ធ្លាប់​សប្បាយ​រក​​កង្កែប​-ហ៊ីង​ពេល​​ភ្លៀង តែ​ឥឡូវ​វិញ​​ចប់​!

ខេត្តបន្ទាយមានជ័យ ៖ រន្ទះ​អប្រិយ​បាន​ប្រល័យ​ជីវិត​បុរស​ម្នាក់​ បណ្តាល​ឱ្យ​ស្លាប់​ចោល​ប្រពន្ធ​និង​កូន ហើយ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​​​សព ​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​​ថ្ងៃ​ទី​១៥ ​ឧសភា នៅ​ចម្ងាយ​ប្រមាណ​២០០​ម៉ែត្រ​ខាងត្បូង​ភូមិ​សំបួរ ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំស្រុក  ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​ស្រុក​ភ្នំស្រុក​​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ចិន ទូច អាយុ​៥២​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ​ខាងលើ ។ មុន​ពេល​កើតហេតុ​ នា​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ ​ឧសភា មាន​ភ្លៀង​ធ្លាក់​យ៉ាង​ធំ​មួយ​មេ ហើយ​ជន​រង​គ្រោះ​បាន​ចេញ​ពីផ្ទះ​ទៅ​ដើរ​រក​ចាប់​ហ៊ីង ​និង​កង្កែប ស្រាប់តែ​នៅ​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ ក៏​មាន​គេ​ប្រទះ​ឃើញ​សព​នៅ​វាលស្រែ​ខាងត្បូង​ភូមិ ​ទើប​មានការ​ភ្ញាក់ផ្អើល​ឡើង ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​រយៈពេល​២​ថ្ងៃ​ចុង​ក្រោយ​​នេះ នៅ​ខេត្តបន្ទាយមានជ័យ មាន​ករណី​រន្ទះបាញ់​មនុស្ស​ស្លាប់​ចំនួន​៣​​នាក់ ក្នុង​នោះ​នៅ​ស្រុក​ម៉ា​ឡៃ​ចំនួន​២​នាក់ គោ​១​ក្បាល និង​នៅ​ស្រុក​ភ្នំស្រុក​១​នាក់ ៕