សាលាក្រុង​ថា​មិន​បាន​ដឹង​រឿង​លោក​ហ៊ុន សែន សួរ​រក​អ្នក​ឃាត់​ក្រុម​ស្ត្រី​ជិះ​កង់​ថ្ងៃ​៨​មីនា

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ថាមិនទាន់ដឹងរឿងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សួររកអ្នកហាមឃាត់ក្រុមស្ត្រីនិងពលរដ្ឋជិះកង់នៅថ្ងៃទី៨ មីនា ដែលជាទិវាសិទ្ធិនារីអន្តរជាតិនោះទេ។

ប៉ុន្តែលោក ឡុង ឌីម៉ង់ នៅតែអះអាងថា សាលាក្រុងបានចេញលិខិតហើយ ដោយមិនអនុញ្ញាតឲ្យអ្នកប្រារព្ធពិធីជិះកង់ទៅមុខរដ្ឋសភា ក្នុងថ្ងៃ៨ មីនា តាមការស្នើសុំទេ ដោយមូលហេតុកកស្ទះចរាចរណ៍៖ «ខ្ញុំអត់ដឹងរឿងហ្នឹងផង! ទាល់តែខ្ញុំដឹងពីបងអ៊ីចឹង ចាំខ្ញុំសួរនាំសិន និងឲ្យក្រុមការងារខ្ញុំឆែកមើលផេកសម្ដេច ក៏ប៉ុន្តែអ្វីជាគោលការណ៍របស់សាលារាជធានី ដូចជាយើងបានចេញលិខិតស.តទៅអស់ហើយ ដូច្នេះជំហរយើងបានប្រាប់អស់ហើយ»។

កាលពីថ្ងៃទី៨ មីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រតិកម្មតបនឹងអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកម្នាក់ដាក់ឈ្មោះថា ទស្សនវិទូ។

អ្នកប្រើប្រាស់ហ្វេសប៊ុករូបនោះ បានបញ្ចេញមតិរបស់ខ្លួន ភ្ជាប់នឹងរូបភាពដែលបង្ហាញពីការរារាំងរបស់សមត្ថកិច្ចផង ដោយសរសេរផ្លែផ្កាដាក់លោក ហ៊ុន សែន ថាហេតុអ្វីបានជាលោក ហ៊ុន សែន ខ្លាចអ្នកជិះកង់ តែបែរជាឲ្យអ្នកតាចិនវៀតណាមហែស្ទះពេញក្រុង និងអ្នកជិះកង់ដែលគាំទ្រលោក ហ៊ុន សែន ធ្វើបានជាដើម។

ឆ្លើយតបនឹងមតិរិះគន់នោះដដែល លោក ហ៊ុន សែន ក៏សួរទៅកាន់អ្នកប្រើប្រាស់ហ្វេសប៊ុកនោះវិញថា តើអ្នកណាជាអ្នកហាម? លោក ហ៊ុន សែន ក៏ឲ្យអ្នកប្រើប្រាស់ហ្វេសប៊ុករូបនោះ ប្ដឹងអាជ្ញាធរដែលនៅកៀកកន្លែងដែលហាមឃាត់។ បន្ថែមពីនេះ លោក ហ៊ុន សែន ក៏ស្នើឲ្យសមត្ថកិច្ចតាមរកអ្នកប្រើប្រាស់ហ្វេសប៊ុករូបនោះ ដើម្បីសួររឿងនេះឲ្យច្បាស់។

ថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំឲ្យមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ចាត់តាំងឲ្យមានក្រុមតាមដានស្រង់ព័ត៌មានប្រចាំថ្ងៃ ពីពលរដ្ឋដែលបានប្ដឹង និងសំណូមពរពីបញ្ហាផ្សេងៗតាមរយៈហ្វេសប៊ុក (Facebook) របស់លោក ដើម្បីយកមកត្រួតពិនិត្យ និងដោះស្រាយ៕

សាលាក្រុង​ថា​មិន​បាន​ដឹង​រឿង​លោក​ហ៊ុន សែន សួរ​រក​អ្នក​ឃាត់​ក្រុម​ស្ត្រី​ជិះ​កង់​ថ្ងៃ​៨​មីនាមតិឆ្លើយឆ្លងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកម្នាក់នៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦។

ប្រភពៈ RFA