បទ​លើ្ម​ស​គ្រឿងញៀន​និង​ល្បែងស៊ីសង​រាលដាល​យ៉ាង​ពេញបន្ទុក​ក្នុង​ក្រុង​បាត់ដំបង​

ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​អូរ​ចារ និង​សង្កាត់​រតនៈ ក្រុង​បាត់ដំបង បាន​រិះគន់ថា លោក យឹម វិចិត្រ អធិការនគរបាល​ក្រុង​បាត់ដំបង ដែលមាន​លោក ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង ជា​ខ្នងបង្អែក​មិន​យកចិត្តទុកដាក់​លុបបំបាត់​បទល្មើស​ផ្សេងៗ ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​នោះទេ​។ ហេតុនេះហើយ​ទើប​បទល្មើស​ជួញដូរ​ចែកចាយ ប្រើប្រាស់​គ្រឿងញៀន រាលដាល​កាន់តែខ្លាំង​ឡើងៗ​នៅក្នុង​ក្រុង​បាត់ដំបង ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​។ ក្នុងការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅ​ក្រុង​បាត់ដំបង នាពេល​កន្លងមក​គឺជា​ចំណាត់ការ​របស់​កងរាជអាវុធហត្ថ ចំណែក​នគរបាល​ក្រោម​ការគ្រប់គ្រង​របស់លោក យឹម វិចិត្រ គិតតែ​ពី​រឿង​ប្រមូល​ផលប្រយោជន៍​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​ក្រអឺតក្រទម​។

​កាលពី​រសៀល​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៦ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​មេខ្លោង​ចែកចាយ​គ្រឿងញៀន ហើយ​ដកហូត​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​៣១​កញ្ចប់​ស្មើនឹង​៣៩៤.៧៦​ក្រាម ព្រមទាំង​យ៉ាម៉ា​៥​គ្រាប់ និង​សម្ភារៈ​មួយចំនួនទៀត​។ ប្រតិបត្តិការ​នេះ​ធ្វើឡើង​នៅ​បរិវេណ​វត្ត​កណ្ដាល ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ហើយ​ប្រជាពលរដ្ឋ​គាំទ្រ​យ៉ាង​ខ្លាំងក្លា​ចំពោះ​ចំណាត់ការ​របស់​សមត្ថ​កិច្ច​កងរាជអាវុធហត្ថ​។ ជនសង្ស័យ​ឈ្មោះ សោម ស៊ីន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ បាន​សារភាព​ចំពោះមុខ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ថា ខ្ឡួ​ន​ចែកចាយ​គ្រឿងញៀន​៦​ខែ​មកហើយ គឺ​នៅ​ក្រុង​ប៉ោយប៉ែត និង​ខេត្តបន្ទាយមានជ័យ រយៈពេល​៤​ខែ ចំណែក​នៅ​ក្រុង​បាត់ដំបង មាន​រយៈពេល​២​ខែ​។

​នៅក្នុង​ក្រុង​បាត់ដំបង នេះ​ដែល​ល្បែងភ្នាល់​ទឹកភ្លៀង​កំពុង​កក្រើក​យ៉ាង​ពេញបន្ទុក​ក្រោយពេល​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ចាប់តាំងពី​ដើមខែ​ឧសភា​រហូតមក ហើយ​មិនឃើញ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច ចាត់វិធានការ​បង្ក្រាប​ឡើយ​។ សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អ​ញ៉ា​ញ សង្កាត់​អូរ​ចារ បាន​ឲ្យ​ដឹងថា ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​មាន​អ្នកបើក​ល្បែងភ្នាល់​ទឹកភ្លៀង​ឈ្មោះ តា​ល់ ដែល​គេ​ស្គាល់​ថា​ជា​ប្អូនធម៌​របស់លោក យឹម វិចិត្រ អធិការនគរបាល​ក្រុង​បាត់ដំបង​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ចន្ទ សុផល អភិបាលខេត្ត​បាត់ដំបង និង​លោក ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​និង​ល្បែងស៊ីសង​ក្នុង​ក្រុង​បាត់ដំបង​ជាបន្ទាន់ ព្រោះ​បទល្មើស​ទាំងនោះ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម ក៏ដូចជា​ការរស់នៅរ​បស់​ប្រជាពលរដ្ឋ​៕

12784758_1528683037427273_916902528_nលោក យឹម វិចិត្រ អធិការនគរបាលក្រុងបាត់ដំបង vv03 vv04