លទ្ធផល​នៃ​អំនួត​រឿង​សិច​ស៊ី​ស្ទើរ​អាក្រាត​ ​ដេ​នី​ខ្វាន់ ​ប្រកាស​ចូលខ្លួន​ទទួល​ការ​ណែនាំ​ពី​ក្រសួង​វប្បធម៌

រាជធានី​ភ្នំពេញ ៖ ដេ​នី ខ្វាន់ បាន​សន្យា​នឹង​ចូលខ្លួន​ទៅ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នា​ថ្ងៃ​ទី​១៧ ឧសភា ២០១៦ តាម​ការ​កោះហៅ​នាង​ទៅ​ណែនាំ​របស់​ក្រសួង​នេះ ។
លើស​ពី​នេះ​លែង​មាន​ភាព​រឹងទទឹង ដេ​នី ខ្វាន់ សូមទោស​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា និង​អ្នកសិល្បៈ​មួយ​ចំនួន​ទៀត បន្ទាប់​ពី​ជម្លោះ​ពាក្យ​សម្តី​នឹង​គ្នា ដោយសារ​តែ​ការ​រិះគន់​រឿង​ស្លៀកពាក់​សិច​ស៊ី​ហួសហេតុ​របស់​ដេ​នី ខ្វាន់ នោះ ។

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ចេញ​លិខិត​កោះហៅ​តារា​សិច​ស៊ី​ដេ​នី ខ្វាន់ ទៅ​ណែនាំ ដោយ​កំណត់​ឱ្យ​នាង​ទៅ​កាន់​ក្រសួង​នា​ថ្ងៃ​ទី​១៧ ឧសភា ឆ្នាំ​២០១៦ ។

លិខិត​នោះ​បាន​បញ្ចេញ​ហេតុផល​ថា ការ​កោះហៅ​ទៅ​ណែនាំ​ដោយសារ​តែ​ក្រសួង​ឃើញ​មានការ​បង្ហោះ​យ៉ាង​ព្រោងព្រាត​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែល​រិះគន់​ពី​ការ​ស្លៀកពាក់​មិន​សមរម្យ និង​មាន​សង្គ្រាម​ពាក្យ​សំដី​យ៉ាង​មុត​ស្រួច​មួយ​ចំនួន​របស់​ដេ​នី ខ្វាន់ ជាមួយ​សិល្បករ​សិល្ប​ការិនី ក៏​ដូច​ជា​មហាជន​ទូទៅ ។ ដោយ​អំពើ​របស់​ដេ​នី ខ្វាន់ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វប្បធម៌ ទំនៀមទម្លាប់​ប្រពៃណី​ដ៏​ផូរផង់​របស់​ជាតិ និង​ចរិយា​ធម៌ សីលធម៌​សង្គម​នោះ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​សម្រេច​អញ្ជើញ​នាង​ទៅ​ទទួល​ការ​ណែនាំ ។

