ខឹម វាសនា៖ ធី សុវណ្ណថា យល់​ដឹង​​ទាប​និង​ថោក​​ដូច CNRP

បន្ទាប់ពីបានប្រតិកម្ម ទៅនឹងលិខិតអញ្ជើញរបស់កញ្ញា ធី សុវណ្ណថា នៅក្នុងសារជា​ទម្រង់ខ្លី​កាល​ពី​លើក​មុន​រួច នៅ​វេលា​នេះ ជា​ប្រតិកម្ម​ថ្មី​មួយ​ទៀត ដែល​មាន​​ទម្រង់​«វែង​អន្លាយ» របស់​លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​​ដើម្បី​ប្រជាធិបតេយ្យ។ លោក​បាន​វាយ​តម្លៃ ទៅ​លើ​ទង្វើ​របស់​កញ្ញា ធី សុវណ្ណថា ថា​មិន​យល់​ពី​រដ្ឋបាល និងមាន​ការ​យល់​ដឹងទាប។ ប៉ុន្តែលោក ខឹម វាសនា បានឆ្លៀត​ឱកាសនេះ ដើម្បីវាយបក​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រុម​អ្នក​គាំទ្រ​​វិញ តាម​អ្វី​ដែល​លោក​គិត​ថា ដុតឲ្យ​កាន់​តែក្ដៅ​កាលណា នោះ​លោក​រិត​តែ​សប្បាយ។
ខឹម វាសនា៖ ធី សុវណ្ណថា យល់​ដឹង​​ទាប​និង​ថោក​​ដូច CNRP

ពីឆ្វេងមកស្ដាំ៖ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ​ដើម្បីប្រជាធិបតេយ្យ និងកញ្ញា ធី សុវណ្ណថា តារាហ្វេសប៊ុក។ (រូបថត ហ្វេសប៊ុក)

ប្រសិនបើគេចាប់ពាក្យ «ថោកទាប ថោក ថោកទាបអស់សាច់ ឬសណ្ដានមនុស្សខូច» មកធ្វើ​ជា​កក្តា (ដូច​នៅ​ក្នុង​គណិតសាស្ត្រ a[b+c-d/e]) នោះ គេនឹងមើលឃើញថា នៅក្នុងប្រតិកម្មថ្មី បែបទម្រង់«វែង»នេះ របស់​លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មានខ្លឹមសារតែពីរយ៉ាងគត់។

ខ្លឹមសារទីមួយ៖ កញ្ញា ធី សុវណ្ណថា មិនយល់ និងមានការយល់ដឹងទាប។

លោក ខឹម វាសនា បានពន្យល់ថា ដើម្បីធ្វើយុទ្ធនាការដកលោក កឹម សុខា ចេញពីតំណែង តារា​ហ្វេសប៊ុក ធី សុវណ្ណថា មិនបានយល់ពីរដ្ឋបាល (Editor's Note៖ បើនិយាយ​ពី​ការ​ដកតំណែងនេះ មិនត្រឹម​ជារដ្ឋបាលទេ តែ​អាច​មាន​ទិដ្ឋភាព​​ច្រើន​ទៀត) ដោយ​ហេតុថា គ្មានអ្នកក្រៅគណបក្សសង្គ្រោះជាតិណាមួយ ដោយរាប់​ទាំង​តំណាង​គណបក្ស​ដទៃផង អាចទាមទារទម្លាក់លោក កឹម សុខា ឲ្យចុះពីតំណែងនោះឡើយ។

