CMAC​ បោសសម្អាត​គ្រាប់មីន​រួច​ លើ​ដី​៣០០​ហិកតា​ សម្រាប់​រាជរដ្ឋាភិ បាល​ផ្តល់​ដី​កសិកម្ម​ជូន​ពលរដ្ឋ​

CMAC​ បោសសម្អាត​គ្រាប់មីន​រួច​ លើ​ដី​៣០០​ហិកតា​ សម្រាប់​រាជរដ្ឋាភិ បាល​ផ្តល់​ដី​កសិកម្ម​ជូន​ពលរដ្ឋ​



ព្រះវិហារ ៖ បច្ចុប្បន្ន​នេះ អង្គការ​ស៊ីម៉ាក់​ ដែល​មាន​ភារកិច្ច​បោសសម្អាត​ផ្ទៃដី​មាន​គ្រាប់មីន​មិន​ទាន់​ផ្ទុះ ​ដែល​មាន​មូលដ្ឋាន​ក្នុង​ឃុំ​ស្រអែម​ ស្រុក​ជាំ​ក្សាន្ត​ នៅតែ​បន្ត​រាវរក​គ្រាប់មីន ​ស្ថិតនៅ​ឃុំ​យាង​ និង​ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត​ លើ​ផ្ទៃដី​ចំនួន​៥​ពាន់​ហិកតា​ ស្នើសុំ​ដោយ​ក្រុមការងារ​ពិសេស​ថ្នាក់​ជាតិ​ចំណុះ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ​ឃុំ​យាង ​និង​ឃុំ​កន្ទួត​ ជា​អតីត​ទឹកដី​មាន​សង្គ្រាមស៊ីវិល ​និង​ជា​សមរភូមិ​ក្ដៅ ​រវាង​ទាហាន​ខ្មែរក្រហម​ និង​ទាហាន​សម័យ​រដ្ឋ​កម្ពុជា​ គឺ​វា​អាច​បន្សល់ទុក​គ្រាប់មីន​មិនទាន់​ផ្ទុះ​កប់​ក្នុង​ដី​មួយ​ចំនួន។

អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៦​ ខែ​ឧសភា ឆ្នាំ​២០១៦​ថា ​ផ្ទៃដី​ចំនួន​៣០០​ហិកតា​ក្នុងចំណោម​ផ្ទៃដី​ដោះ​គ្រាប់មីន​ចំនួន​៥​ពាន់​ហិកតា​ ដែល​ប្រតិបត្តិ​ការ​រំដោះ​គ្រាប់មីន​ដោយ​អង្គការ​ស៊ីម៉ាក់ ​ត្រូវ​បាន​ប្រគល់​ជា​ជំហាន​ទី​១​ជូន​ក្រុមការងារ​ពិសេស​ថ្នាក់ ​ប្រចាំ​ព្រំដែន​ប្រាសាទ​ព្រះវិហារ​រួច​ហើយ ​កាលពី​ថ្ងៃ​ទី​១០​ឧសភា​ថ្មីៗ​នេះ​។​ អង្គការ​ស៊ីម៉ាក់​ កំពុង​បន្ត​រាវរក​ និង​ដោះ​គ្រាប់មីន​បន្ត​ទៀត​ ដើម្បី​ឈាន​ទៅ​បញ្ចប់​គម្រោង​ដោះមីន​ចំនួន​៥​ពាន់​ហិកតា។​

អាជ្ញាធរ​មូលដ្ឋាន​បន្ត​ថា​ ក្រុមការងារ​ពិសេស​ថ្នាក់​ជាតិ ​នឹង​រៀបចំ​បែង ចែក​ផ្ទៃដី​ដែល​ដោះ​មីន​រួច​ឲ្យ​ទៅ​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​ភូមិ​ធម្មជាតិ​ សម្តេច​តេ​ជោ​ ឃុំ​ស្រអែម​ ស្រុក​ជាំ​ក្សាន្ត​ ក្នុង​មួយ​គ្រួសារ​ទទួល​បាន​របប​គោលនយោបាយ​ដី​កសិកម្ម​បន្ថែមចំនួន​០២​ហិកតា​ សម្រា​ប់ធ្វើ​ស្រែចម្ការ​ ដើម្បី​លើកស្ទួយ​ជីវភាព​រស់នៅ​ឲ្យ​កាន់តែ​ប្រសើរ។

មន្ត្រី​អង្គការ​ស៊ីម៉ាក់​បាន​ឲ្យ​ដឹង​ថា ​ផ្ទៃដី​ដែល​បោសសម្អាត​គ្រាប់មីន​រួច​ មាន​ចំនួន​៣​រយ​ហិកតា ​លើ​ឃុំ​ចំនួន​០២​ គឺ​ឃុំ​យាង​ និង​ឃុំ​កន្ទួត​។​

មន្ត្រី​បន្ត​ថា​ ភូមិ​កំ​ពេញ ​ឃុំ​យាង​ មាន​ផ្ទៃដី​ដោះ​មីន​រួច​ចំនួន​៧០​ភាគរយ ​និង​ភូមិ​ស្រអែម​ត្បូង​មាន​ផ្ទៃដី​ដោះ​មីន​រួច​ចំនួន​៣០​ភាគរយ​ លើ​ផ្ទៃដី​ដោះមីន​រួច​ចំនួន​៣​រយ​ហិកតា​។​

មន្ត្រី​ដដែល​បញ្ជាក់​ថា ​លទ្ធផល​បោសសម្អាត​ផ្ទៃដី​មាន​គ្រាប់មីន​បាន​ចំនួន​៣​រយ​ហិកតា ​គិត​ចាប់​តាំងពី​ថ្ងៃ​ទី​១១​មីនា ​ដល់​១០​ឧសភា ​ឆ្នាំ​២០១៦ ហើយ​ចំនួន​គ្រាប់មីន​ដែល​អង្គការ​ស៊ីម៉ាក់​រំដោះ​បាន​ពី​ផ្ទៃដី​ខាងលើ ​លោក​មិន​ចាំ​ទេ​ ទាល់តែ​ពិនិត្យមើល​ក្នុង​របាយការណ៍​សិន​៕
CMAC​ បោសសម្អាត​គ្រាប់មីន​រួច​ លើ​ដី​៣០០​ហិកតា​ សម្រាប់​រាជរដ្ឋាភិ បាល​ផ្តល់​ដី​កសិកម្ម​ជូន​ពលរដ្ឋ​