ក្នុង​វី​ដេ​អូ​ឃ្លី​ប កាលពី​ថ្ងៃ​ទី​១៤ ឧសភា ឆ្នាំ​២០១៦ ដេ​នី ខ្វាន់ បាន​និយាយ​ថា «​នាង​ខ្ញុំ​សូម​គោរព​ដល់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ព្រមទាំង​លោក​សុះ ម៉ាច ប្រធាន​សមា​គម​សិល្បករ​ខ្មែរ​ដែល​តែងតែបាន​ផ្តល់​ដំបូន្មាន ល្អ​ៗ​មក​រូប​នាង​ខ្ញុំ ។ នាង​ខ្ញុំ​សូមទោស​ដល់ បង​ៗ​សិល្បករ សិល្ប​ការិនី​ទាំងអស់​ដែល​មាន​ពាក្យ​សំដី​ខ្លះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​បង​ៗ ។ ជា​ពិសេស​នាង​ខ្ញុំ​ចង់​សុំ​ទោស​បំផុត​នោះ​គឺ​បងស្រី​ម៉េ​ង កែវ​ពេ​ជ្ជ​តា ដោយសារ​តែ​នាង​ខ្ញុំ​បាន​ប្រើ​ភាសា​មិនល្អ​មក​លើ​បងស្រី ដោយសារ​តែ​នាង​ខ្ញុំ​និង​ក្រុម​គ្រួសារ​នាង​ខ្ញុំ ពី​មុន​ស្រឡាញ់ និង​គាំទ្រ​បងស្រី​ខ្លាំង​ណាស់ ។ ប៉ុន្តែ​ព្រោះ​ដោយសារ​តែ​ប៉ុន្មាន​ថ្ងៃមុន​នេះ​នាង​ខ្ញុំ​បានឃើញ​បងស្រី​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​រិះគន់​នាង​ខ្ញុំ​ទើប​នាង​ខ្ញុំ​យល់​ថា បងស្រី​រិះគន់​គឺ​ចង់​ឲ្យ​នាង​ខ្ញុំ​ល្អ ព្រោះតែ​បងស្រី​ស្រឡាញ់​សិល្បៈ​ខ្មែរ និង​ចង់​ឲ្យ​ខ្មែរ​យើង​ស្គាល់​ពី​តម្លៃ​ខ្លួន កុំ​ឲ្យ​សិច​ស៊ី​ជ្រុល គឺ​នាង​ខ្ញុំ​ពិតជា​យល់ ។ ប៉ុន្តែ​មាន​ពាក្យពេចន៍​ខ្លះ​បងស្រី​ប្រើ​មក​លើ​នាង​ខ្ញុំ​ដូច​ជា​ស្រី​មិនល្អ ជា​ស្រី​ហាល​លៀស ហាលងៀត​ឲ្យ​ពួក​ម៉ូតូឌុប​មើល ភាសា​នេះ​នាង​ខ្ញុំ​មិន​អាច​ទទួលយក​បាន​ឡើយ ។

ម្យ៉ាងទៀត​ដោយសារ​តែ​នាង​ខ្ញុំ​នៅ​ក្មេង​បាន​ប្រើ​អារម្មណ៍​ច្រើន មិន​យកគំនិត​មក​គិត ធ្វើ​ឲ្យ​នាង​ខ្ញុំ​បែរជា​វាយបក​មក​លើ​បងស្រី ភ្លាម​ៗ​ប្រើ​ពាក្យ​មិនល្អ​លើ​បង​បង្ក​ការ​ប៉ះពាល់​អារម្មណ៍​បងស្រី និង​កិត្តិយស​បងស្រី ។ ដូចនេះ​ពេល​នេះ​នាង​ខ្ញុំ​ដេ​នី ខ្វាន់ សុំ​ទោស​បងស្រី​ជា​សាធារណៈ​សុំ​ទោស​ហើយ​សុំ​ទោស​ទៀត គឺ​សុំ​ទោស​អស់ពី​ចិត្ត​មិនមែន​និយាយ​​ផ្គើន ឬ​ឌឺដង​នោះ​ទេ គឺ​និយាយ​ពិត ហើយ​សោក​ស្តាយក្រោយ​មែន​ព្រោះ​ប្រើ​ភាសា​មិនល្អ​លើ​បងស្រី​ដែល​ជាតា​រា​ដែល​នាង​ធ្លាប់​គាំទ្រ​ដែរ ។ អីុ​ចឹ​ង​ហើយ​នាង​ខ្ញុំ​សង្ឃឹម​ថា លើកលែងទោស​ដោយ​ក្តី​អនុគ្រោះ មនុស្ស​យើង​អ្នក​ណា​ក៏​ចេះ​ខុស​ដែរ សំខាន់​ខុស​ហើយ​កែ ហើយ​នាង​ខ្ញុំ​បាន​គេង​ពេញ​មួយ​យប់​ហើយ​ទើប​ដឹង​ថា​នាង​ខ្ញុំ​ខុស ព្រោះ​យល់​ថា​បងស្រី​ដូច​ម្តាយ​ម្នាក់​ដែរ ។ ម្ល៉ោះហើយ​ពេល​បង​រិះគន់​មិនមែន​ន័យ​អាក្រក់​នោះ​ទេ គឺ​ចង់​ឲ្យ​ល្អ ។

