ចាប់ខ្លួន​អតីត​អភិបាលរង​ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អតីត​អភិបាលរង​ខេត្តបន្ទាយមានជ័យ លោក តួ ធាន​ទឺ មាន​ទីលំនៅ​ភូមិ​២ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវ​កងកម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ធ្វើការ​ចាប់​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦​ឧសភា​២០១៦​នេះ ដោយ​អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់​ឃាត់ខ្លួន​លេខ​១១៦ ចុះ​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៦ ដោយ​លោក ម៉​ម ច័ន្ទ​វណ្ណៈ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ។

តាម​ប្រភព​ពី​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​បាន​ប្រាប់​ថា យោង​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់​ឃាត់ខ្លួន​នេះ បាន​បង្ហាញ​ថា លោក តួ ធាន​ទី បាន​ជាប់ចោទ​ពី​បទ​ឆបោក បាន​ប្រព្រឹត្ត​នៅ​ភូមិ​២ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០០៤ ហើយ​ត្រូវ​បាន​ដាក់ទោស​រយៈពេល​១​ឆ្នាំ ចាប់ពី​ថ្ងៃ​អនុវត្ត​ទោស និង​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជនជាប់ចោទ​ខាងលើ ហើយ​នៅ​ពេល​ចាប់ខ្លួន​បាន​បង្គាប់​ឲ្យ​ប្រធាន​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​ឃុំខ្លួន​ជនជាប់ចោទ​ក្នុង​ពន្ធនាគារ​ខេត្ត​តាម​អំណាច​សាលក្រម​ចាប់តាំងពី​ថ្ងៃ​ប្រកាស​សាលក្រម​នេះ ពី​បទ​(​ឆបោក​) ប្រព្រឹត្ត​នៅ​ភូមិ​២ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០០៤  បទល្មើស​មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្ត​មាត្រា​៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ ព្រះរាជក្រម​លេខៈ ន​ស​/​រកម​១១០៩/០២២ ចុះ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០០៩ ៕