ចំពោះការវាយតម្លៃ ពីការយល់ដឹងរបស់កញ្ញា ធី សុវណ្ណថា ថាមានកម្រិតទាបនោះ ត្រូវបាន​ប្រធាន​គណបក្ស «ជួង» បកស្រាយទៀតថា ជារឿងចិត្តសាស្ត្រ ដែលតារាហ្វេសប៊ុកវ័យក្មេង ចង់ខ្ចីដៃគណបក្ស​របស់​លោក ដើម្បី​វាយ​ប្រហារ​ទៅ​លើ​លោក កឹម សុខា។ លោក ខឹម វាសនា បានសរសេរថា៖ «ចិត្តសាស្ត្រនាង នៅ​ទាប​ណាស់។ ជាធម្មជាតិ មានតែមនុស្សមានសណ្តានអាក្រក់ទេ ដែលប្រើទ្រឹស្តី "សត្រូវបស់សត្រូវនៃ​យើង គឺ​ជា​មិត្ត​របស់យើង"នោះ»។

ខ្លឹមសារទីពីរ៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ តំណាងឲ្យភាពស្អាតស្អំ ភាពត្រឹមត្រូវ ដែលខុសគ្នា​«ឆ្ងាយ» ពីអ្នកដឹកនាំ និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ។

ទាក់ទងអ្នកដឹកនាំគណបក្ស​សង្គ្រោះជាតិ ជាពិសេសសំនួរ ដែលសួរថា«តើលោក កឹម សុខា គួរតែលា​ចេញ​ពី​តំណែង​ឬទេ?» ត្រូវបានប្រមុខបក្ស«ជួង»ពន្យល់ថា វាមិនចាំបាច់អី ទៅបើកអង្គប្រជុំពិភាគ្សាគ្នាឡើយ ព្រោះ​វា​ជា​សំនួរ​ងាយ​នឹងឆ្លើយ​ជាទីបំផុត។ លោកសរសេរថា៖ «អ្នកប្រព្រឹត្តរឿងថោកទាបបែប កឹម សុខា នេះ វាសម​ហួស​ពី​សមទៅហើយ រឿងលាចេញពីតំណែងដឹកនាំក្នុងបក្សនោះ»។

ក្នុងពេលជាមួយគ្នា លោក ខឹម វាសនា បានវាយបកយ៉ាងសម្បើមដៃ ទៅកាន់ក្រុមអ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ដោយ​បាន​ចាត់​ទុក​​ពួក​អ្នកគាំទ្រទាំងនោះ ថាជាប្រភេទ«ថោកទាបអស់សាច់» ដោយសារ​តែ​ពួក​នេះ មិន​បាន​គាំទ្រ​​ដោយ​​«សុទ្ធចិត្ត» នូវ​សេចក្តី​ល្អ​របស់​លោក និងគណបក្សលោកទេ នៅក្នុងប្រតិកម្ម (ជាទម្រង់ខ្លី) របស់​លោក នា​​ពេល​​កន្លង​មក​នោះទេ។ លោកបានសរសេរថា៖ «វាយក Post យើងទៅចុះផ្សាយបន្ត ឬវា Comment គាំទ្រ គឺ​​ព្រោះ​​តែ​​ចំណេញ​​ដល់​វា​នោះ តែប៉ុណ្ណោះទេ។ ធី សុវណ្ណថា នាងក៏នៅក្នុងក្រុមប្រភេទ ពួកអាថោក​គាំទ្រ​​សង្គ្រោះ​​ចោរ​​នោះដែរ។»

និងនៅទីបញ្ចប់ លោកប្រមុខគណបក្ស «LDP» ដ៏ល្បីល្បាញ បានបញ្ចប់ការបកស្រាយរបស់លោក ដោយ​ឃ្លា​ដូចតទៅ៖ «ចាំមើលចុះ ពួកអាថោកដែលគាំទ្រ CNRP វាអានអត្ថបទខ្ញុំនេះហើយ ពួកអាថោកអស់នោះ វា​មុខ​តែ​ឆេះ​ដុំ​ក្តៅ​ពេញ ក្នុង Comment នៃអត្ថបទខ្ញុំនេះមិនខានឡើយ។ វាក្តៅកាលណា ខ្ញុំរិតតែសប្បាយ​កាល​ណោះ ព្រោះ​គោលដៅយើង គឺសំពងពួកអាថោកអស់នោះហើ៍យ។»៕