ផ្អើល​ផ្ទះសំណាក់​«​ហេង​លាភ​» ដោយសារ​នារី​វ័យក្មេង​ម្នាក់

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ជា​កម្មការិនី​កាត់ដេរ​ម្នាក់​បាន​ទូរស័ព្ទ​បងប្រុស​របស់​នាង​ថា មាន​បុគ្គលិក​ផ្ទះសំណាក់​សុំ​ដេក​ជាមួយ​នាង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ នៅ​ចំណុច​ផ្ទះសំណាក់​ហេង​លាភ ស្ថិត​នៅ​ក្នុង​សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ បន្ទាប់​ពី​នារី​រូប​នោះ​បាន​ចូល​ដេក​ផ្ទះសំណាក់​៣​យប់​ហើយ​អត់​មាន​លុយ​បង់ ។

នារី​វ័យក្មេង​រូប​នោះ​ឈ្មោះ លាប ស្រី​ភ័​ណ្ឌ អាយុ​១៧​ឆ្នាំ ជា​កម្មការិនី​កាត់ដេរ ស្នាក់​នៅ​ក្បែរ​វត្ត​ពោធិញ្ញាណ សង្កាត់​បឹង​ទំ​ពុង ខណ្ឌមានជ័យ មានស្រុក​កំណើត នៅ​ភូមិ​ព្រែក​ខ្សាយ​.​ក ឃុំ​ព្រែក​ខ្សាយ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​បងប្រុស​របស់​គេ​បាន​ទូរស័ព្ទ​ហៅ​ឲ្យ​ជិះ​ម៉ូតូឌុប​មក​ចាំ​នៅផ្ទះ​សំណាក់​នេះ​មុន ចាំ​គាត់​បើករថយន្ត​មក​ពី​ខេត្តកំពង់ចាម​មក​យក​ទៅ​រក​ការងារ​ធ្វើ​ជាមួយ​គាត់ តែ​សំណាងអាក្រក់​រថយន្ត​របស់​គាត់​បាន​ខូច​នៅ​ពាក់​កណ្តាលផ្លូវ ហើយ​ឈប់​ធ្វើ​តាំងពី​ថ្ងៃ​ទី​១១ ខែឧសភា រហូត​ដល់​ថ្ងៃ​កើតហេតុ​ខាងលើ​នៅ​តែ​ធ្វើ​មិន​ទាន់​រួច​ទៀត ធ្វើ​ឲ្យ​រូប​នាង​ដែល​ជិះ​ម៉ូតូ​មក​ដេកចាំ​ក្នុងផ្ទះ​សំណាក់​បន្ទប់​មួយ​គ្រែ​មួយ​តម្លៃ​១០​ដុល្លារ​ទាំង​ខ្លួន​អត់​មាន​លុយ​មួយ​រៀល​ទេ គឺ​ដេកចាំ​បងប្រុស​រយៈពេល​៣​យប់​មក​ហើយ នៅ​មិន​ទាន់​បង់លុយ​ទៀត ទើប​បុគ្គលិក​ម្នាក់​បាន​ឡើង​ទៅ​គោះ​ទ្វារ​បន្ទប់​សួរនាំ​រឿង​បង់លុយ​ថ្លៃ​បន្ទប់ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ពេល​ដែល​បុគ្គលិក​ទៅ​គោះ​ទ្វារ​បន្ទប់​សួរ​រឿង​បង់លុយ​ថ្លៃ​បន្ទប់​ត្រូវ​នារី​ខាងលើ​ប្រាប់​ថា គេ​អត់​មាន​លុយ​ទេ​រង់ចាំ​បងប្រុស​គេ​មក​ដល់​ទើប​បង់លុយ ។ ពេល​នោះ​បុគ្គលិក​ក៏​បាន​ត្រឡប់​ទៅ​វិញ បែរជា​នារី​រូប​នោះ​ទូរស័ព្ទ​ប្រាប់​បងប្រុស​ថា មាន​បុគ្គលិក​មក​គោះ​ទ្វារ​បន្ទប់​សុំ​ដេក​ជាមួយ​១​យប់ ធ្វើ​ឲ្យ​បងប្រុស​ទូរស័ព្ទ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចុះ​ទៅ​សួរនាំ​ដល់​កន្លែង​កើតហេតុ ទើប​ដឹង​ថា ចូល​ដេក​ផ្ទះសំណាក់​អត់​មាន​លុយ​បង់ថ្លៃ​បន្ទប់ បែរជា​ប្រឌិត​ថា​មាន​បុគ្គលិក​សុំ​ដេក​ជាមួយ​១​យប់​ទៅ​វិញ ។

បន្ទាប់​ពី​សួរនាំ​ដឹង​រឿង​អស់ហើយ នារី​រូប​នោះ​ត្រូវ​បាន​បងប្រុស​ប្រាប់​សមត្ថកិច្ច​ថា ឲ្យ​នៅ​ដេក​ទៅ​នៅផ្ទះ​សំណាក់​ខាងលើ​នេះ​មួយ​យប់​ទៀត ចាំ​ព្រឹកស្អែក​ចាំ​គាត់​យក​លុយ​ទៅ​បង់​ឲ្យ ៕