ក្រយៅ​គោ​លិទ្ធ

ជីវិត​រស់នៅ​លើ​លោក​ពិបាក​ណាស់​...​មិនមែន​សុទ្ធតែ​ជួប​សំណាង​មហា​សំណាង​ទេ​...​។ ជួប​សំណាងល្អ​ថា​មក​ពី​បុណ្យ​ជាតិ​មុន​...​ជួប​សំណាងអាក្រក់​ក៏​ថា​មក​ពី​ព្រហ្ម​លិខិត​ដែរ​...​។

មាន​អ្នកនយោបាយ​ខ្លះ​អួត​ប្រាប់​គេថា តាំងពី​ធ្វើ​នយោបាយ​ពេល​ណា​មក​...មានរឿង​មិន​ចេះ​ចប់​...​គេ​មិន​ឱ្យ​បាន​សុខ​ទេ​...​គេ​តាម​រករឿង ឈ្នានីស​រហូត​...​មិន​ដែល​បាន​សុខ​ទេ​...​គេ​តាម​ធ្វើបាប​ឥត​ឈប់​ឈរ​សោះ !

មិន​ត្រឹមតែ​ថ្ងូរ​ប្រាប់​គេ​...​មិន​ត្រឹមតែ​ចង់ឱ្យ​គេ​ជួយ​អាណិត​ទេ​...​អ្នកនយោបាយ​ដដែល​នេះ​អួត​ប្រាប់​គេ​ទៀត​ថា​...​មក​ពី​ខ្ញុំ​ធ្វើ​នយោបាយ​ត្រូវ​...​មក​ពី​យើង​ដើរ​ផ្លូវត្រូវ​...​ទើប​គេ​តាម​ធ្វើបាប​យើង !

អ្នកគាំទ្រ​មួយ​ក្រុម​...​ទះដៃ​អបអរសាទរ​...​សរសើរ​មេ​ដែល​បាន​ធ្វើ​ពលិកម្ម​ដោយសារ​ដើរ​ផ្លូវត្រូវ​...

ឯ​អ្នកគាំទ្រ​មួយ​ក្រុម​ទៀត អត់​ទះដៃ​ទេ​...​ងាក​មក​និយាយ​គ្នា​ថា​...​ដូច​ជា​មិនមែន​ដើរ​ផ្លូវត្រូវ​ទេ ! បើ​អីចឹង អា​ជេរ​គេ​ក៏​ត្រូវ​...​អា​នៅ​លើ​គ្រែ​ក៏​ត្រូវ​...​មែន​ទេ ?

ចំណែក​អ្នក​ធ្វើ​នយោបាយ​មួយ​ក្រុម​ទៀត បាន​ប្រកាស​ខ្លាំង​ៗ​ថា មិនមែន​អីចឹង​ទេ​...​គេ​ធ្វើ​នយោបាយ​ដែរ​...​ក៏​មិន​អី ! អី​តែ​ម្នាក់ឯង !! ក្រែង​មក​ពី​មាន​ក្រយៅ​គោ​លិទ្ធ​ទេ​ដឹង ?
                   អា​ឡេវ