នាង​ខ្ញុំ​ក៏​សូមទោស​ដល់​បងប្រុស​អុ​ឹ​ម ជីវ៉ា​ព្រោះតែ​ប្អូនប្រុស​របស់​នាង​ខ្ញុំ​បាន​ផុស​ក្នុង​ហ្វេ​ស​ប៊ុ​ក​ឌឺដង ផ្លែផ្កា​ដល់​បងប្រុស ហើយ​នាង​ខ្ញុំ​សុំ​ទោស​ប៉ុណ្ណឹង​រំពឹង​ថា បង​នឹង​បញ្ចប់​នូវ​ការ​ឈ្លោះ​ជាមួយ​គ្នា​ដោយ​នាង​ខ្ញុំ​នឹង​ណែនាំ អប់រំ​ប្អូនប្រុស​នាង​ខ្ញុំ​ឲ្យ​បាន​ល្អ ។

ភ្ជាប់​ជាមួយ​គ្នា​ក៏​សុំ​ទោស​ដល់​បងស្រី​ស៊ុន ណា​រី​ម៉ូ​នី​កា ក៏​ដូច​ជា បង​ៗ​សិល្បករ​សិល្ប​ការិនី​រៀមច្បង​ទាំងអស់​ដែល​មិន​ពេញចិត្ត​នូវ​អំពើ​របស់​នាង​ខ្ញុំ ដោយ​នាង​ខ្ញុំ​សន្យា​ថា គ្មាន​លើក​ទី​២​ឡើយ​។

លើស​ពី​នេះ​ថ្ងៃ​ទី​១៧ ឧសភា ឆ្នាំ​២០១៦​នេះ នាង​ខ្ញុំ​នឹង​ទៅ​តាម​ការ​ណាត់​របស់​ក្រសួង​ដែល​គាត់​បាន​កោះ​អញ្ជើញ​នាង​ខ្ញុំ​ដើម្បី​បាន​អប់រំ និង​ណែនាំ ។ ប្រសិនបើ​ក្រសួង​ឲ្យ​នាង​ខ្ញុំ​នៅ​បម្រើ​ក្នុង​អាជីព​សិល្បៈ ឬ​ក្រសួង​គាត់​បញ្ឈប់​ខ្ញុំ​ពី​អាជីព​សិល្បៈ នាង​ខ្ញុំ​ទទួលយក​ទាំង​ពីរ​ដោយ​ការ​ញញឹម​មិន​មានការ​អន់ចិត្ត​អ្វី​ឡើយ ។ ជា​ចុង​ក្រោយ​នាង​ខ្ញុំ​ចង់​សាង​មិត្ត មិន​ចង់​សាង​សត្រូវ​ឡើយ ចង់ទៅ​ណា​មក​ណា​មាន​មិត្ត មិន​ចង់​បើកមុខ​យក្ស​ដាក់​គ្នា ព្រោះ​សុទ្ធតែ​ជា​ខ្មែរ​ដូច​គ្នា​ដោយ​រំពឹង​ថា​នឹង​ចប់​ត្រឹមហ្នឹង​ចុះ​» ។

មហាជន​រង់ចាំ​មើល​ថា តើ​ថ្ងៃស្អែក​នេះ​ដេ​នី​ខ្វាន់ នឹង​ទៅ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ដូច​ការ​សន្យា​របស់​នាង ឬ​យា​៉​ង​ណា ហើយ​ចំណែក​ក្រសួង​វប្បធម៌ នឹង​មាន​ចំណាត់​ការ​យ៉ា​ង​ណា​ចំពោះ​នាង ?