សម្តេច​តេ​ជោ ​នឹង​ចេញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​នៅ​សហព័ន្ធ​រុស្ស៊ី​នា​យប់​ថ្ងៃ​ទី​១៦ ខែ​​ឧសភា​នេះ

សម្តេច​តេ​ជោ ​នឹង​ចេញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​នៅ​សហព័ន្ធ​រុស្ស៊ី​នា​យប់​ថ្ងៃ​ទី​១៦ ខែ​​ឧសភា​នេះ



ភ្នំពេញ ​៖ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សហព័ន្ធ​រុស្ស៊ី រយៈពេល​៥​ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៦​ ហើយ​បើ​តាម​មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​បាន​បញ្ជាក់​ថា សម្តេច​នឹង​ចេញដំណើរ​នា​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៦ ខែ​ឧសភា នេះ។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ចុះ​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៦ បាន​ឲ្យ​ដឹង​ថា តាម​ការ​អញ្ជើញ​របស់​លោក ឌី​មី​ឌ្រី មេ​ដ​វេ​ដេ​វ (Dmitry MEDVEDEV) នាយករដ្ឋមន្ត្រី​នៃ​សហព័ន្ធ​រុស្ស៊ី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ការងារ និង​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អាស៊ាន​-​រុស្ស៊ី នៅ​ទីក្រុង​មូស្គូ និង​សូ​ឈី​សហព័ន្ធ​រុស្ស៊ី រយៈពេល​៥ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៦។

តាម​ក្រសួងការបរទេស​បញ្ជាក់​ថា គណៈប្រតិភូ​អម​ដំណើរ​រួមមាន លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក​ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​​​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​សមាជិក​រាជរដ្ឋាភិបាល​កម្ពុជា​ដទៃទៀត​ ហើយ​ក្នុងអំឡុងពេល​ទស្សនកិច្ច​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​ជួបពិភាក្សា​ការងារ​ជាមួយ​លោក វ្លា​ឌី​មៀរ ពូ​ទីន ប្រធានាធិបតី​នៃ​សហព័ន្ធ​រុស្ស៊ី និង​ជួប​ចរចា​ទ្វេភាគី​ជាមួយ​លោក Dmitry MEDVEDEV នាយករដ្ឋមន្ត្រី នៃ​សហព័ន្ធ​រុស្ស៊ី។ ទន្ទឹម​នឹង​នោះ មាន​ឯកសារ​សំខាន់ៗ មួយ​ចំនួន នឹង​ត្រូវ​ចុះហត្ថលេខា ដើម្បី​ពង្រឹង ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជា​ផ្លែផ្កា​រវាង​កម្ពុជា និង​រុស្ស៊ី។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បាន​បញ្ជាក់​ដែរ​ថា នៅ​​ក្នុង​អំឡុង​ពេល​បំពេញ​ទស្សនកិច្ច ដើម្បី​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អាស៊ាន​-​រុស្ស៊ី នេះ​ដែរ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​ជួប​ទ្វេភាគី​ជាមួយ​លោក​ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ក្រោយពី​បញ្ចប់​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អាស៊ាន​-​រុស្ស៊ី​នោះ​ផង​ដែរ៕
សម្តេច​តេ​ជោ ​នឹង​ចេញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​នៅ​សហព័ន្ធ​រុស្ស៊ី​នា​យប់​ថ្ងៃ​ទី​១៦ ខែ​​ឧសភា​នេះ

សម្តេច​តេ​ជោ ​នឹង​ចេញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​នៅ​សហព័ន្ធ​រុស្ស៊ី​នា​យប់​ថ្ងៃ​ទី​១៦ ខែ​​ឧសភា​នេះ