផ្លូវ​គ្នា​ទៅ​ដេក​រៀង​ៗ​ខ្លួន​ទៅ ។ ស្រាប់តែ​ព្រឹក​ឡើង​ក៏​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ស្លាប់​នៅ​ក្បែរ​របង​តែ​ម្តង ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​ផឹកស៊ី​ជន​រង​គ្រោះ​បាន​សម្តែង​ការ​សោកសៅ​ដោយសារ​តែ​មិត្តភក្តិ​ម្នាក់​នៅ​ឯក​ស្រុក​កំណើត​បាន​ស្លាប់​ដោយសារ​លង់ទឹក ។

ក្រោយ​ពេល​កើតហេតុ គេ​ប្រទះ​ឃើញ​ស្បែកជើង និង​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ​នៅ​ជាន់​ទី​២​នៃ​វីឡា​ក្នុង​ដី​ឡូត៍​ខាងលើ​ផង​ដែរ ៕