ផ្ទះ​ជាង​៦៥០​ខ្នង​នៅ​ស្រុក​ចំនួន​៥​នៅ​ខេត្ត​សៀមរាប​ត្រូវ​ខ្យល់​កន្ត្រាក់​បំផ្លាញ

មន្ត្រី​សាខា​កាកបាទ​ក្រហម​កម្ពុជា ខេត្ត​សៀមរាប និង​អាជ្ញាធរ​មូលដ្ឋាន​ចំនួន ៥​ស្រុក​ផ្សេង​ទៀត កំពុង​មមាញឹក​យ៉ាង​ខ្លាំង​លើ​ការ​ចុះ​ស្រង់​ស្ថិតិ​ផ្ទះ​សម្បែង និង​ការ​ប៉ះពាល់​នានា​ដែល​បណ្ដាល​មក​ពី​ខ្យល់​កន្ត្រាក់ ដើម្បី​ឲ្យ​ច្បាស់​ថា តើ​ទំហំ​នៃ​ការ​ខូចខាត​ចំនួន​ប៉ុណ្ណា?

កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា កន្លង​ទៅ ខ្យល់​កន្ត្រាក់​ដែល​លាយឡំ​ជាមួយ​ភ្លៀង និង​រន្ទះ​បាញ់​ផង បាន​គ្រប​ដណ្ដប់​ទៅ​លើ​ស្រុក​ចំនួន​៥ និង​ក្រុង​ចំនួន​១ របស់​ខេត្ត​សៀមរាប ដូចជា​ស្រុក​ជីក្រែង ស្រុក​សូទ្រនិគម ស្រុក​ប្រាសាទបាគង ស្រុក​អង្គរជុំ និង​ស្រុក​ពួក។

មន្ត្រី​សាខា​កាកបាទ​ក្រហម​កម្ពុជា ខេត្ត​សៀមរាប ឲ្យ​ដឹង​ថា ថ្វីត្បិតតែ​រយៈពេល​ពីរ​ថ្ងៃ​មក​នេះ​គេ​មិន​ទាន់​បាន​ដឹង​តួលេខ​នៃ​ការ​ខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់​ទំហំ​ប៉ុណ្ណា​ច្បាស់លាស់​ក៏ដោយ ក៏​យ៉ាង​ហោច​ណាស់​ថា​មាន​ប្រជាពលរដ្ឋ​ចំនួន​ជាង ៥៧០​គ្រួសារ​នៅ​ស្រុក​ពួក ចម្ងាយ​ជាង ៣០​គីឡូម៉ែត្រ​ភាគ​ខាង​លិច​ពី​ទី​រួម​ខេត្ត​សៀមរាប បាន​រង​ការ​ប៉ះពាល់។

កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា ខ្យល់​កន្ត្រាក់​ដែល​បោក​បក់​ខ្លាំង​លាយឡំ​ជាមួយ​ទឹក​ភ្លៀង បាន​បំផ្លាញ​ផ្ទះ​សម្បែង​ច្រើន​រយ​ខ្នង ព្រម​ទាំង​បង្ក​ឲ្យ​អ្នក​ភូមិ​ខ្លះ​រង​របួស និង​សត្វ​ចិញ្ចឹម​មួយ​ចំនួន​ត្រូវ​រន្ទះ​បាញ់​ងាប់។

