រឿងរ៉ាវ​ឧកញ៉ា លឹម ហេង ចាក់ដី​រំលោភ​យក​បឹង​ព្រៃ​ប្រស់ កំពុង​ប្រឈម​នឹង​ការរិះគន់​យ៉ាងខ្លាំង​

ថ្មីៗ​នេះ​មានការ​ភ្ញាក់ផ្អើល​នៅក្នុង​ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ដោយសារតែ​ឧកញ៉ា លឹម ហេង ចាក់ដី​រំលោភ​យក​បឹង​ព្រែ​ប្រស់ ធ្វើជា​កម្មសិទ្ធិ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ បញ្ហា​នេះ​ធ្វើ​ឲ្យ​មន្ត្រី​អាជ្ញាធរ​ក្នុងស្រុក​កំពង់ស្វាយ ក៏ដូចជា​មន្ត្រីរាជការ​ក្នុង​ខេត្តកំពង់ធំ បញ្ចេញ​ប្រតិកម្ម​យ៉ាងខ្លាំង ហើយ​អំពាវនាវ​ឲ្យ​លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​។ មន្ត្រីរាជការ​ក្នុង​ខេត្តកំពង់ធំ បាន​លើកឡើងថា តាមច្បាប់​ភូមិបាល បឹងបួ ស្ទឹង​អូរ​ប្រឡាយ ទន្លេ រួមទាំង​បឹង​ធម្មជាតិ​នានា មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ផ្នែក​ជំនាញ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់​ទៅ​ឲ្យ​បុគ្គល​ណា​ម្នាក់​ឡើយ​។

ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​សម្ដែង​នូវ​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​រឿង​ខា្ល​ច​បាត់បង់​រមណីយដ្ឋាន​បឹង​ព្រៃ​ប្រស់ បន្ទាប់ពី​ឧកញ៉ា លឹម ហេង ប្រើ​គ្រឿងចក្រ​និង​ឡាន​ដឹក​ដី​ចាក់​លុប​មួយផ្នែក​យក​ធ្វើជា​កម្មសិទ្ធិ ដោយ​សកម្មភាព​នោះបាន​កើតឡើង​ជាច្រើន​ថ្ងៃ​មកហើយ​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា បឹង​ព្រៃ​ប្រស់ ដែល​នៅ​ខាងលិច​ស្ពាន​ព្រៃ​ប្រស់ ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ត្រូវ​ឧកញ៉ា លឹម ហេង រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ក្នុងខណៈដែល​ពលរដ្ឋ​មូលដ្ឋាន​នេះ​ខំប្រឹង​អភិរក្ស​ការពារ​បឹង​ធម្មជាតិ​កេរ​ពី​ដូនតា​។ ជាងនេះទៅទៀត​មន្ត្រី​អាជ្ញាធរ​ស្រុក​កំពង់ស្វាយ បាន​ឲ្យ​ដឹងថា ខាង​ស្រុក​មិនបាន​ចុះហត្ថលេខា​លើដី​បឹង​ព្រៃ​ប្រស់ ដែល​ឧកញ៉ា លឹម ហេង កំពុង​ទន្ទ្រាន​យក​ធ្វើជា​កម្មសិទ្ធិ​នោះទេ​។

សកម្មភាព​របស់​ឧកញ៉ា លឹម ហេង ធ្វើ​ឲ្យ​ពលរដ្ឋ​ក្នុងស្រុក​កំពង់ស្វាយ ព្រួយបារម្ភ​កាន់តែខ្លាំង​ឡើងៗ​ខ្លាច​បាត់បង់​បឹង​ធម្មជាតិ​ដែលជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ល្បីល្បាញ​រាប់រយឆ្នាំ​មកហើយ​។ បញ្ហា​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​លោក អ៊ុន បុត្រ អភិបាលស្រុក​កំពង់ស្វាយ ដែល​ទើប​មកកាន់​តំណែង​ក្នុង​រយៈពេល​ខ្លី​បាន​ឲ្យ​ដឹងថា​ឧកញ៉ា លឹម ហេង មានការ​អនុញ្ញាត​ពី​ថ្នាក់​ខេត្ត ចំណែក​ខាង​អាជ្ញាធរ​ស្រុក មិនបាន​ចុះហត្ថលេខា​ឡើយ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​យ៉ាងទទូច​ឲ្យ​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​ឧកញ៉ា លឹម ហេង ទន្ទ្រាន​ដី​បឹង​ធម្មជាតិ​យក​ធ្វើជា​កម្មសិទ្ធិ​ទៀត​។ ទន្ទឹមនឹងនេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ គួរ​ចាត់វិធានការ​ទៅលើ​មន្ត្រី​ថ្នាក់​ខេត្ត ដែលជា​អ្នក​អនុញ្ញាត​ឲ្យ​ឧកញ៉ា លឹម ហេង ចាក់ដី​លុប​បឹង​ព្រៃ​ប្រស់​ផងដែរ ដើម្បី​ជាការ​ព្រមាន​កុំ​ឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​៕

IMG_9986 IMG_9988 IMG_9985