ស្លាប់​ជាង​300​នាក់​ដោយសារ​ការ​ប្រយុទ្ធ​គ្នា​រវាង​បណ្តា​ក្រុម​ឧទ្ទាម​ជិត​ក្រុង​ដា​ម៉ាស់

អង្គការក្រៅរដ្ឋាភិបាល​មួយ​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៥ ឧសភា ថា ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​ចាប់តាំងពី​២០​ថ្ងៃ​មក​ហើយ រវាង​បណ្តា​ក្រុម​ឧទ្ទាម​អ៊ិ​ស្លា​ម​និយម ដែល​ប្រឆាំង​គ្នា​ដើម្បី​ដណ្តើម​ត្រួតត្រា​ទីតាំង​ឧទ្ទាម​មួយ​កន្លែង​នៅ​ជិត​ក្រុង​ដា​ម៉ាស់ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ដល់​ជាង​៣០០​នាក់ ។

ការ​ប្រយុទ្ធ​គ្នា​នៅ GHOUTA ខាងកើត​ភាគ​ខាងកើត​ក្រុង​ដា​ម៉ាស់ កើត​មាន​រវាង​ក្រុម JAICH AL-ISLAM ជា​ក្រុម​ឧទ្ទាម​អ៊ិ​ស្លា​ម​និយម​ខ្លាំង​មួយ​គាំទ្រ​ដោយ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ហើយ​ជា​ក្រុម​ចូលរួម​ក្នុង​ការ​ចរចា​សន្តិភាព​ក្រុង​ហ្សឺ​ណែវ និង​ក្រុម​សម្ព័ន្ធភាព​នៃ​ចលនា FAYLAQ AL-RAHMANE ជា​ក្រុម​អ៊ិ​ស្លា​ម​និយម​មួយ និង​នៃ​ចលនា​រណសិរ្ស​អាល់​ណូ​ស្ត្រា ជា​សាខា​អាល់​កៃ​ដា​នៅ​ស៊ី​រី ។

លោក​រ៉ា​មី អាប់​ដែល រ៉ា​ហ៍​ម៉ា​ន នាយក​នៃ​អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​គូសបញ្ជាក់​ប្រាប់ AFP ថា យុទ្ធ​ជន​ជាង​៣០០​នាក់​នៃ​បណ្តា​ក្រុម​ដែល​ប្រយុទ្ធ​គ្នា​ថែម​ជន​ស៊ី​វិល​១០​នាក់ បាន​ត្រូវ​ស្លាប់​ក្នុង​ការ​ប្រយុទ្ធ​គ្នា ដើម្បី​ដណ្តើម​ត្រួតត្រា​តំបន់ GHOUTA ចាប់តាំងពី​ថ្ងៃ​ទី​២៨ មេ​សា មក ។

មូលដ្ឋាន​ជា​ច្រើន​នៃ​តំបន់ GHOUTA ជាទី​តាំង​សំខាន់​របស់​ពួក​ឧទ្ទាម​ក្នុង​ខេត្ត​ដា​ម៉ាស់ ត្រូវ​ឡោម​ព័ទ្ធ​ដោយ​កងទ័ព​នៃ​របប​លោក​បា​ចា​អាល់​អាសា​ដ ។ យោង​តាម​លោក​អាប់​ដែល រ៉ា​ហ៍​ម៉ា​ន​ថា ការ​ប៉ះទង្គិច​គ្នា​ចាប់ផ្តើម ពេល​ក្រុម FAYLAQ AL-RAHMANE វាយប្រហារ​លើ​ក្រុម JAICH  AL-ISLAM ។ ក្រុម FAYLAQ AL-RAHMANE ជា​ក្រុម​ឧទ្ទាម​សំខាន់​នៅ GHOUTA ខាងកើត ហើយ​ប្រមុខ​នយោបាយ​ក្រុម​នេះ​ម្នាក់ លោក MOHAMMED ALLOUCHE ត្រូវ​បាន​តែងតាំង​ជា​ប្រមុខ​អ្នក​ចរចា​សម្រាប់​ការ​ចរចា​សន្តិភាព​នៅ​ទីក្រុង​ហ្សឺ​ណែវ ដែល​វគ្គ​ចរចា​លើក​ក្រោយ​កាលពី​ខែមេសា ពុំ​សម្រេច​បានការ​រីក​ចម្រើន​ទៅ​មុខ​ណាមួយ​ឡើយ ។

ពួក​បះបោរ​ប្រដាប់​អាវុធ​ប្រឆាំង​របប​លោក​អាសា​ដ មានការ​បែកបាក់​គ្នា​យ៉ាង​ខ្លាំង រវាង​ក្រុម​ជី​ហា​ដ ក្រុម​អ៊ិ​ស្លា​ម​និយម និង​ក្រុម​ឧទ្ទាម​និយម​កណ្តាល​ជា​ច្រើន ៕