កោះ​តៃវ៉ាន់​ត្រៀមលក្ខណៈ​រួចជាស្រេច​សម្រាប់​ការ​មក​ដល់​សារជាថ្មី​នៃ​ចារកម្ម​ពី​ចិន​ដី​គោក

គណបក្សដែលនឹងចូលកាន់អំណាចនៅកោះតៃវ៉ាន់កំពុងតែបង្ហាញពីគោលបំណងរបស់ខ្លួននៅក្នុងការចាត់វិធានការតឹងរ៉ឹងទៅលើបទចារកម្មដោយប្រទេសចិន នៅស្របពេលដែលទំនាក់ទំនងឆ្លងច្រកសមុទ្ររវាងកោះតៃវ៉ាន់ និងប្រទេសចិនបានចុះដុនដាប ហើយកំណើនការប៉ះទង្គិចគ្នារវាងភាគីទាំងពីរបានធ្វើឲ្យការធ្វើចារកម្មមានលក្ខណៈងាយស្រួលជាងមុន។

តៃប៉ិ — រដ្ឋាភិបាលគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (Democratic Progressive Party) របស់ប្រធានាធិបតីដែលទើបនឹងជាប់ឆ្នោតលោកស្រី Tsai Ing-Wen មានគោលបំណងបង្កើនកញ្ចប់ថវិកាយោធា ហើយក្រុមអ្នកជំនាញបាននិយាយថា រដ្ឋាភិបាលលោកស្រី Tsai ប្រហែលបង្កើតនូវអង្គភាពត្រួតពិនិត្យចារកម្មតាមប្រព័ន្ធអ៊ីនធឺណិតបន្ថែមនៅក្នុងក្រសួងការពារជាតិ។ សភា ដែលត្រូវបានគ្រប់គ្រងដោយគណបក្សមួយនេះ មានគោលដៅក្នុងការអនុម័តនូវសេចក្តីព្រាងច្បាប់មួយនៅចុងឆ្នាំនេះ ដែលនឹងកាត់បន្ថយប្រាក់ចូលនិវត្តន៍សម្រាប់អតីតយោធាកោះតៃវ៉ាន់ ដែលធ្វើចារកម្មឲ្យប្រទេសចិន។ការសិក្សាវិភាគបាននិយាយថា ករណីចារកម្ម ដែលបានធ្វើឲ្យកោះតៃវ៉ាន់មានភាពអាម៉ាស់នៅក្នុងខែវិច្ឆិកាហើយសារជាថ្មីនៅចុងខែមេសា មានទំនោរនឹងកើនឡើងដោយសារតែប្រទេសចិនមានកង្វះខាតបណ្តាញផ្នែកច្បាប់ ដើម្បីយល់ដឹងពីរដ្ឋាភិបាលថ្មីនៅកោះតៃវ៉ាន់ បន្ទាប់ពីថ្ងៃទី២០ ខែឧសភា នៅពេលដែលលោកស្រី Tsai ចូលកាន់អំណាច។

កោះ​តៃវ៉ាន់​ត្រៀមលក្ខណៈ​រួចជាស្រេច​សម្រាប់​ការ​មក​ដល់​សារជាថ្មី​នៃ​ចារកម្ម​ពី​ចិន​ដី​គោក

ឆ្មាំល្បាតកិត្តិយសធ្វើការសម្តែងនៅខាងមុខក្រុមអ្នកទេសចរមកពីប្រទេសចិននៅកន្លែងរំឮកវិញ្ញាណក្ខន្ធលោក Sun Yat-sen នៅក្រុងតៃប៉ិ។

លោកស្រី និងរដ្ឋាភិបាលក្រុងប៉េកាំងមិនបានព្រមព្រៀងទៅលើលក្ខខណ្ឌដើម្បីរក្សាកិច្ចពិភាក្សាមិត្តភាព ដែលភាគីទាំងពីរបានធ្វើឡើងចាប់តាំងពីឆ្នាំ២០០៨ នៅក្រោមអាណត្តិរបស់ប្រធានាធិបតីលោក Ma Ying-jeou។

គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ «មានការព្រួយបារម្ភយ៉ាងខ្លាំង» ចំពោះការធ្វើចារកម្មដោយប្រទេសចិន នេះបើយោងទៅតាមលោក William Sharp ដែលជាបញ្ញវ័ន្តចុះទស្សនកិច្ចសិក្សានៅវិទ្យាស្ថាន Academica Sinica នៅក្រុងតៃប៉ិ និងជាអ្នកដឹកនាំការស្រាវជ្រាវនាពេលថ្មីៗទៅលើការធ្វើចារកម្ម។

លោក Sharp បានមានប្រសាសន៍ថា «ខ្ញុំច្បាស់ថា ការធ្វើចារកម្មនេះនឹងបន្តកើតមានឡើង។ ចិនដីគោកនឹងមិនបញ្ឈប់វាទេ។ ជនទាំងនោះមានការប្តេជ្ញាយ៉ាងខ្លាំង ហើយពួកគេក៏មានគំនិតឆ្លាតវៃផងដែរនៅក្នុងការធ្វើការងារនោះ»។

ប្រទេសចិន និងកោះតៃវ៉ាន់ត្រូវបានគ្រប់គ្រងដាច់ដោយឡែកពីគ្នាចាប់តាំងពីសង្រ្គាមស៊ីវិលនៅប្រទេសចិនក្នុងទសវត្សរ៍ឆ្នាំ ១៩៤០។ ប្រទេសចិនបានទាមទារបូរណភាពទឹកដីលើកោះតៃវ៉ាន់ ហើយទទូចចង់ឲ្យមានការរួបរួម។ ប្រទេសចិនក៏បានទាមទារថា ភាគីទាំងពីរត្រូវមើលខ្លួនឯងជាផ្នែកនៃប្រទេសចិនតែមួយ មុនពេលធ្វើកិច្ចពិភាក្សាអ្វីក៏ដោយ។ ប៉ុន្តែលោកស្រី Tsai ចង់ឲ្យកោះតៃវ៉ាន់ពង្រឹងស្វ័យភាពរបស់ខ្លួន ជាជាងងាកកាន់តែជិតទៅរកប្រទេសចិន។

លោក Sharp បានបន្តថា ក្រុមអ្នកវិភាគមានជំនឿថា នៅក្នុងរយៈពេលប្រាំមួយឆ្នាំកន្លងមកនេះ ទោះបីជាមានទំនាក់ទំនងមិត្តភាពជាមួយនឹងប្រទេសចិនក្តី កោះតៃវ៉ាន់បានជីកកកាយយ៉ាងហោចណាស់ ៣៣ករណី។ ករណីទាំងនោះពាក់ព័ន្ធនឹងប្រជាជនរស់នៅលើកោះ ដែលបានលក់ព័ត៌មានដែលងាយនឹងរងការប៉ះពាល់ពាក់ព័ន្ធនឹងវិស័យការពារជាតិ។ ករណីមួយចំនួនពាក់ព័ន្ធនឹងការយកស្រ្តី និងលុយជាមធ្យោបាយទាក់ទាញ។

ករណីចារកម្មចំនួនបីបានលេចឡើងនៅក្នុងខែវិច្ឆិកា នៅពេលដែលកោះតៃវ៉ាន់បាននិយាយថា ប្រទេសចិនបានបញ្ជូនមកវិញអតីតវរសេនីយឯកចំនួនពីរនាក់ ដែលធ្វើការឲ្យការិយាល័យចារកម្មរបស់យោធានៅកោះតៃវ៉ាន់។ អតីតវរសេនីយឯកទាំងនោះត្រូវបានចាប់ខ្លួនពីការធ្វើចារកម្មនៅក្នុងឆ្នាំ ២០០៦។ នៅអំឡុងពេលដូចគ្នានេះដែរ កោះតៃវ៉ាន់បានបញ្ជូនលោក Li Zhihao ដែលបណ្តាញផ្សព្វផ្សាយនៅកោះតៃវ៉ាន់បានហៅថា «ចារកសម្ងាត់» របស់ចិនត្រលប់ទៅប្រទេសកំណើតវិញ។ នាពេលនោះ លោក Li កំពុងជាប់ទោសមួយជីវិតនៅកោះតៃវ៉ាន់។

ការដោះលែងជនពាក់ព័ន្ធនឹងករណីចារកម្មខាងលើត្រូវបានធ្វើឡើងមុនកិច្ចប្រជុំកំពូលដំបូងរវាងប្រធានាធិបតីនៃភាគីទាំងពីរ។

នៅថ្ងៃទី២៧ ខែមេសា តុលាការកំពូលរបស់កោះតៃវ៉ាន់បានតម្កល់ទោសជាប់ពន្ធនាគារបួនឆ្នាំទៅលើឈ្មោះ Zhen Xiaojiang ដែលជាអតីតប្រធានក្រុមកងទ័ពរំដោះប្រជាជនចិន ដែលបណ្តាញផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា បានមកដល់កោះតៃវ៉ាន់ជាអ្នកទេសចរ ហើយបន្ទាប់មកបានប្រមែប្រមូលយោធាចូលនិវត្តន៍ដើម្បីធ្វើចារកម្ម។

ការចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងលើការធ្វើដំណើរឆ្លងកាត់ ពាណិជ្ជកម្ម និងវិនិយោគទុនជាមួយប្រទេសចិននៅក្រោមរដ្ឋាភិបាលលោក Ma Ying Jeou បានបង្កើនទំនាក់ទំនងរវាងភាគីទាំងពីរ ដោយបានពង្រីកចំនួនមនុស្ស ដែលប្រទេសចិនអាចជ្រើសទិញយក ឬលក់អាថ៌កំបាំងឲ្យ។ អ្នកទេសចរណ៍ចិនបានធ្វើដំណើរទេសចរណ៍ទៅកោះតៃវ៉ាន់ ៣.៤ លានដងកាលពីឆ្នាំមុន។

លោក Alexander Huang សាស្រ្តាចារ្យផ្នែកសិក្សាយុទ្ធសាស្រ្តនៅមហាវិទ្យាល័យ Tamkang នៅកោះតៃវ៉ាន់បាននិយាយថា «វានឹងមានការលំបាកសម្រាប់ទីភ្នាក់ងារផ្សេងៗនៅក្នុងការកំណត់យកនូវរាល់តម្រុយ ហើយព្យាយាមទម្លាយតម្រុយទាំងនោះ។ កម្លាំងមនុស្សរបស់យើងនៅមានកម្រិត ហើយចំនួននៃអ្នកធ្វើដំណើរចេញចូលបានកើនឡើង»។

មនុស្សមួយចំនួនមានការព្រួយបារម្ភថា នៅក្រោមរដ្ឋាភិបាលថ្មី រដ្ឋាភិបាលក្រុងប៉េកាំងនឹងចាត់ទីដៅលើជនដែលមកពីមកគណបក្សជាតិនិយម (Nationalist Party) ដែលគណបក្សនេះនឹងចាកចេញពីការគ្រប់គ្រងប្រទេស ដោយសារតែជនទាំងនោះមានព័ត៌មានថ្មីអំពីសកម្មភាពយោធា។

លោកស្រី Tsai បាននិយាយថា លោកស្រីនឹងបង្កើតកញ្ចប់ថវិកាយោធាពី ២.២ ទៅ៣ភាគរយនៃផលិតផលក្នុងស្រុករបស់កោះតៃវ៉ាន់ ដែលរដ្ឋាភិបាលបានប៉ាន់ប្រមាណថា មានចំនួន ៥៣២ ពាន់លានដុល្លារនាឆ្នាំនេះ។ មួយចំនួននៃថវិកានោះប្រហែលនឹងត្រូវប្រើសម្រាប់បង្កើតអង្គភាពមួយដើម្បីប្រយុទ្ធប្រឆាំងនឹងចារកម្មតាមប្រព័ន្ធអ៊ីនធឺណិត ដែលអាចជាអង្គភាពថ្មីមួយក្នុងការទប់ទល់នឹងកិច្ចប្រឹងប្រែងរបស់ប្រទេសចិន។

ប្រធានផ្នែកស៊ើបការសម្ងាត់របស់អាមេរិកបាននិយាយកាលពីដើមឆ្នាំនេះថា ប្រទេសចិនធ្លាប់បានប្រើការស៊ើបអង្កេតតាមប្រព័ន្ធអ៊ីនធឺណិតប្រឆាំងនឹងសហរដ្ឋអាមេរិករួចហើយ។

លោកស្រី Huang បានថ្លែងថា រដ្ឋាភិបាលថ្មីនៅកោះតៃវ៉ាន់នឹងពង្រឹងការទប់ទល់នឹងការធ្វើចារកម្មតាមប្រព័ន្ធអ៊ីនធឺណិត ដោយលោកស្រីបានបន្ថែមថា ឯកសារពីមជ្ឈមណ្ឌលរបស់លោកស្រីបង្ហាញពីផែនការនៅក្នុងការបង្កើតនូវ «បញ្ជាការតាមប្រព័ន្ធអ៊ីនធឺណិត» នៅក្រោមការគ្រប់គ្រងរបស់ក្រសួងការពារជាតិ។

សមាជិកនីតិពន្ធជាង ២០នាក់មកពីគណបក្សលោកស្រី Tsai កំពុងតែជំរុញឲ្យមានការអនុម័តនូវសេចក្តីព្រាងច្បាប់មួយ ដែលនឹងកាត់បន្ថយប្រាក់ចូលនិវត្តន៍របស់មន្រ្តីយោធាចូលនិវត្តន៍ ដែលជាប់ចោតពីបទចារកម្ម។

សេចក្តីព្រាងច្បាប់នោះត្រូវបានរំពឹងថា នឹងត្រូវអនុម័តនៅចុងឆ្នាំ២០១៦ នេះបើយោងទៅតាមលោក Chan Shou-chung ប្រធានការិយាល័យអ្នកជ្រោមជ្រែងទៅលើសេចក្តីព្រាងច្បាប់ លោក Cheng Yun-peng ដែលជាសមាជិកសភាមកពីគណបក្សកាន់អំណាច។ លោក Chan បាននិយាយថា លោក Cheng មានការព្រួយបារម្ភថា ករណីចារកម្មនឹងកើនឡើង បន្ទាប់ពីលោកស្រី Tsai ចូលកាន់តំណែង ហើយលោកគិតថាច្បាប់នាពេលបច្ចុប្បន្នមិនទាន់មានលក្ខណៈធ្ងន់ធ្ងរគ្រប់គ្រាន់ដើម្បីបំបិទការធ្វើចារកម្មនៅឡើយទេ។

លោក Chan មានប្រសាសន៍ថា មន្រ្តីយោធាចូលនិវត្តន៍ត្រូវបានចាត់ទុកថា មានទំនោរខ្លាំងនៅក្នុងការធ្វើជាចារក ដោយសារតែពួកគេធ្លាប់បានដឹងពីអាថ៌កំបាំងនៅពេលពួកគេកំពុងបំពេញការងារ។

សមាជិកសភាគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ លោក Lo Chih-cheng បាននិយាយថា «ការចូលលុកលុយដោយប្រទេសចិននៅកោះតៃវ៉ាន់កំពុងតែមានភាពកាន់តែខ្លាំងក្លា ហើយនៅពេលខ្លះ កាន់តែធំទូលាយ ជាពិសេសនៅក្នុងវិស័យយោធានៅកោះតៃវ៉ាន់។ ដូចនេះ យើងត្រូវការយន្តការមួយដើម្បីទប់ទល់នឹងសកម្មភាពចារកម្មបែបនេះ»។

លោកបានបន្តថា «កាលពីមុន ឧត្តមសេនីយ៍ ឬ មន្រ្តីយោធាដែលចូលនិវត្តន៍ នៅពេលដែលពួកគេត្រូវបានចាប់ខ្លួនពីបទចារកម្ម ហើយសូម្បីតែពួកគេជាប់ពន្ធនាគារក្តី ពួកគេនៅតែទទួលបានប្រាក់ចូលនិវត្តន៍»៕

ប្រភពៈ VOA