អ្នក​ណា​ព្រម? រំលោភ​រួច​អង្វរ​សុំ​យក​ធ្វើ​ប្រពន្ធ

ខេត្តពោធិ៍សាត់ ៖ យុវជន​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ភ្លាម​ៗ​បន្ទាប់​ពី​ប្រើ​ល្បិច​ចាប់រំលោភ​នាង​ក្រមុំ​ម្នាក់​រហូត​បាន​សម្រេច​កាលពី​វេលា​ម៉ោង​១១ និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្រោម​ស្វាយចន្ទី ស្ថិត​ក្នុងភូមិ​ជ្រលង ឃុំ​អន្លង់​ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។

ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ឈ្មោះ ផាត់ វី​រៈ ហៅ​វ៉ើ​ន អាយុ​២២​ឆ្នាំ ឯ​នាង​ក្រមុំ​រង​គ្រោះ​ឈ្មោះ ទ​.​ស​.​ធ អាយុ​២០​ឆ្នាំ ។

យោង​តាម​ពាក្យបណ្ដឹង​របស់​នារី​រង​គ្រោះ និង​ការ​ស្រាវជ្រាវ សមត្ថកិច្ច​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ​នារី​រង​គ្រោះ​បាន​ទៅ​បោក​សម្លៀក​បំពាក់​ចម្ងាយ​ពី​ផ្ទះ​ប្រហែល​១០០​ម៉ែត្រ ពេល​នេះ​ជនសង្ស័យ​បាន​ប្រើ​ល្បិច​ជា​ខ្ចី​យោង​ដងទឹក​ឲ្យ​គោ​ផឹក ។ ពេល​នាង​ក្រមុំ​រង​គ្រោះ​យក​យោង​ទឹក​ទៅ​ឲ្យ ជនសង្ស័យ​ក៏​ចាប់​នាង​រំលោភ​រហូត​បាន​សម្រេច​នៅ​ក្រោម​ដើម​ស្វាយចន្ទីរ​តែ​ម្តង ។ ក្រោយ​ពេល​ត្រូវ​គេ​រំលោភ​សម្រេច​រួច​មក នារី​រង​គ្រោះ​ក៏​បាន​រត់​ផ្ទះ​រៀបរាប់​ហេតុការណ៍​ប្រាប់​ក្រុម​គ្រួសារ ហើយ​ក៏​ប្ដឹង​នគរបាល​ប៉ុស្តិ៍​ឲ្យ​ជួយ​រក​យុត្តិធម៌ ។

លោក អេ​ង គឹ​ម​ហ៊ួ នាយ​ប៉ុស្តិ៍​នគរបាល បញ្ជាក់​ថា នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា​ខ្លួន​ពិតជា​បាន​ប្រើ​ល្បិច​ចាប់​នាង​ក្រមុំ​រំលោភ​រហូត​បាន​សម្រេច​មែន ។ ជន​សង្ស័យ​បាន​អង្វរ.ក​សុំ​ការ​អធ្យាស្រ័យ ដោយសុខចិត្ត​យក​នាង​ធ្វើ​ជា​ភរិយា ប៉ុន្តែ​ចំពោះ​បញ្ហា​នេះ​ក្រុម​គ្រួសារ​នាង​ក្រមុំ​រង​គ្រោះ​មិន​ព្រម​ទទួលយក​ការ​អង្វរ​.​ក​នេះ​ទេ ដោយ​ដាច់អហង្ការ​ទាមទារ​សំណង​៧.០០០​ដុល្លារ បើ​មិន​ដូច្នេះ​ទេ សូម​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