ព្រៃ​ឡង់​នៅតែ​ប្រឈម​នឹង​ការបំផ្លាញ ពេលដែល​សកម្មជន​ព្រៃឈើ​នៅតែ​ប្រឈម​នឹង​ការគំរាមកំហែង​

​ប្រភពពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅក្នុង​ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​បទល្មើស​កាប់​ឈើ​អារច្រៀក និង​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​ខុសច្បាប់​នៅតែ​បន្ត​កើតឡើង​យ៉ាង​ពេញបន្ទុក ព្រោះ​មន្ត្រី​អាជ្ញាធរ មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ មិនទាន់​ចាត់វិធានការ​បង្ក្រាប​ប្រកបដោយ​ប្រសិទ្ធភាព​នៅឡើយ​ទេ​។ ទន្ទឹមនឹងនេះ​នៅពេលដែល​ប្រជា​សហគមន៍​ចូល​ល្បាត​ក្នុងព្រៃ​ឡង់ ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​បែរជា​ទទួលរង​នូវ​ការរារាំង​ពី​មន្ត្រី​អាជ្ញាធរ និង​មានការ​គំរាមកំហែង​ពី​មន្ត្រី​ជំនាញ ក៏ដូចជា​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ទៀតផង​។ ប្រការនេះ​ក្រសួងបរិស្ថាន ដែលមាន​តួនាទី​ក្នុងការ​ការពារ​និង​អភិរក្ស​ព្រៃ​ឡង់ ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ប្រកបដោយ​ប្រសិទ្ធភាព​។

សេចក្ដីរាយការណ៍​ពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅក្នុង​ស្រុក​សណ្ដាន់ ដែល​ល្បាត​ក្នុងព្រៃ​ពីថ្ងៃ​ទី​០៨ ដល់​ថ្ងៃទី​១០ ខែឧសភា កន្លងទៅ​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹងថា បទល្មើស​កាប់រំលំ​ដើមឈើ​ធំៗ​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​ខុសច្បាប់​នៅតែ​បន្ត​កើតមាន​យ៉ាង​ពេញបន្ទុក​។ មានការ​រិះគន់ថា មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​បរិស្ថាន ក៏ដូចជា​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុងស្រុក​សណ្ដាន់ បង្ក្រាប​តែ​ប្រជាពលរដ្ឋ​ដែល​ដឹកឈើ​បន្តិចបន្តួច​យកទៅ​ជួសជុល​ផ្ទះសម្បែង​ឬ​ដឹកអុស​ប៉ុណ្ណោះ ចំណែក​ឈ្មួញ​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​ធំៗ គឺ​សមត្ថកិច្ច​មិន​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ហេតុនេះហើយ​ទើប​បទល្មើស​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​នៃ​ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ នៅតែ​បន្ត​កើតឡើង​យ៉ាង​អនាធិបតេយ្យ ព្រោះ​វិធានការ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ពុំមាន​ប្រសិទ្ធភាព​នោះទេ​។

​ដោយឡែក​សេចក្ដីរាយការណ៍​ពី​ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់ ក្នុង​ខេត្តព្រះវិហារ ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង ក៏បាន​ឲ្យ​ដឹង​ដែរ​ថា បទល្មើស​កាប់​ឈើ​ក្នុងព្រៃ​ឡង់ នៅតែ​បន្ត​កើតឡើង​យ៉ាង​រាលដាល ហើយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ មិន​បំពេញ​តួនាទី​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ​។ ហេតុនេះហើយ​ទើប​ក្រុម​ជនល្មើស ជាពិសេស​ឈ្មួញ​ធំៗ​នៅតែ​អាច​កាប់​ឈើ​ប្រណីត ឈើ​ប្រភេទ​លេខ​១ អារច្រៀក​ដឹកជញ្ជូន​យកទៅលក់​នៅ​ស្រុក​យួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តកំពង់ធំ ព្រះវិហារ ស្ទឹងត្រែង និង​ក្រចេះ បានបញ្ជាក់​ច្បាស់​ថា ក្រោយពេល​រដ្ឋាភិបាល​ដាក់​ព្រៃ​ឡង់​ជា​តំបន់​ការពារ​និង​អភិរក្ស គឺ​បទល្មើស​បំផ្លាញ​ព្រៃឈើ​នៅតែ​កើតឡើង​យ៉ាង​រាលដាល ហើយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ គឺជា​អ្នក​ឃុបឃិត​ជាមួយ​ក្រុម​ជនល្មើស​ដើម្បី​ផលប្រយោជន៍​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​៕

logging_450 4d1eb9f1-a041-4739-84ab-b491a519a150