វង្វេង​ដើរ​ចូល​ចម្ការ​មីន​ផ្ទុះ​ដាច់​ជើង ខ្លះ​ភ័យ​ឡើងដើមឈើ ខ្លះ​លែង​ហ៊ាន​កំរើក

វង្វេង​ដើរ​ចូល​ចម្ការ​មីន​ផ្ទុះ​ដាច់​ជើង ខ្លះ​ភ័យ​ឡើងដើមឈើ ខ្លះ​លែង​ហ៊ាន​កំរើក



ខេត្តបន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​យើង​ម្នាក់​ជាន់​មីន​ផ្ទុះ​ដាច់​ជើង​ម្ខាង ៩​នាក់​ផ្សេង​ទៀត​ព្រលឹង​ចុង​សក់​ខ្លះ​ស្រវា​ឡើងដើមឈើ ខ្លះ​អង្គុយ ខ្លះ​ឈរ​លែង​ហ៊ាន​កំរើក ចង់​អ្នក​ណា​ប្រកាច់​បែបណា​ក៏​ដោយ ។ ហេតុការណ៍​នេះ បាន​កើតឡើង​បន្ទាប់​ពី​ពួក​គេ​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​វិញ ហើយ​បាន​ដើរ​វង្វេងព្រៃ​ចូល​ចំ​ចម្ការ​មីន​ក្នុង​តំបន់​ខ្សែបន្ទាត់​ព្រំដែន ​កម្ពុជា​-​ថៃ​ទល់មុខ​ភូមិ​ព្រៃ​គប់ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​រសៀល​ថ្ងៃ​ទី​១៤ ឧសភា ។

ពលករ​រួម​ដំណើរ​ជាមួយ​ជន​រង​គ្រោះ​៩​នាក់​ផ្សេង​ទៀត មាន​កុមារ​រា​ម្នាក់ និង​ស្ត្រី​ម្នាក់ ហើយ​ពួក​គាត់​អះអាង​ថា មក​ពី​ភូមិ​ឃុំ​ស្រុក​ជាមួយ​គ្នា ។
ឈ្មោះ ឡ​ម ឡេះ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ប្រាប់​ថា ពួក​គាត់​ជា​ពលករ​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​វិញ ហើយ​ក៏​វង្វេងផ្លូវ​ដើរ​ចូល​ព្រៃ​។ លុះ​ផ្ទុះ​មីន​កក្រើក​ដី​របួស​គ្នា​គាត់​ម្នាក់ ទើប​ដឹង​ថា​ទីនោះ​មាន​មីន ។

លោក កែវ បូ​រ៉ា មេ​ប៉ុស្តិ៍​ព្រៃ​គប់​នៃ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ ប្រាប់​ឲ្យដឹងថា មីន​ដែល​ផ្ទុះ​បង្ក​របួស​ដល់​ជន​រង​គ្រោះ​ខាងលើ​ជា​ប្រភេទ K58 ផលិត​នៅ​ប្រទេស​សូ​វៀត ហើយ​ថា ជា​មីន​បន្សល់​ពី​សម័យ​សង្គ្រាម​ក្នុង​ទស​វត្ស​ទី​៨០ ។

លោកនាយ​ប៉ុស្តិ៍​ព្រៃ​គប់​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ បន្តថា លោកបាន​ដឹកនាំ​កម្លាំង​ដោះ​មីន​ចូល​ទៅ​យក​ជន​រង​គ្រោះ ដោយ​ចំណាយពេល​ជាង​២​ម៉ោង ទើប​យក​បាន ព្រោះ​សមត្ថកិច្ច​ត្រូវការ​ពេលវេលា​ចូក​កាយ​ដី ដើម្បី​បើកផ្លូវ រយៈ​ចម្ងាយ​ឆ្ងាយ​ប្រហែល​៣០០​ម៉ែត្រ ពី​ចំណុច​ឈរជើង ព្រោះ​ទីនោះ​ជា​ចម្ការ​មីន​ព្រំដែន ។

យោង​សំដី​លោក កែវ បូ​រ៉ា ប្រាប់ឲ្យដឹង​ទៀតថា នៅ​កន្លែង​កើតហេតុ​ជន​រង​គ្រោះ ដេក​ដួល​លើ​ដី​ឯ​ពលករ​ដ៏​ទៃ​ផ្សេង​ទៀត ខ្លះ​ឡើងដើមឈើ​រយីងរយោង ព្រោះ​ខ្លាច​គ្រាប់​មីន និង​អ្នកខ្លះ​អង្គុយ​ស្ងៀម​មួយ​កន្លែង​អត់​ហ៊ាន​កំរើក ។ លោក​មេ​ប៉ុស្តិ៍​រូប​នេះ​មុន​ពេល​ទៅ​ដល់​កន្លែង​កើតហេតុ លោក​និង​ក្រុមការងារ​ចំណាយពេល​ចូក​កាយ​ដី ដើម្បី​បើកផ្លូវ​ទៅ​យក​ជន​រង​គ្រោះ ត្រូវ​ប្រើ​ពេល​ជាង​២​ម៉ោង ទើប​យក​ជន​រង​គ្រោះ​ចេញពី​កណ្តាល​ព្រៃ​ចម្ការ​មីន​នោះ​បាន ។

ជន​រង​ គ្រោះ​ឈ្មោះ ជ្រក់ សែត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​អ្នក​ភូមិ​គោក​កក់ ឃុំ​ស្វាយចេក ស្រុក​អង្គរជុំ ខេត្តសៀមរាប ។ ជន​រង​គ្រោះ​រង​របួស​ដាច់​ជើង​ខាងស្តាំ និង​របួស​ដងខ្លួន​ដោយ​អន្លើ​បាន​ស្រែក​ដង្ហោយ​រក​ការ​សង្គ្រោះ​ក្នុង​ព្រៃ បន្ទាប់​ពី​ស្ងាត់​ស្នូរ​សំឡេង​ផ្ទុះ​រួច​មក ។

លោក សូរ ចាន់​ណា​រី មេបញ្ជាការ​នគរបាល​ការពារ​ព្រំដែន​គោក វរ​សេនា​តូច​លេខ​៩១១ បាន​អន្តរាគមន៍​សុំ​រថយន្ត​សង្គ្រោះ​របស់​អង្គការ​កា​ម៉ា CAMA និង​រូប​លោក​ផ្ទាល់​បាន​ទៅ​ទទួល​ជន​រង​គ្រោះ​ដល់​ព្រៃ​ចម្ការ​មីន​នោះ​ដឹក​ ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ។ លោក​មេបញ្ជាការ​បាន​ជួយ​ជា​ថវិការ​ចំនួន​៤០​ម៉ឺន​រៀល ដល់​ជន​រង​គ្រោះ​ផង​ដែរ