បុក​របៀប​នេះ សំណាង​ហើយ​មនុស្ស​មិន​អី

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ទឹកកក​មួយ​គ្រឿង បាន​បើក​បុក​បញ្ជរ​បង់ប្រាក់​តាម​ផ្លូវ​វេ​ង​ស្រេង​ពេញទំហឹង បណ្តាល​ឱ្យ​រថយន្ត​នោះ​ស្រុញ​មួយ​កំណាត់​ខាង​មុខ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៦ ឧសភា ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ក្នុង​ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រជាពលរដ្ឋ​ឱ្យ​ដឹង​ថា រថយន្ត​បង្ក​ជា​ប្រភេទ​រថយន្ត​កូរ៉េ ពណ៌​ស ពាក់​ស្លាក​លេខ​ធ​1596​ភព​2 មាន​ដឹក​ទឹកកក បើក​ពី​លិចទៅ​កើត​តាម​ផ្លូវ​វេ​ង​ស្រេង លុះ​មក​ដល់​ចំណុច​ខាងលើ​មិនដឹង​ថា អ្នក​បើក​ស្រវឹងស្រា ឬ​ងងុយដេក​ទេ បើក​លឿន​បុក​បញ្ជរ​បង់ប្រាក់​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឱ្យ​យ​រថយន្ត​ស្រុញ​មួយ​កំណាត់​ខាង​មុខ ប៉ុន្តែ​ពេល​កើតហេតុ មិន​មាន​នរណា​ម្នាក់​ដឹង​ថា អ្នកបើកបរ​រង​របួស​ឬ​យ៉ាងណា​ទេ ក្រោយ​ពេល​កើតហេតុ​បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើត​ហេតុតែប៉ុណ្ណោះ ។