ហេតុផល​សុខភាព ដែល​អ្នកគួ​រញ៉ាំ​ត្រ​ប់វែង ឲ្យបាន​ច្រើន​

ហេតុផល​សុខភាព ដែល​អ្នកគួ​រញ៉ាំ​ត្រ​ប់វែង ឲ្យបាន​ច្រើន​

​ត្រប់​វែង គឺជា​បន្លែ​មួយ​ប្រភេទ ដែល​មាន​សាច់ និង​រសជាតិ​ប្លែក​គេ​មួយ ហើយ​អាច​រក​ទិញ​បាន នៅលើ​ទីផ្សារ​គ្រប់​រដូវ​កាល​តែម្តង​។ នៅពេល​យើង​និយាយ​ពី​ត្រប់​វែង គេ​តែងដឹងថា​វា​មាន​ពណ៌​ស្វាយ វែង និង​អាច​មាន​ទំហំ​តូច​ផងដែរ​។ មិន​ខ្វល់​ថា​វា​មាន​រូបរាង ឬ​ពណ៌​បែបណា​នោះ​ទេ ត្រប់វែង​ទាំងអស់ សុទ្ធតែ​មាន​ជីវជាតិ​ដ៏​មាន​ប្រយោជន៍ សម្រាប់​សុខភាព​មនុស្ស​យើង​។

បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​ក្នុងឈាម​
ត្រប់​វែង ផ្ទុក​ទៅ​ដោយ​សារធាតុ Chlorogenic Acid ដ៏​ពិសេស​មួយ ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ្នកប្រឆាំង នឹង​រ៉ាឌីកាល់​សេរី​ដ៏​អស្ចារ្យ​បំផុត ក្នុង​រុក្ខជាតិ​លើ​លោក​នេះ​។ សារធាតុ​មួយ​នេះ ក៏​ត្រូវបាន​គេ​ស្គាល់​ទៀតថា អាច​កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ និង​ដើរ​តួនាទី​ជា​ថ្នាំ​ប្រឆាំង​នឹង​វីរុស មហារីក និង​មេរោគ​ផ្សេងៗ​ទៀត​ផង​ដែរ​។

អាហារ​ខួរក្បាល​
សំបក​ត្រប់វែង​មាន​សារធាតុ Nasunin ដែលជា Anthocyanin និង​ត្រូវបាន​គេ​ស្គាល់​ថា ជា​អង់​ទី​អុក​ស៊ីដង់ដ៏​ខ្លាំង​មួយ សម្រាប់​ការពារ​ភ្នាស់​ខ្លាញ់​របស់​កោសិកា ក្នុង​កោសិកា​ខួរក្បាល ពី​ការខូចខាត​របស់​រ៉ាឌីកាល់​សេរី​។

ការសិក្សា​បាន​បង្ហាញថា Anthocyanins ចូលរួម​ក្នុង​លំហូរ​ឈាម ទៅ​ក្នុង​ខួរក្បាល និង​ទប់ស្កាត់ ការ​រលាក​សរសៃប្រសាទ​។ វា​ក៏​ជួយ​ក្នុង​ការបង្ការ ជំងឺ​ផ្លូវចិត្ត​ដែល​ទាក់ទង​នឹង​អាយុ និង​ពង្រឹង​ដល់​ការចងចាំ​ផងដែរ​។

មហារីក​
ត្រប់វែង​មាន​សារធាតុ Polyphenols ដែល​ត្រូវបាន​គេ​រកឃើញ​ថា មាន​ប្រសិទ្ធ​ប្រឆាំង​នឹង​មហារីក​។ សារធាតុ Chlorogenic Acid និង Anthocyanin ធ្វើការ​ជា​សារធាតុ​ប្រឆាំងនឹង​ការ​រលាក និង​អង់​ទី​អុក​ស៊ីដង់​។

វា​ជួយ​ការពារ​កោសិកា​រាងកាយ ពី​ការបំផ្លាញ​របស់​រ៉ាឌីកាល់​សេរី បង្ការ​ការលូតលាស់​ដុំ​សាច់​មហារីក និង​កោសិកា​មហារីក​រាលដាល​។ វា​ក៏​ជំរុញ​ដល់​ការស្លាប់ របស់​កោសិកា​មហារីក និង​ភ្ញោ​ចដ​ល់​ការ​ច្រោះ​ជាតិពុល​ផងដែរ​។

ទឹកនោម​ផ្អែម​
ត្រប់​វែង ត្រូវបាន​គេ​ប្រើប្រាស់​សម្រាប់​គ្រប់គ្រង​ជំងឺ​ទឹកនោម​ផ្អែម​។ ការសិក្សា​ជា​ច្រើន ក៏​បាន​គាំទ្រ​លើ​មុខងារ​មួយ​នេះ​ដែរ ដោយសារ​តែ​វា​មាន​កាបូ​អ៊ី​ដ្រាត​ទាប និង​ជាតិ​សរសៃ​ខ្ពស់​តែម្តង​។

សុខភាព​បេះដូង​
ត្រប់វែង​មាន​ជាតិ​ប៉ូ​តា​ស្យូម សរសៃ វីតាមីន B6 វីតាមីន C និង Phytonutrients ដែល​សុទ្ធសឹងតែ​ជួយ​ទ្រទ្រង់ ដល់​សុខភាព​បេះដូង​ទាំងអស់​។ ការ​ញ៉ាំ​អាហារ​សម្បូរ​សារធាតុ Flavonoids ឃើញថា ជួយ​កាត់បន្ថយ​ការកើត ជំងឺ​បេះដូង​បាន​យ៉ាង​ល្អ ហើយ​ត្រប់វែង គឺ​សំបូរ​សារធាតុ​នេះ​រួចទៅហើយ​។

គ្រប់គ្រង​ទម្ងន់​
របប​អាហារ​មាន​ជាតិ​សរសៃ គឺជា​កត្តា​ដ៏​សំខាន់​ក្នុង​ការ​សម្រក​ទម្ងន់ និង​គ្រប់គ្រង​ទម្ងន់ តាមរយៈ​ការបំពេញ​មុខងារ​ជា ជួយ​ឲ្យ​លាមក​ហាប់ ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​។ សារធាតុ​ជាច្រើន​នឹង​ជួយ​កាត់បន្ថយ​ការ​ឃ្លាន​អាហារ និង​បង្កើន​ការ​ឆ្អែត ដូច្នេះ អ្នក​ពិតជា​មិន​ចង់​ញ៉ាំ​អាហារ​ទៀតឡើយ ព្រោះ​ញ៉ាំ​ឆាប់​ឆ្អែត​។ ណាមួយ ត្រប់វែង​មាន​កាឡូរី​ទាប ដែល​ជា​ផ្នែក​មួយ​ដ៏​អស្ចារ្យ​សម្រាប់​សុខភាព​ល្អ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី16 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។