ខ្យល់​​​មូសុង​​​នឹង​​​ធ្វើ​​​​​​មាន​​​ភ្លៀងធ្លាក់​​​​​​​​​ក្នុង​​​ពេល​​​មាន​​​ការ​​​រាំង​​​ស្ងួត​​​ខ្លាំង​​​

រដ្ឋាភិបាល​​​បាននិយាយ​​​​​​កាល​​​ពី​​​ចុង​​​សប្តាហ៍​​​នេះ​​​ថា ខ្យល់​​​មូសុង​​​ដំបូង​​​នៃ​​​រដូវ​​​នេះ​​​រំពឹង​​​ថា​​​​​​នឹង​​​​​​ឆ្លង​​​កាត់​​​តាមទូទាំង​​​​​​​​​​​​ប្រទេស​​​កម្ពុជា​​​​​​​​​នៅ​​​សប្តាហ៍​​​នេះ ដោយ​​​មាន​​​ភ្លៀង​​​​​​ចាប់​​​​​​ផ្តើម​​​ធ្លាក់​​​ឆាប់ៗ​​​នេះ ដែល​​​នាំ​​​មក​​​នូវ​​​ភាព​​​ធូរ​​​ស្រាល​​​ក្នុង​​​ពេល​​​មាន​​​ការ​​​រាំង​​​ស្ងួត​​​​​​ធ្ងន់​​​ធ្ងរ​​​បំផុត​​​​​​ក្នុង​​​រយៈ​​​ពេល​​​រាប់​​​ទសវត្ស៍​​​មក​​​នេះ។

ក្រសួង​​​ធនធានទឹក​​​និង​​​ឧតុនិយម​​​បាន​​​និយាយ​​​ក្នុង​​​សេចក្តី​​​ថ្លែងការណ៍​​​​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​​​ថា ​​​ខ្យល់​​​កន្ត្រាក់​​​​​​ត្រូវ​​​ព្យាករណ៍​​​ថា​​​នឹង​​​​​​ចាប់​​​ផ្តើម​​​នៅ​​​ថ្ងៃ​​​អង្គារ​​​​​​និង​​​​​​កើត​​​ឡើង​​​រយៈ​​​ពេល​​​មួយ​​​សប្តាហ៍​​​​​​។​​​​​​

សេចក្តី​​​ថ្លែងការ​​​ណ៍​​​បាន​​​និយាយ​​​ថា “ប្រជា​​​ពល​​​រដ្ឋ​​​​​​​គួរ​​​មានការ​ប្រុង​ប្រយ័ត្ន​​​​​​​ខ្ពស់​​​​ចំពោះ​​​​បាតុភូត​ផ្គរ​​​​រន្ទះ​ និង​​​​ខ្យល់​​​​​​​កន្ត្រាក់​ ដែល​អាច​​​​កើត​​​​មាន​អំឡុង​ពេល​ពី​ថ្ងៃ​ទី​ ១​​​៧​ ដល់ទី​ ២៥​ ​​​ខែឧសភា​”។​​​

សេចក្តី​​​ថ្លែងការណ៍​​​ក៏​​​បាន​​​និយាយ​​​ថា ​​​សីតុណ្ហភាព​​​រំពឹង​​​ថា​​​នឹង​​​ធ្លាក់​​​ចុះ​​​​​​ដល់​​​៣៤​​​អង្សា​​​សេ ពោល​​​គឺ​​​​​​​​​មាន​​​១០​​​អង្សាសេ​​​ទាប​​​ជាង​​​កម្តៅ​​​ខ្លាំង​​​ដែល​​​ធ្វើ​​​ឲ្យ​​​ក្រសួង​​​អប់​​​រំ​​​កាត់​​​បន្ថយ​​​ម៉ោង​​​សិក្សា​​​របស់​​​សិស្ស​​​​​​​​​កាល​​​ពី​​​ដើម​​​ឆ្នាំ​​​នេះ។​​​​​​​​​​​​​​​

កសិករដួសទឹក​​​ពីរណ្តៅដី​​​ដែល​​​គាត់បាន​​​ជីក​​​នៅក្នុង​​​ប្រឡាយ​​​រីង​​​ស្ងួត​​​នៅខេត្ត​​​កំពត កាលពី​​​ខែមុន។ រូបថតៈ John Vink/ឌឹ ខេមបូឌា ដេលី​​​

