ពេល​ណា​ទើប​ជួសជុល​ផ្លូវលំ​ក្នុងភូមិ​ចំរើន​ផល​និង​ភូមិ​ប្ញ​ស្សី ?

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ សិស្ស​និស្សិត​ដែល​ធ្វើ​ដំណើរ​លើ​ផ្លូវលំ​ក្នុងភូមិ​ចំរើន​ផល ស្ថិត​ក្នុង​សង្កាត់​បឹង​ទំពុន និង​ភូមិ​ប្ញ​ស្សី ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ មានការ​រអ៊ូរទាំ​ជា​ច្រើន​ខែ​មក​ហើយដោយ​សារ​តែ​ផ្លូវ​ខូច ក្រហេងក្រហូង​ពិបាកធ្វើ​ដំណើរ និង​ជួនកាល​បង្ក​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ថែម​ទៀត ។

គួរបញ្ជាក់ថា កំណាត់ផ្លូវដែលរងការខូចខាតខាងលើនេះ លាតសន្ធឹងពីផ្លូវ២៧១ ចុះឆ្ពោះទៅកាន់ផ្លូវលេខ៣៧១ ស្ថិតក្នុងភូមិ​សាស្ត្រសង្កាត់បឹងទំពុន និង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែលមានប្រវែងជិត ៣០០០ ម៉ែត្រ ។ មន្ត្រីដ្ឋានជាច្រើនរូបសុំ​មិន​បញ្ចេញឈ្មោះ បាននិយាយប្រាប់អ្នកសារព័ត៌មានថា កំណាត់ផ្លូវមួយខ្សែខាងលើនេះ មន្ត្រីមូលដ្ឋាន​បានលើកគម្រោងស្នើសុំ​ទៅសាលារាជធានីភ្នំពេញប្រមាណជិត ៣ឆ្នាំកន្លងមកហើយ តាំងពីផ្លូវចាប់ផ្តើមខូចតិចតួច រហូតខូចទ្រង់​ទ្រាយធំបែបនេះ ប៉ុន្តែ​សាលារាជធានីភ្នំពេញ មិនទម្លាក់គម្រោងស្ថាបនាជូន ប្រជាពលរដ្ឋប្រើប្រាស់ដូច​របាយការណ៍​មន្ត្រីមូលដ្ឋាន​បានស្នើទៅនោះទេ ។

ចំពោះទង្វើខាងលើនេះគេមិនដឹងមូលហេតុអ្វីច្បាស់លាស់ទើបបាន ជាសាលារាជធានីភ្នំពេញ មិនទម្លាក់គម្រោងស្ថាបនា ផ្លូវមួយ​ខ្សែ​​នេះជូនប្រជាពលរដ្ឋប្រើប្រាស់ឡើយ ហើយមន្ត្រីជំនាញនានា ក៏មិនអាចសុំការទំនាក់ទំនង បំភ្លឺអំពីបញ្ហានេះបានដូចគ្នា ដោយ​ឡែកកន្លងមកអ្នកសារព័ត៌មានជាច្រើនបានសួរនាំពីបញ្ហានេះ តែមន្ត្រីសាលារាជធានីភ្នំពេញ បានឆ្លើយដាក់គ្នាទៅមុខទៅក្រោយ ហាក់បីដូចជាមិនមានភាពទទួលខុសត្រូវឡើយ ។

គួរបញ្ជាក់ផងដែរថា កន្លងមកកាលពីព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦ កន្លងទៅ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន បានថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារ​រដ្ឋបាល​ថ្មីរបស់សាលារាជធានីភ្នំពេញ ដោយព្រមានដកតំណែងលោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ចូន​រាជធានី​ភ្នំពេញ បើសិនជាលោកបន្តអោយផ្លូវដែលខូចខាតត្រូវនៅរុំារ៉ៃហូត ហើយមិន​ធ្វើការជួលជុល ។ ប៉ុន្តែក្រឡេកមកមើលកំណាត់ផ្លូវខាងលើនេះវិញ គឺមិនមែនត្រឹមតែជួលជុលតែប៉ុណ្ណោះទេ គឺផ្លូវខាងលើនេះ ខូចខាតស្ទើរ ១០០​ទៅហើយ ។ ដូច្នេះដើម្បីឆ្លើយតបទៅហ្នឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល គួរណាស់មន្ទីរសាធារណការ និង​ដឹកជញ្ជូនសាលារាជធានីភ្នំពេញ ប្រញាប់ទម្លាក់គម្រោង ស្ថាបនាផ្លូវមួយខ្សែខាងលើនេះជូនប្រជាពលរដ្ឋ ព្រោះផ្លូវនេះមានសារៈ​សំខាន់​ណាស់ គឺរំដោះការកកស្ទះផ្លូវលេខ ២៧១ និង ៣៧១ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ ។

លោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានមានប្រសាសន៍ថ្លែងប្រាប់ អោយដឹងថា កាលពីខែធ្នូចុងឆ្នាំ២០១៥ កន្លងទៅ​លោកធ្លាប់បានធ្វើសំណើជាលាយល័ក្ខអក្សរ រាយការណ៍ទៅកាន់សាលារាជធានីភ្នំពេញម្តងរួចមកហើយដែរ អំពីផលប៉ះពាល់ នៃកំណាត់ផ្លូវខាងលើនេះ ។ ប្រភពច្បាស់ការណ៍ អោយដឹងថា គម្រោងនៃការស្ថាបនាផ្លូវមួយខ្សែនេះ គឺត្រូវចំណាយថវិការអស់ ៧០០០លានរៀល ៕