​ប្រធានាធិបតី​​​ថ្មី​​ហ្វីលីពីន ​សន្យា​​​​យក​​ទោស​ប្រហារ​ជីវិត​​​​មក​ប្រើ​​ឡើង​វិញ

​​​ប្រធានាធិបតី​ហ្វីលីពីន​​ ​​​​​​​ទើប​​ជាប់​​​ឆ្នោត​​ ​​​លោក Rodrigo Duterte ​បាន​​សន្យា​​​​​​​​​យក​​ទោស​​​​ប្រហារជីវិត​​​​​​​​​​​មក​ប្រើ​ប្រាស់​​ឡើង​​វិញ​ ​និង​​អនុញ្ញាត​​ឲ្យ​​​កង​កម្លាំង​​សន្តិសុខ​​​បាញ់​​​សម្លាប់​​​ឧក្រិដ្ឋជន​​​ ដោយ​គ្មាន​ទោស​​បាន។

​ប្រធានាធិបតី​​​ថ្មី​​ហ្វីលីពីន ​សន្យា​​​​យក​​ទោស​ប្រហារ​ជីវិត​​​​មក​ប្រើ​​ឡើង​វិញ

 

គោល​​នយោបាយ​​​​​​ដ៏​ចម្រូង​​ចម្រាស់​​​ចុង​ក្រោយ​​ទាំង​នេះ​​ របស់ Duterte ដែល​​នឹង​ក្លាយ​ជា​ប្រធានាធិបតី​​​ឆាប់ៗ ​រួម​ទាំង​មិន​​ឲ្យ​ប្រជាជន​​ផឹក​ស្រា ​​ជក់​បារី​នៅ​ទី​សាធារណៈ ​និង​​​ហាម​​អនីតិជន​​​​​​​​​បណ្ដើរ​​គ្នា​​​​ជា​គូ​នៅ​ពេល​ល្ងាច​ផង។ ​​​​​បន្ថែម​លើ​នេះ លោក​​​​ក៏​សន្យា​​យក​វិមាន​ប្រធានាធិបតី​​​​ ​ប្ដូរ​​ទៅ​ជា​​មន្ទីរ​ពេទ្យ​​​​ជូន​ពលរដ្ឋ​វិញ​ដែរ​។

 

​​​អនាគត​​ប្រធានាធិបតី​​វ័យ​ ​៧១​ឆ្នាំ​ ​រូប​នេះ​​ បាន​​ថ្លែង​​​​​​អំពី​​ទោស​ប្រហារជីវិត​​​​​​ឡើង​វិញ ​​​ក្នុង​​សន្និសីទ​កាសែត​​​​​​​​ក្នុង​​ទីក្រុង​ Davao កាល​ពី​​​ម្សិល​មិញ​​ថា “​​​​អ្វី​ដែល​ខ្ញុំ​​ត្រូវ​​ធ្វើ​ពេល​​​នេះ​​ គឺ​​ជំរុញ​​ឲ្យ​​សភា​​​ ​​​យក​​​ទោស​​​ប្រហារជីវិត​​​ដោយ​​ព្យួរ​ក ​មក​ប្រើ​ប្រាស់​​ឡើង​​វិញ​​ក្នុង​អាណត្តិ​​ខ្ញុំ”។

 

​​​​​​Duterte នឹង​ក្លាយ​​​ជា​ប្រធានាធិបតី​​ទី​១៦ ​ហ្វីលីពីន​​​​​ និង​បាន​​ប្រកាស​ជ័យជំនះ​​​​របស់​ខ្លួន​​នៅ​ថ្ងៃ​ទី ​៩-​ឧសភា​ កន្លង​ទៅ តែ​លទ្ធផល​​ផ្លូវការ​​​មិន​​ទាន់​​ឲ្យ​ដឹង​នៅ​ឡើយ​។ ​​​​ក្នុង​​ឆ្នាំ​ ២០១៥​ ​​ក្រុម​អង្គការ​​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ (HRW) ប្រចាំ​ហ្វីលីពីន​ ​បាន​​ហៅ​​លោក​ Duterte ​ថា​​​ជា អភិបាល​ក្រុង​​​​មច្ចុរាជ ​​​​​​​ដោយ​សារ​តែ​​​​លោក​​ប្រើ​ធម៌​​​ក្ដៅ​​​​បង្ក្រាប​​ជន​ល្មើស​ ក្នុង​ទី​​ក្រុង​ Davao។

 

អំឡុង​ពេល​ ​​លោក​​ធ្វើ​ជា​​អភិបាល​​ក្រុង​​ Davao ​​​​ឧក្រិដ្ឋ​ជន​ជាង​​​ ១​០០០​នាក់​ ​ត្រូវ​​បាន​​កង​​កម្លាំង​សន្តិសុខ​​​​​ក្រោម​​បញ្ជា​របស់​​លោក​​​បាញ់​សម្លាប់។ សូម​​បញ្ជាក់​ថា ​​ទោស​ប្រហារ​ជីវិត​​​ក្នុង​ប្រទេស​ហ្វីលីពីន ​​ត្រូវ​បាន​​​​​​លុប​ចោល​​តាំង​​​ពី​​ឆ្នាំ ​២០០៦​​មក​ម្ល៉េះ៕

 

​ប្រធានាធិបតី​​​ថ្មី​​ហ្វីលីពីន ​សន្យា​​​​យក​​ទោស​ប្រហារ​ជីវិត​​​​មក​ប្រើ​​ឡើង​វិញ

 

ចុចអាន៖ មើល​ទិដ្ឋភាព​កោះ​ស្អាត​លេខ​១​ក្នុង​លោក​នៅ​ហ្វីលីពីន

ចុចអាន៖ តំបន់​ទេសចរណ៍​កំពូល​ទាំង​១០​នៅ​ហ្វីលីពីន ស្អាតៗ​អស់​ទាស់!

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ BBC​​