លោក កែវ វី អ្នក​​​នាំ​​​ពាក្យ​​​គណៈកម្មាធិការ​​​ជាតិ​​​គ្រប់​​​គ្រង​​​គ្រោះ​​​មហន្តរាយ​​​ បាន​​​និយាយ​​​ថា ខ្យល់​​​កន្ត្រាក់​​​​​​នឹង​​​បង្ក​​​ឲ្យ​​​មាន​​​ភ្លៀង​​​ធ្លាក់​​​​​​នៅ​​​ដើម​​​ខែ​​​មិថុនា ដោយ​​​​​បញ្ចប់​​​ពេល​​​រាំង​​​ស្ងួត​​​​​​ដែល​​​​​​រដ្ឋាភិបាល​​​​​​កាល​​​ពី​​​មុន​​​​​​បាន​​​ព្យាករណ៍​​​ថា​​​​​​អាច​​​​​​កើត​​​ឡើង​​​រហូត​​​ដល់​​​ខែ​​​កក្កដា។​​​

លោក វី បាន​​​មាន​​​ប្រសាសន៍​​​ថា “ការ​​​មក​​​ដល់​​​នៃ​​​ខ្យល់​​​មូសុង​​​​​​គឺ​​​ជា​​​សញ្ញា​​​ល្អ​​​សម្រាប់​​​កសិករ ព្រោះ​​​វា​​​មាន​​​ភ្លៀង​​​ជោក​​​​​​ជាំ ដើម្បី​​​ឲ្យ​​​កសិករ​​​​​​ភ្ជូរ​​​ស្រែ​​​ដាំ​​​ស្រូវ​​​បាន​​​ មុន​​​នឹង​​​រដូវ​​​វស្សា​​​មក​​​ដល់”។​​​ លោក​​​បាន​​​និយាយ​​​ថា​​​ ការស្ទូង​​​ស្រូវ​​​ត្រូវពន្យារ​​​ពេលនៅ​​​ឆ្នាំ​​​នេះ​​​​​​ ដោយសារ​​​តែ​​​មិនមាន​​​ភ្លៀង​​​គ្រប់គ្រាន់​​”។

លោក ផូល ខុនរ៉ាដ នាយកកម្មវិធី​​​គ្រប់គ្រង​​​គ្រោះមហន្តរាយ​​​របស់​​​អង្គការ​​​ក្រៅរដ្ឋាភិបាល​​​‎ភីព​​​ផល​​​អ៊ីន​​​នីដ‬បាន​​​និយាយ​​​ថា ភ្លៀង​​​នឹង​​​ផ្តល់​​​ប្រយោជន៍​​​ដល់​​​ពលរដ្ឋ​​​ខ្មែរ​​​តាមកម្រិត​​​​​​បុគ្គល​​​ម្នាក់ៗ ​​​ប៉ុន្តែ នឹង​​​​​​មិន​​​អាច​​​ប៉ះ​​​ប៉ូវ​​​បញ្ហាខូច​​​ខាត​​​ដែល​​​បង្កដោយ​​​ការ​​​រាំងស្ងួត​​​បាន​​​ទេ។​​​

លោក ផូល ខុនរាដ បាន​​​សរសេរ​​​ក្នុង​​​សារ​​​អីុម៉ែល​​​ថា “ពលរដ្ឋនឹងអាច​​​ត្រងទឹក​​​ភ្លៀង​​​ ហើយ​​​ប្រើ​​​ទឹកនេះ​​​ដើម្បី​​​ផ្គត់ផ្គង់​​​សេចក្តី​​​ត្រូវ​​​ការ​​​របស់​​​គ្រួសារ​​​ពួកគេ​​​មានដូចជា​​​ ការដាំបន្លែបង្ការ​​​នៅតាម​​​ផ្ទះ​​​ ផ្តល់ទឹក​​​ស្អាត​​​សម្រាប់​​​សត្វ​​​ចិញ្ចឹម​​​ និង​​​មាន​​​ទឹក​​​ប្រើប្រាស់​​​ដើម្បី​​​លើក​​​កម្ពស់​​​អនាម័យ​​​ផ្ទាល់ខ្លួន​​​”។

