ផ្អើល​លក់​ស្រា​បៀរ​ហួស​កាលបរិច្ឆេទ

ផ្អើល​លក់​ស្រា​បៀរ​ហួស​កាលបរិច្ឆេទ



ខេត្តកំពង់ធំ ៖ ក្រុមហ៊ុនស្រា​បៀរ​ឆៀ​របា​ន​រៀបចំ​កម្មវិធី​ប្រគំ​តន្ត្រី​នៅ​កីឡដ្ឋាន​ចាស់ ស្ថិត​ក្នុងភូមិ​ក្តី សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹង​សែន ចាប់ពី​ថ្ងៃ​ទី​១២ ខែឧសភា រហូត​ដល់​យប់​ថ្ងៃ​ទី​១៤ ខែឧសភា គឺ​រយៈពេល​៣​ថ្ងៃ ។ ក្នុង​រយៈពេល​នៃ​ការ​ប្រគំ​នេះ ក្រុមហ៊ុន​ខាងលើ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ស្ទឹង​សែន​ចោទ​ថា លក់​ស្រា​បៀរ​ហួស​កាលបរិច្ឆេទ ។

ក្រុម​ប្រជាពលរដ្ឋ​លើក​ឡើង​ថា នៅ​យប់​ថ្ងៃ​១២ ខែឧសភា ពួក​គាត់​បាន​នាំ​គ្នា​ទិញ​ស្រា​បៀរ​ទទួលទាន​ទាំង​កំប៉ុង​និង​ដប ហើយ​មិន​ត្រឹមតែ​ទទួលទាន​នៅ​នឹង​កន្លែង​ទេ គឺ​អ្នកខ្លះ​នាំ​គ្នា​ទិញ​យក​ទៅ​ផ្ទះ​ទុក​ទទួលទាន​ទៀត ព្រោះតែ​តម្លៃ​ថោក​សមរម្យ ។ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​១៣ ខែឧសភា ស្រាប់តែ​ពិនិត្យ​កាលបរិច្ឆេទ​ឃើញ​ថា ផុត​កាលកំណត់​ប្រើប្រាស់ ។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​នាំ​យក​ស្រា​បៀរ​ហួស​កាលបរិច្ឆេទ​ចូល​មក​មក​ដាក់​តាំង​លក់​ឲ្យ​ប្រជាពលរដ្ឋ​នេះ នៅ​ល្ងាច​ថ្ងៃ​ទី​១៤ ខែឧសភា ភ្នាក់ងារ​ព័ត៌មាន​យើង បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​ខាង​តំណាង​ក្រុមហ៊ុនស្រា​បៀរ​ឆៀ​រ​តាម​ទូរស័ព្ទ​លេខ ០១៦ ៩៨ ០៩ ០៦ តែ​បាន​បដិសេធ​ថា ខាង​ក្រុមហ៊ុន​មិន​មាន​យក​ស្រា​បៀរ​ផុត​កាលកំណត់​ប្រើប្រាស់​មក​លក់​ទេ ។ បើ​មាន​មែន​សូម​ហៅ​ខាង​កាំកុងត្រូល​មក​ពិនិត្យ​ចុះ ឯ​រឿង​សម្បក​ឡាំង​ស្រា​បៀរ​ផុត​កាលកំណត់ ជួនកាល​កេសរ​ហែក ក៏​យក​សម្បក​កេស​ផ្សេង​មក​ដាក់​ទៅ បើ​ចង់​ច្បាស់​សូម​ពិនិត្យ​មើល​នៅ​បាត​កំប៉ុង ។

លោក​វរសេនីយ៍ទោ វ៉ា ចាន់​កុសល នាយ​រង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ថ្លែង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែឧសភា លោកស្នងការ​នគរបាល​ខេត្ត បាន​បញ្ជា​ឲ្យ​លោក​ដឹកនាំ​កងកម្លាំង​ចុះ​ទៅ​ត្រួតពិនិត្យ​ឃើញ​តែ​ស្រា​បៀរ​ដែល​មិន​ផុតកំណត់​ប្រើប្រាស់ ។

លោក ស៊ុន ហេង ប្រធាន​មន្ទីរ​ពា​ណិ​ណ្ជ​កម្ម​ខេត្ត ថ្លែង​ថា នៅ​កំពង់ធំ​ពុំ​មាន​ខាង​កាំកុងត្រូល​ប្រចាំការ​ទេ ហើយ​ការ​នាំ​ចូល​ក៏​ឆ្លងកាត់​ខាង​គយ និង​ខាង​កាំកុងត្រូល​ត្រួតពិនិត្យ​រួច​ហើយ​ដែរ តែ​មិនដឹង​យ៉ាងម៉េច​បានជា​មាន​ព័ត៌មាន​ថា មានការ​នាំ​ចូល​ស្រា​បៀរ​ផុតកំណត់​ប្រើប្រាស់​មក​លក់​ទៀត ។

លោក គង់ វិមាន អភិបាលរង​ខេត្ត ទទួល​បន្ទុក​ខាង​ពាណិជ្ជកម្ម​ថ្លែង​ថា លោក​ក៏​ពុំ​បានដឹង​អំពី​ករណី​ស្រា​បៀរ​ឆៀ​រ​ហួស​កាលបរិច្ឆេទ​យក​មក​លក់​ដែរ ហើយ​លោក​នឹង​ចាត់​ឲ្យ​មន្ត្រី​កាំកុងត្រូល​សហការ​គ្នា​ចុះ​ទៅ​ត្រួតពិនិត្យ បើ​បាន​លទ្ធផល​យ៉ាងណា​នឹង​ជម្រាប​ជូន​នៅ​ពេល​ក្រោយ ។

ជុំវិញ​បញ្ហា​នេះ ប្រជាពលរដ្ឋ​នាំ​គ្នា​និយាយ​រិះគន់​ដល់​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ថា មិន​គួរ​ណា​បណ្តែតបណ្តោយ​ឲ្យ​ក្រុមហ៊ុនស្រា​បៀរ​ឆៀ​រ នាំ​យក​ស្រា​បៀរ​ហួស​កាលកំណត់​ប្រើប្រាស់ មក​លក់​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទិញ​ហូប​យ៉ាង​ដូច្នេះ​សោះ ពីព្រោះ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព ព្រមទាំង​អាយុជីវិត​ពលរដ្ឋ​ទៀត​ផង ដែល​គាត់​មិន​បានដឹង ហើយ​នាំ​គ្នា​ទៅ​ទិញ​ហូប ។

ប្រជាពលរដ្ឋ​សំណូមពរ​ដល់​ខាង​កាំកុងត្រូល​មេត្តា​ពិនិត្យ​មើល​ផង និង​អាជ្ញាធរ​ក្រុង ខេត្ត​សូម​មេត្តា​ពិនិត្យ​មើល​ឲ្យ​បាន​ច្បាស់​សិន​មុន​នឹង​ឲ្យ​នាំ​ចូល​មក​ដាក់​តាំង​លក់ ៕