ល្បិចប៉ះល្បិច ចុងក្រោយ​ជាប់​ខ្នោះ​

ខេត្តបាត់ដំបង ៖ ​ករណី​ជួញដូរ​គ្រឿងញៀន​មួយ​ដោយ​ប្រើ​រូបភាព​ យក​ថ្នាំទៅ​​លាក់​ក្នុង​នំប៉័ង ជាមួយនឹង​​អីវ៉ាន់​ផ្សេងៗទៀត ​យក​ទៅ​​ផ្ញើ​ឡាន​តាក់ស៊ី (​បាត់ដំបង​-​ស្រុក​សំឡូត​) ។ តែ​ទោះបីជា​យ៉ាងណា ល្បិច​ទាំងនេះ​​ត្រូវ​បែក​ការណ៍​ បន្ទាប់​ពី​​ម្ចាស់​តាក់ស៊ី​មាន​ការ​​សង្ស័យ ក៏យក​មក​​ឆែកមើល រួច​ប្តឹង​ទៅ​សមត្ថកិច្ច​ឱ្យ​ជួយ​អន្តរាគមន៍ ។

ហេតុការណ៍​នេះ​ កើតឡើង​កាលពី​ម៉ោង​០៧ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ឧសភា ២០១៦ ដោយ​​សមត្ថកិច្ច​​​ដាក់​កម្លាំង​រួម​គ្នា ​ចាំ​ឃ្លាំ​មើល​អ្នក​ទទួលយក​អីវ៉ាន់​ទាំងនោះ និង​ឃាត់ខ្លួន​​បាន​តែ​ម្តង ។ អ្នក​ទទួល​អីវ៉ាន់​នោះ​​ឈ្មោះ​ខែ​ម សា​រ៉ាត់ ហៅ​ម៉ៅ អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​តា​ទៀត ឃុំ​តា​តោក ស្រុក​សំឡូត ខេត្តបាត់ដំបង ។ ក្នុង​នោះ ត្រូវ​កម្លាំង​ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក ICE) ចំនួន​២​ថង់​ទម្ងន់​៣,៤១​ក្រាម​, រូបចម្លាក់​រូប​ដំរី​ធ្វើ​ពី​ឈើ​១ និង​ម៉ូ​ទ័​រ​ស្វាន​១ ។

បើ​តាម​ចម្លើយ​ជន​ឈ្មោះ​ខែ​ម សា​រ៉ាត់ បំភ្លឺ​ថា ខ្លួន​បាន​ទទួលបញ្ញើ​ទាំងនេះ​ ដែល​ខ្លួន​ពុំ​ដឹង​ថា មាន​ថ្នាំ​ញៀន​នៅ​ក្នុង​នោះ​​ទេ ព្រោះ​អីវ៉ាន់​នេះ​ ជា​របស់​ឈ្មោះ​អ៊​ង អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ក្រុង​បាត់ដំបង ជា​អ្នក​ផ្ញើ​មក​ឱ្យ​គេ ។ ដោយ​បញ្ជាក់​ថា រូបចម្លាក់​នេះ​ទុក​ឱ្យ​ខ្លួន​មើល ហើយ​ចាំ​គិត​ប្រាក់​ឱ្យ​វា (​ឈ្មោះ​អ៊​ង​) ។ រីឯ​ម៉ូ​ទ័​រ​ស្វាន និង​នំប៉័ង​ខ្លួន​ពុំ​បានដឹង​ថា វា​ផ្ញើ​ឱ្យ​អ្នក​ណា​នោះ​ទេ ។

ទោះ​ជា​យ៉ាងណា យោង​តាម​ចម្លើយ និង​មានការ​អនុញ្ញាត​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​បន្ត​ចាប់ខ្លួន​​ឈ្មោះ​អ៊​ង នោះ នៅ​មុខ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ផង​ដែរ ។