អសន្តិ​​សុខ​​​ណាស់​​ ដោយ​សារ​ពួក​​អាឡូយ​​​ទាំង​​នេះ

ខេត្តកំពត ៖ ​ក្រុម​​ក្មេង​ទំនើង​ដែល​ជា​មុខសញ្ញា​បង្ក​អសន្តិសុខ​​នៅ​ក្នុង​ក្រុង​កំពត​ និង​នៅ​ជាយក្រុង​ ​ឱ្យ​តែ​ពលរដ្ឋ​​មាន​​កម្មវិធី​អ្វីមួយ​ គឺ​ពួក​គាត់ទាំង​នេះ​ តែងតែ​ធ្វើ​សកម្មភាព​​អុកឡុក​រំខាន​ដល់កម្ម​វិធី​ ដែល​ធ្វើ​ឱ្យ​អាជ្ញាធរ​ និង​សមត្ថកិច្ច​មូលដ្ឋាន​ ឈឺក្បាលវិល​មុខ​​ដោយ​​សារ ក្រុមនេះខ្លាំងណាស់ ។

កាលពី​​ព្រឹក​ថ្ងៃ​ទី​១៥ ឧសភា ​២០១៦​ នេះ លោក​ឧត្តមសេនីយ៍ត្រី​ ម៉ៅ ច័ន្ធមធុ​រិ​ទ្ធ​ ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជាកម្លាំង​អន្តរា​គមន៍​ឈុត​ខ្មៅ​​របស់​ស្នងការ​ខេត្ត​ ឱ្យ​​ចុះ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង ដែល​ធ្វើ​សកម្មភាព​ប្រើ​ដោយ​ដាវ​សា​មូរ៉ៃ​ ដេញ​កាប់​គ្នា​តាម​បណ្តោយ​​មាត់​ព្រែក​កំពត ស្ថិត​ក្នុងភូមិ១​​ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត​។ ក្នុង​​ការ​​ចុះ​បង្ក្រាប​នេះ ត្រូវ​កំលាំង​សមត្ថកិច្ច​​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​​៤​នាក់​ និ​ងដាវ​សា​មូរ៉ៃ​២​ដើម ​ដែល​កំពុង​ធ្វើ​សកម្មភាព​ដេញ​កាប់​គ្នា ​។

លោក​វរ​សេនី​ត្រី​ លក ញ៉ា​វ នា​យ​រង​កា​រិ​យា​ល​យ័​ព្រហ្ម​ទ​ណ្ឌកម្រិតធ្ងន់​ស្នងការដ្ឋានខេត្ត​​ឱ្យដឹងថា ក្មេង​ទំនើង​ទាំង​៤​នាក់​ ដែល​កំលាំង​សមត្ថកិច្ច​បង្ក្រាប​បាន​​ ១-​ឈ្មោះ​ម៉ា ធៀន​ណាំ​ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រាំង សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត ​២-​ឈ្មោះ​ហ៊ឹ​ម ភា​រះ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់​ប​សយ ក្រុង​កំពត ​៣- ឈ្មោះ​​រ៉ាត សុ​វ​ណ្ណា​រ៉ា​ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រាំង សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត ​និង៤-​ឈ្មោះ​សៀន សានិ​ត ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​តុម្ព ឃុំ​ព្រៃ​ឃ្មុំ​ស្រុក​ទឹកឈូ​។

លោក​​បន្ត​ថា ​ក្រុម​ក្មេង​ទំនើង​ទាំង​៤​នាក់​នេះ រួម​ទាំង​បក្សពួក​ខ្លួន​មួយ​ចំនួន​ទៀត​ ដែល​រត់គេច​ខ្លួន​សមត្ថកិច្ច​កំពុង​តាម​ប្រ​មាញ់​​នោះ បាន​ធ្លាប់ធ្វើ​សកម្មភាព​ប្រើ​ហិង្សា​ទៅ​លើ​ជន​រង​គ្រោះ ​កាលពី​ថ្ងៃ​ទី​៧​ ឧសភា ​​២០១៦​ កន្លង​ទៅ ដោយ​វាយ​បំផ្លិចបំផ្លាញ​ម៉ូតូ​ជន​រង​គ្រោះ​អស់​មួយ​គ្រឿង​ ស្ថិត​នៅ​ក្នុងភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត​ផង​ដែរ​។

បច្ចុប្បន្ន​ ជនសង្ស័យ​ជាក្រុម​ក្មេង​ទំនើង​ទាំង​៤​នាក់ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត  ដើម្បី​ចាត់ការ​ទៅ​តាម​​នីតិវិធី​ច្បាប់​ ៕