ប្រ​ព​ន្ធៗ​វាយ​បក​​ថា ​ក្លាយជា​ខ្លា​​ដោយសារ​​ប្តី​​ខូច

បន្ទាប់​​ពី​កោះសន្តិភាព​​បាន​ចេញផ្សាយ​អត្ថបទ​មួយ​ដែល​ថា ​ស្រី​ៗ​រៀប​ការ​ហើយ​​ក្លាយជា​សត្វ​ខ្លា​ ឬ​ស្ត្រី​ៗ​មួយ​ចំនួនបាន​ប្រតិកម្ម​ថា​នោះ​​មិនមែន​មក​ពី​ស្ត្រី​ទេ​ ប៉ុន្តែ​មក​ពី​បុរស​ទេ ​ដែល​បាន​ធ្វើ​ឱ្យ​ទន្សាយ​ដ៏​ស្លូតបូត​មួយ​ បាន​ក្លាយជា​សត្វ​ខ្លា ​។

វា​ពិតជា​ល្អ​ ដែល​ទាំង​បុរស​និង​ស្ត្រី​​ស្វែងរកឱ្យ​​ឃើញ​បញ្ហា​ទាំងឡាយ​ នៅ​ក្នុង​សង្គម​គ្រួសារ​ ដើម្បី​រក​ដំណោះស្រាយ​ទៅ​តាម​​នោះ​។ នារី​ៗ​​ជា​ច្រើន ​បាន​ប្រតិ​កម្ម​នឹង​អត្ថបទ​របស់​កោះសន្តិភាព​ ដោយ​និយាយ​ថា ​មិនមែន​ស្ត្រី​ទាំងអស់​ សុទ្ធ​​តែ​បាន​ក្លាយជា​សត្វ​ខ្លា​​នោះ​ឡើយ​ ។ ទន្ទឹម​នោះ វា​ហាក់ដូចជា​​មាន​ស្ត្រី​មួយ​ចំនួន​​ទទួលស្គាល់​ថា​ ពួក​គេ​បាន​​កាច​ជាង​មុន​ ពេល​ដែល​ពួក​គេ​បាន​រៀប​ការ​នឹង​
គ្នា ​។

ប៉ុន្តែ​​ទោះបីជា​យ៉ាងណា​​ក៏​ដោយ ​ស្ត្រី​ទាំងនោះ​ បាន​បន្ទោស​ទៅ​លើ​បុរស ​ដែល​បាន​ធ្វើ​ឱ្យ​ពួក​គេ​ក្លាយជា​​កាច​ដូច​​សត្វ​ខ្លា​ក្រោយ​ពេល​​បាន​រៀន​ការ​ជាមួយ​​បុរស​ ។ ស្ត្រី​ៗ​បាន​រិះគន់​ថា​ បុរស​ៗ​បាន​ប្រតិបត្តិ​ខ្លួន​​ខុស​ប្លែក​ពី​មុន​ពេល​រៀប​ការ ​ដែល​មានការ​យក​ចិត្ត​ទុកដាក់​ និង​មានការ​ស្រឡាញ់​ច្រើន​​ចំពោះ​នាង​ ។ ប៉ុន្តែ​ក្រោយ​ការ​​ហើយ ​បុរស​ជា​ប្តី​ហាក់ដូចជា​លែង​សូវ​​យកចិត្ត​ប្រ​ព​ន្ធ ហើយ​ច្រើន​​នាំ​គ្នា​សប្បាយ​នៅ​ខាងក្រៅ​ផ្ទះ​​ផឹកស៊ី​អូន​បង​​ទៅ​វិញ ​។

ប្រតិកម្ម​របស់​ស្ត្រី​ជា​ប្រ​ព​ន្ធ​បែប​នេះ ​អាច​ជា​តម្រុយ​មួយ​សម្រាប់​បុរស​ៗ ​ដើម្បី​ពិនិត្យ​ឡើង​វិញ​ថា ​ពួក​គេ​បាន​យកចិត្ត​ថ្នាក់ថ្នម​ប្រ​ព​ន្ធ​​ដូច​កាល​មុន​​​​ជីវិត​អាពាហ៍ពិពាហ៍​ ឬ​ដូច​នៅ​ពេល​​ បន្ទាប់​ពី​ជីវិត​អាពាហ៍ពិពាហ៍​ថ្មីថ្មោង​ដែរ​ឬទេ? បើសិនជា​បុរស​ៗ ​បាន​មើលឃើញ​នោះ​ ពិតជា​អ្វី​ដែល​ពួក​គេ​​បាន​ប្រែប្រួល​ ហើយ​មិន​បាន​ចំណាយ​ពេលវេលា​ឱ្យ​​ច្រើន​គ្រប់គ្រាន់​​ជាមួយ​ប្រ​ព​ន្ធ​នោះ បុរស​ៗ​ត្រូវ​​កែ​កំហុស​​នេះ​ ហើយ​ផ្តល់​ការ​ថ្នាក់ថ្នម ការ​​ស្រឡាញ់ ការ​គោរព និង​ការ​យកចិត្តទុកដាក់​ចំពោះ​ប្រ​ព​ន្ធ ​និង​ក្រុម​គ្រួសារឱ្យ​​បាន​ច្រើន​ជាង​​មុន​។

នៅ​​ពេល​ដែល​បុរស​ៗ ​អាច​ប្រតិបត្តិ​ខ្លួន​កាន់តែ​​ល្អ​ប្រសើរ​ចំពោះ​ប្រ​ព​ន្ធ និង​ក្រុម​គ្រួសារ ពេល​នោះ​ប្រ​ព​ន្ធ​ៗ​ជា​ច្រើន​​នឹង​មិន​​អាច​ក្លាយជា​ខ្លា​ដូច​ជា​ការ​គិត​របស់​បុរស​​ជា​ប្តី​ឡើយ​ ។ ភរិយា​​ទាំងឡាយ​​នឹង​ស្លូតបូត​​ហើយ​​ស្រឡាញ់ យកចិត្តទុកដាក់ ​ព្រមទាំង​គោរព​ដល់​​ប្តី​កាន់តែ​ច្រើន​ជាង​មុន​ ។

តើ​​បុរស​ជា​ស្វា​មីយល់​យ៉ាងណា​ នៅ​ពេល​ដែល​ខាង​ស្រី ​បាន​ចោទប្រកាន់​ថា​ ទន្សាយ​អាច​ក្លាយជា​ខ្លា ​នោះ​មិនមែន​មក​ពី​ទន្សាយ​ទេ​ ។ ប៉ុន្តែ​វា​បណ្តាល​មក​​ពី​ការ​ប្រែប្រួល​​ខិលខូច​របស់​បុរស​ទៅ​វិញ​បែប​នេះ?