Barcelona បាន​ការ​ពារ​ពាន La Liga ជោគ​ជ័យ ក្រោយ​ផ្តួល Granada

ក្រុម Barcelona បាន​ការ​ពារ​ពានក្រប​ខ័ណ្ឌ​លីក​អេ​ស្ប៉ាញ យ៉ាង​ជោគ​ជ័យ​​កាលពី​ថ្ងៃ​សៅរ៍ ជាមួយ​នឹង​ជ័យ​ជម្នះ​ក្នុង​លទ្ធ​ផល ៣-០ នៅ​លើ​ទឹក​ដីក្រុម Granada ក្រោយ​ពី​ខ្សែ​ប្រយុទ្ធ Luis Suarez បាន​រកគ្រាប់​បាល់​បញ្ចូល​ទី​បីគ្រាប់​។
barca

Barca បាន​បញ្ចប់​ដោយ​រក​បាន​៩១​ពិន្ទុ ពោល​គឺ​នាំ​មុខ​​១ពិន្ទុ​ពី​​លើក្រុម Real Madrid ដែល​បាន​ដាក់​សម្ពាធ​ទៅលើ​ក្រុម Barcelona ជា​មួយនឹង​ការ​ទទួល​ជ័យ​ជម្នះ ២-០ នៅលើ​ទឹក​ដីក្រុម Deportivo La Coruna ដែល​ជា​ជ័យ​ជម្នះ​ក្នុង​ការ​ប្រកួតលីក​ជា​លើក​ទី​១២​ជាប់​ៗ​គ្នា​របស់​ពួក​គេ​។ ជ័យ​ជម្នះ​នៅ​លើ​ទឹក​ដីក្រុម Granada បាន​ធ្វើ​ឲ្យ​ក្រុម Barcelona ឈ្នះ​ពាន​លីក​​ជា​លើក​ទី​៨​ក្នុង​រយៈ​ពេល​​១២​រដូវកាល ដែល​ជា​កំណត់​ត្រា​ដ៏ល្អ​បំផុត​ក្នុង​ប្រវត្តិ​​សាស្ត្រ​របស់​​ក្លិប​ និង​ជា​លើក​ទី​​​៣​ក្នុង​រយៈ​ពេល​បួន​ឆ្នាំ​។ វាជា​ការ​ទទួល​ជ័យ​ជម្នះ​ជា​លើក​ទី​៥​ជាប់​ៗ​គ្នា​របស់​ពួក​គេ ដើម្បី​​​រក្សា​​ការ​ធ្វើ​ឲ្យ​ក្រុម Real Madrid នៅ​តែ​ដេញ​តាមពី​ក្រោយ​។ Suarez បាន​ជួយ​ឲ្យ Barca មាន​គ្រាប់​បាល់​នាំ​មុខនៅ​នាទី ទី​២២ តាម​រយៈ​ការ​​ស៊ុត​បាល់​បំ​ប៉ោង​សំណាញ់​ទីយ៉ាងល្អ​ពី​ការ​បញ្ជូន​របស់ Jordi Alba បន្ទាប់​មក បាន​ជួយ​ឲ្យ​ក្រុម​​ខ្លួន​នាំ​មុខ ២-០ ក្នុង​រយៈ​ពេល​១៦​នាទី​ក្រោយ​មក នៅមុនពេល​បំពេញ​ការ​រក​គ្រាប់​បាល់​ទី​​បី​របស់​គេ​ក្នុង​រយៈ​ពេល​៦​នាទី​ចុង​ក្រោយ​។

ការ​​ស៊ុត​បាល់​បញ្ចូល​ទី​បី​គ្រាប់​នៅលើ​ទឹក​ដីក្រុម Granada របស់ Suarez បាន​ធ្វើ​ឲ្យ​រូប​គេ​ក្លាយ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ជាមួយ​នឹង​ការ​រក​បាន​៤០​គ្រាប់ ដោយនាំមុខ​៥​គ្រាប់​លើ Cristiano Ronaldo ដែល​បាន​​ស៊ុត​បាល់​បញ្ចូល​ទី​ទាំង​២គ្រាប់ក្នុង​ពេលក្រុម Real ឈ្នះ​នៅលើ​ទឹក​ដីក្រុម Deportivo​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia