រថយន្ត​ហ៊ីយ៉ាន់ដាយ​បុក​ម៉ូតូ​របួស​ធ្ងន់​២​នាក់

រថយន្ត​ហ៊ីយ៉ាន់ដាយ​បុក​ម៉ូតូ​របួស​ធ្ងន់​២​នាក់



កំពង់ស្ពឺ ​៖ ​រថយន្ត​ហ៊ីយ៉ាន់ដាយ ​បាន​បើក​បុក​ម៉ូតូ​ម៉ាក​វ៉េវ ​គ្មាន​ស្លាក​លេខ​១​គ្រឿង ​បណ្ដាល​ឲ្យ​​អ្នក​ជិះ​ម៉ូតូ​២​នាក់​រង​របួស​ធ្ងន់​ កាលពី​ថ្ងៃ​ទី​១៥ ​ខែ​ឧសភា ​ឆ្នាំ​២០១៦​​ ​វេលា​ម៉ោង​២១​និង​១០​នាទី​យប់​លើ​ផ្លូវ​ក្រាល​កៅស៊ូ​ព្រៃ​ក្មេង ចំណុច​ភូមិ​កណ្ដាល ឃុំ​ព្រៃ​ក្មេង ស្រុក​ភ្នំស្រួច ​ខេត្ត​កំពង់ស្ពឺ។

លោក​វរសេនីយ៍ទោ​ សាយ ប៊ុន អធិការ​នគរបាល ស្រុក​ភ្នំស្រួច​ បាន​ប្រាប់​ឲ្យ​ដឹង​ថា រថយន្ត​១​គ្រឿង​​ខាង​លើ ​ម៉ាក​ហ៊ីយ៉ាន់ដាយ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AB 3045 (អ្នក​បើក​រត់គេច​​បាត់) ​​បាន​បើក​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ( បញ្ចា​សទិស​គ្នា )​មកដល់​ចំណុច​ខាងលើ​ ក៏​បាន​បុក​ម៉ូតូ​ម៉ាក​វ៉េវ​​ ​គ្មាន​ស្លាក​លេខ​​ បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ឈ្មោះ​នេន សុខ​ណេង អាយុ​១៨​ឆ្នាំ​ ភេទ ប្រុស និង​អ្នក​ជិះ​ខាង​ក្រោយ​ឈ្មោះ វឿន វ៉ន អាយុ​២៩​ឆ្នាំ ភេទ​ប្រុស នៅ​ភូមិ​កណ្ដាល ឃុំ​ព្រៃ​ក្មេង ជាមួយគ្នា ​រង​របួស​ធ្ងន់​ទាំង​២​នាក់។

វត្ថុ​តាង​ត្រូវ​បាន​ប្រមូល​យក​មក​រក្សា​​ទុក​ទាំង​២​ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​ ដោះស្រាយ​តាម​នីតិវិធី៕