ប៉ុន្តែ នៅក្នុង​​​តំបន់​​​ដែល​​​ទទួល​​​រង​​​ការរាំងស្ងួត​​​ខ្លាំង​​​មានដូចជា​​​ខេត្តកោះកុង​​​ ដែលលោក​​​ ខុនរាដ និយាយថា មិនមានភ្លៀង​​​ខ្លាំងទេ ចាប់តាំង​​​ពីខែធ្នូមកម្លេ៉ះ គឺវាត្រូវការ​​​​​​ព្យុះភ្លៀង​​​មួយ​​​ដើម្បី​​​កែ​​​ផលប៉ះពាល់​​​អវិជ្ជមាន​​​នៃ​​​ការ​​​រាំងស្ងួត។

លោក ខុនរាដ បាននិយាយថា “យើង​​​ត្រូវការ​​​ភ្លៀង​​​ធ្លាក់​​​ជាបន្ត​​​បន្ទាប់​​​​​​បួន​​​ប្រាំខែ ដើម្បី​​​ធ្វើ​​​ឲ្យ​​​សហគមន៍​​​ទទួល​​​បាន​​​កម្រិត​​​ទឹក​​​ភ្លៀងច្រើន​​​ គឺ​​​កម្រិត​​​ចិរភាព​​​។ ភ្លៀង​​​ពីរទៅបីថ្ងៃ​​​មិនអាច​​​មាន​​​ឥទ្ធិពល​​​ច្រើន​​​ក្នុងការចាក់​​​បំពេញ​​​​​​ទឹកក្រោមដី​​​ដែលបាន​​​​​​ថយចុះ​​​នោះ​​​បាន​​​ទេ”។

ផលប៉ះពាល់​​​នៃ​​​ភាព​​​រាំងស្ងួត​​​ដែល​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​ ហ៊ុន សែន ចាត់ទុកថា​​​ជាគ្រោះ​​​ធម្មជាតិ​​​​​​ដ៏អាក្រក់​​​បំផុត​​​ក្នុង​​​រយៈពេល​​​មួយសត​​​វត្សរ៍​​​ បាន​​​ធ្វើ​​​ឲ្យ​​​ខូចខាត​​​ដល់​​​ប្រទេសយ៉ាង​​​ច្រើន​​​ ជាពិសេស​​​ប្រជាជន​​​តាម​​​ជន​​​បទដែល​​​ពឹងពាក់​​​លើ​​​ទឹក​​​ភ្លៀង​​​ តាំង​​​ពី​​​សម្រាប់​​​ផឹក​​​​​​រហូត​​​ដល់​​​ធ្វើស្រែ​​​ចម្ការ។

លោក ហ៊ុន សែន បាន​​​ធ្វើ​​​យុទ្ធនាការ​​​ជួយសង្គ្រោះ​​​​​​កាល​​​ពី​​​ចុង​​​ខែមុន ដែលនៅពេល​​​នោះ មាន​​​រថយន្ត​​​យោធា​​​មួយរយគ្រឿង​​​ដែលដឹក​​​ជញ្ជូន​​​ទឹក​​​ពី​​​៤.០០០ទៅ​​​៦.០០០លីត្រ​​​ក្នុង​​​មួយ​​​គ្រឿងៗ​​​ ដើម្បី​​​បញ្ជូន​​​ទៅ​​ចែកចាយ​​​ក្នុង​​​​តំបន់​​​ដែល​​​ទទួលរង​​​ផល​​​ប៉ះពាល់ខ្លាំង ចំណែកឯ​​​អភិបាល​​​ខេត្ត​​​ទាំង​​​អស់​​​ត្រូវទទួល​​​បទ​​​បញ្ជា​​​ឲ្យ​​​នៅក្នុង​​​ខេត្ត​​​របស់​​​ខ្លួន​​​រហូត​​​​​​ដល់​​​ភាព​​​រាំងស្ងួត​​​បាន​​​ធូរស្រាល៕​​​​​​​​​​​​​​​​​​​​​

 

 

 

The post ខ្យល់​​​មូសុង​​​នឹង​​​ធ្វើ​​​​​​មាន​​​ភ្លៀងធ្លាក់​​​​​​​​​ក្នុង​​​ពេល​​​មាន​​​ការ​​​រាំង​​​ស្ងួត​​​ខ្លាំង​​​ appeared first on ខេមបូឌា ដេលី.