ជនល្មើស​បន្ត​កាប់​ឈើ​នៅ​តំបន់ភ្នំ​ក្រវាញ និង​ភ្នំ​ឱ​រ៉ា​ល់ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​

ក្រុម​ឈ្មួញ​ដែល​ប្រកបរ​បរកាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅក្នុង​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ នៅតែ​បន្តសកម្មភាព​យ៉ាង​គឃ្លើន​ដោយសារ​មានការ​បើកដៃ​ពី​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​ផលប្រយោជន៍​។ ជាក់ស្តែង​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា​ក្នុងព្រៃ​ស្រុក​ភ្នំក្រវាញ មាន​បទល្មើស​កាប់​ឈើ​យ៉ាង​ពេញបន្ទុក ហើយ​ឈើ​ទាំងនោះ​ត្រូវបាន​គេ​ដឹក​ចូលមក​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ដើម្បី​អារច្រៀក​និង​ដឹកជញ្ជូន​ចែកចាយ​បន្តទៀត​។ សកម្មជន​ព្រៃឈើ​បាន​ឲ្យ​ដឹងថា មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ឡើយ ព្រោះ​ពួកគេ​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​។

​ប្រភពពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់​មាន​ម៉ាស៊ីន​អារច្រៀក​ឈើ​កំពុងដំណើរការ​យ៉ាង​ពេញបន្ទុក ហើយ​មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ដទៃទៀត​នៅ​ពី​ក្រោយខ្នង​។ លើស​នេះ​ទៅទៀត​ឈ្មួញ​កាប់​ឈើ​និង​អារឈើ​នៅក្នុង​ស្រុក​ភ្នំក្រវាញ និង​ស្រុក​ឱ​រ៉ា​ល់ ត្រូវបាន​គេ​ស្គាល់​ថា​ជា​មន្ត្រី​យោធា​នៅ​យោធភូមិភាគ​៣ ហើយ​មានការ​សម្របសម្រួល​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាប្រចាំ ទើប​អ្វីៗ​អាច​ដំណើរការ​ដោយ​រលូន​។ ហេតុនេះហើយ​ទើប​កាលពី​យប់​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​គោយន្ត​ដឹកឈើ​ជាច្រើន​គ្រឿង​បាន​ដឹកឈើ​ប្រភេទ​ផ្ចឹក សុ​ក្រំ និង​ធ្នង់ ចេញពី​ក្នុង​តំបន់​ព្រៃ​អភិរក្ស​ដែន​ជម្រក​សត្វ​ភ្នំ​ឱ​រ៉ា​ល់​។

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​ឱ​រ៉ា​ល់ បាន​ឲ្យ​ដឹងថា ឈើ​ដែល​គេ​ដឹង​ចេញពី​ព្រៃភ្នំ​ក្រវាញ ចូល​ស្រុក​ឱ​រ៉ា​ល់ គឺ​បាន​ចូល​មកដល់​តំបន់​ត្រពាំង​ជោរ ឃុំ​អម​លាំង ដោយមាន​យោធា​យោធភូមិភាគ​៣​ជា​អ្នកការពារ​ទៀតផង​។ ឈើ​ដែល​ឈ្មួញ​ដឹកជញ្ជូន​នោះ​ត្រូវបាន​គេ​យកមក​អារច្រៀក​ដឹកជញ្ជូន​ចូល​ខេត្តកំពង់ស្ពឺ និង​ខេត្តកំពង់ឆ្នាំង ហើយ​សមត្ថកិច្ច​នៅតាម​ដងផ្លូវ​មិន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ ព្រោះ​ខ្លាច​បាត់បង់​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ បញ្ហា​នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ក៏ដូចជា​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន មិនត្រូវ​មើលរំលង​តទៅទៀត​ទេ ព្រោះ​ព្រៃឈើ​នៅ​តំបន់​ភ្នំក្រវាញ និង​តំបន់ភ្នំ​ឱ​រ៉ា​ល់ នៅតែ​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ ហើយ​ឈ្មួញ​តែងតែ​ឃុបឃិត​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​បរិស្ថាន​ក្នុង​តំបន់​នេះ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​៕

k-oral1-500x281 k-oral