ក្រសួង​ពាក់ព័ន្ធ​គួរ​ចាត់វិធានការ​លើ​ក្រុមហ៊ុន​ចិន ដែល​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​នៅ​ស្រុក​អណ្ដូង​មាស ខេត្តរតនគិរី

ករណី​ក្រុមហ៊ុន​ចិន​ឈ្មោះ ឆាយ ជី​ហ៊ាង ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​នៅ​តំបន់​កោះ​ខ្យង ភូមិ​ដាល ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស កាលពីពេល​ថ្មីៗ​កន្លងទៅនេះ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​ការបាត់បង់​ធនធានធម្មជាតិ​ដ៏​មានតម្លៃ និង​ប៉ះពាល់​ដល់​បរិស្ថាន​ធម្មជាតិ​ផងដែរ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុងភូមិ​ដាល ឃុំ​ញ៉ា​ង បាន​អំពាវនាវ​ឲ្យ​មន្ត្រី​ជំនាញ និង​ស្ថាប័ន​ពាក់ព័ន្ធ ចាត់វិធានការ​តាមច្បាប់​ទៅលើ​ក្រុមហ៊ុន​ចិន​ដែល​បំផ្លាញ​រ៉ែ​មាស យ៉ាង​មហន្តរាយ​។ លើស​នេះ​ទៅទៀត​ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល ពិនិត្យមើល​ភាព​អសកម្ម​របស់លោក ហ៊ុន ប៊ុន​ថា​ន ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តរតនគិរី ជាបន្ទាន់​ផងដែរ​។

តាម​សេចក្ដីរាយការណ៍​ថ្មីៗ​នេះ​ពី​ប្រជា​សហគមន៍​ភូមិ​ដាល ឃុំ​ញ៉ា​ង បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន​ចិន​ឈ្មោះ ឆាយ ជី​ហ៊ាង បាន​ចូលទៅ​កាយ​ខ្សាច់​និង​កាយ​យក​រ៉ែ​មាស​នៅលើ​កោះ​ខ្យង​ដែលមាន​ទំហំ​ផ្ទៃដី​ប្រមាណ​៥​ហិកតា​។ ដោយមាន​ការសង្ស័យ​ពី​ការធ្វើ​អាជីវកម្ម​ខុសច្បាប់​ទើប​ប្រជា​សហគមន៍​បាន​រាយការណ៍​ទៅ​មន្ត្រី​អាជ្ញាធរ​ឲ្យ​ចាត់វិធានការ​ទប់ស្កាត់​កុំ​ឲ្យ​ក្រុមហ៊ុន ឆាយ ជី​ហ៊ាង ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​។ កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៦ នៅពេល​មន្ត្រី​ជំនាញ​ចុះទៅពិនិត្យ​នៅ​កន្លែងកើតហេតុ បុគ្គលិក​និង​កម្មករ​ក្រុមហ៊ុន​ចិន​បាននាំគ្នា​រត់គេចខ្លួន​បាត់​អស់​បន្សល់ទុក​នៅ​គ្រឿងចក្រ​ដែលជា​ឧបករណ៍​សម្រាប់​រែង​យក​រ៉ែ​មាស​។

ជុំវិញ​បញ្ហា​ខាងលើនេះ​តំណាង​សហគមន៍​ជលផល​ក្នុងភូមិ​ដាល ឃុំ​ញ៉ា​ង បាន​អំពាវនាវ​ឲ្យ​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តរតនគិរី ក៏ដូចជា​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល ដកហូត​ច្បាប់​អនុញ្ញាត​ពី​ក្រុមហ៊ុន ឆាយ ជី​ហ៊ាង ជាបន្ទាន់​។ ដោយហេតុថា ក្រុមហ៊ុន​នេះ​កំពុង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ ព្រមទាំង​បំផ្លាញ​បរិស្ថាន​នៅលើ​កោះ​ខ្យង​ដូចជា ឈូសឆាយ​ព្រៃ​លើ​កោះ ជីក​កកាយ​ដី​យក​រ៉ែ​មាស និង​រែង​រ៉ែ​មាស​បង្ហូរទឹក​កខ្វក់​ចូលក្នុង​ទន្លេ ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។ ជាងនេះទៅទៀត​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តរតនគិរី បាន​អំពាវនាវ​ឲ្យ​ក្រសួង​រ៉ែ​និង​ថាមពល ចាត់វិធានការ​តាមច្បាប់​ទៅលើ​ក្រុមហ៊ុន ឆាយ ជី​ហ៊ាង ដើម្បី​ជាការ​ព្រមាន​ដល់​ក្រុមហ៊ុន​ដទៃទៀត ដែល​ធ្វើ​អាជីវកម្ម​ស្រដៀង​គ្នា​នេះ​ផងដែរ​៕

suy-sem_cen1លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល 749d8989-25b3-4875-a715-cbd10f48496c