ប្រពន្ធដើម​លោក​«​គីនីន​» នាំ​កូន​មករក​រឿង​នាង​ចុង ផ្អើល​នៅ​សង្កាត់​បឹង​សាឡាង​

​រាជធានី​ភ្នំពេញ : «​ពិតជា​មិន​ខុស​ទេ​ដែល​បទ​ចម្រៀង​លោក​ស៊ីន ស៊ី​សាមុត ដែលមាន​ទំនុក​ថា «​ទុក្ខ​អ្វី​មិន​ស្មើ​ទុក្ខ​ប្រពន្ធ​ពីរ ធ្ងន់​ជាង​គិរី​ធំ​ជាង​ធរណី​វា​រី​សមុទ្រ រលក​គ្រាំៗ​ឱ្យ​ខ្ញុំ​តក់ស្លុត ទោះបី​ខ្ញុំ​ខំ​ប្រយុទ្ធ​ក៏ មុខអាវុធ​លែង​មុត​ទៅហើយ​»​។ យ៉ាងណាមិញ​ស្ត្រី​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​ប្រពន្ធដើម​លោក គីនីន អ្នកចម្រៀង​ដែល​បាត់​មុខ​យូរ បាន​នាំ​កូនប្រុស​ម្នាក់​ទៅ រករឿង​នាង​ប្រពន្ធចុង​លួចលាក់​ដល់ ផ្ទះជួល​មួយ​ហើយក៏​ឈ្លោះប្រកែក ជេរ​បញ្ចោរ​គ្នា​យ៉ាងខ្លាំង កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រសៀល​ថ្ងៃទី​១៥ ឧសភា នៅផ្ទះ​ជួល​លេខ​១៨ ជាន់​ទី​១ ផ្លូវ​លេខ​២៦១ ស្ថិតនៅ​ក្រុមទី​១៣ ភូមិ​ទី​៤ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​។​


​ទោះបីជា​យ៉ាងណា ក្តី​ការ​ឈ្លោះ​ដណ្តើម​ប្តី​គ្នា នេះ​ពុំ​បង្ក​ឱ្យ​ក្លាយទៅជា​អំពើ ហិង្សា​បណ្តាល ឱ្យមាន​អ្នករងរបួស​ឡើយ ប៉ុន្តែ​បានធ្វើ​ឱ្យមាន ការភ្ញាក់ផ្អើល​ដល់ ប៉ូលិស​ចុះទៅ​ណែនាំ ឱ្យទៅ​ជួបគ្នា​ដោះស្រាយ​នៅ​សាលាសង្កាត់​។​


​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា នៅវេលា​ម៉ោង​ខាងលើ គេ​ឃើញ​ស្ត្រី​ម្នាក់​បណ្តើរ កូនប្រុស​ម្នាក់​ដែល​គេ​ស្គាល់ ថា ជា​ប្រពន្ធ​និង​កូន​របស់លោក គីនីន អតីត​ជា​អ្នកចម្រៀង​និង ជា​ពិធីករ​បាន​ទៅរក​រឿង​ស្ត្រី​វ័យក្មេង ម្នាក់​ដល់ផ្ទះ​ជួល​ដោយ​ចោទថា ជា​ប្រពន្ធ​លួចលាក់​របស់លោក គីនីន ជា​ប្តី​របស់​នាង​។ ខណៈនោះ​ក៏មាន ការឈ្លោះប្រកែក​និង​ជេរ​បញ្ចោរ​គ្នា​យ៉ាងខ្លាំង ហើយ​ប៉ូលិស​មូលដ្ឋាន បានទទួល​បញ្ជា​ឱ្យ​ចុះទៅ​សម្របសម្រួល ណែនាំ​កុំឱ្យ​ឈ្លោះប្រកែក​គ្នា​អី គួរ​នាំគ្នា​ទៅ​សង្កាត់​វិញ​។​


​ប្រភពព័ត៌មាន​ឱ្យដឹងថា នៅ​រសៀល​នោះគេ​ឃើញ​លោក «​គីនីន​» ក៏មាន​វត្ត​មាននៅ​ទីនោះ​ដែរ ហើយ​បាន​ជួយ​សម្រួល កុំឱ្យ​ប្រពន្ធ​បណ្តូលចិត្ត​ទាំង​២​ឈ្លោះ​គ្នា​។ ទោះបីជា​យ៉ាង ណា​ក្តី​ប្រពន្ធ​លួចលាក់​របស់លោក គីនីន ពុំ​ត្រូវគេ​ស្គាល់ឈ្មោះ​ទេ​៕

ប្រពន្ធដើម​លោក​«​គីនីន​» នាំ​កូន​មករក​រឿង​នាង​ចុង ផ្អើល​នៅ​សង្កាត់​បឹង​សាឡាង​