ប្រធាន​សាខា​កាកបាទ​ក្រហម​ខេត្ត​សៀមរាប គឺ​លោក ស៊ុំ សំអន។ លោក​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ ទី​១៥ ខែ​ឧសភា ថា រហូត​មក​ដល់​ពេល​នេះ រូប​លោក​នៅ​មិន​ទាន់​បាន​ទទួល​តួលេខ​នៃ​ការ​ខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់​នោះ​ឲ្យ​បាន​ច្បាស់លាស់​នៅ​ឡើយ​ទេ។ មន្ត្រី​ដដែល​បញ្ជាក់​ថា សាខា​កាកបាទ​ក្រហម​កម្ពុជា ខេត្ត​សៀមរាប គ្រាន់​តែ​បាន​ទទួល​តួលេខ​បឋម​នៅ​ស្រុក​ពួក ថា​មាន​ប្រជាពលរដ្ឋ​ចំនួន ៥៧៤​គ្រួសារ បាន​រង​ការ​ប៉ះពាល់​ដោយសារ​ខ្យល់​កន្ត្រាក់​នោះ ហើយ​កាកបាទ​ក្រហម ក៏​ទៅ​កាន់​ទីនោះ​ដើម្បី​ផ្ដល់​ជំនួយ​មនុស្សធម៌​ជា​បន្ទាន់៖ «យើង​បាន​ចូលរួម​ផ្ដល់​អំណោយមនុស្សធម៌​ដល់បង​ប្អូន​រងគ្រោះ ក្នុង​នោះ​ក៏​មាន​អ្នក​ស្លាប់​ដោយសារ​រន្ទះ​បាញ់​កាល​ពី​សប្ដាហ៍​មុន​ដែរ»

ខ្យល់​ព្យុះ ស្រុក​ពួក ៨៥៥ ២០១៦
ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ដែល​ត្រូវ​ខ្យល់​ព្យុះ​បក់​បំផ្លាញ ឋិត​នៅ​ភូមិ​គំរូ ឃុំ​ល្វា ស្រុក​ពួក ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Hang Savyouth

អធិការ​នគរបាល​ស្រុក​ពួក លោក ទេព ពុំសែន ឲ្យ​ដឹង​ថា កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៣ ខែ​ឧសភា កន្លង​ទៅ ខ្យល់​កន្ត្រាក់​បាន​បក់​បោក​ខ្លាំង​ប៉ះ​ចំ​ឃុំ​ចំនួន​៦ របស់​ស្រុក​ពួក មាន​ឃុំ​ខ្នាត ឃុំ​សំរោងយា ឃុំ​ពួក ឃុំ​រើល ឃុំ​ល្វា ឃុំ​សសរស្ដម្ភ និង​ឃុំ​យាង។ មហន្តរាយ​ធម្មជាតិ​នេះ បាន​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ប្រជាពលរដ្ឋ និង​អគារ​រដ្ឋាភិបាល​អស់​ចំនួន​ជាង ៣៨០​ខ្នង ហើយ​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន ៦​នាក់​រង​របួស ប៉ុន្តែ​មិន​មាន​អ្នក​ណា​ម្នាក់​គ្រោះថ្នាក់​ដល់​ជីវិត​ទេ៖ «ក្នុង​នោះ​ដែរ​ខូចខាត​ធ្ងន់​នៅ​ក្នុង​ឃុំ​ចំនួន​៥ មាន​រលំ​ផ្ទះ​ចំនួន ៦០​ខ្នង ប៉ើង​ដំបូល ៣២០​ខ្នង មាន​ដំបូល​សាលា​ស្រុក​ពួក និង​សាលា​មួយ​ខ្នង​ដែរ»

ស្ត្រី​វ័យ​ក្មេង​ឈ្មោះ ជន សុជាតា នៅ​ភូមិ​គំរូ ឃុំ​ល្វា នៃ​ស្រុក​ពួក មាន​ប្រសាសន៍​ថា រូប​នាង និង​ក្រុម​គ្រួសារ បាន​ខូចខាត​ផ្ទះ​ចំនួន ៣​កន្លែង​នៅ​ជាប់ៗ​គ្នា ព្រម​ទាំង​ខូចខាត​សម្ភារៈ​ប្រើប្រាស់​ជាច្រើន​ទៀត​ដោយសារ​ផ្ទះ​រលំ​សង្កត់។ នេះ គឺ​ជា​ហេតុការណ៍​លើក​ដំបូង​ដែល​នាង​បាន​ជួប​ប្រទះ​ក្នុង​ជីវិត និង​ធ្វើ​ឲ្យ​រូប​នាង​ភ័យ​រន្ធត់៖ «ប្រហែល​ជា ១០​នាទី​ខ្យល់​ហ្នឹង​បក់​លឿន។ មួយ​វឹប​មក​ដូច​កួច​តែ​ម្ដង ហើយ​នាំ​មក​នូវ​ដុំ​ពពក​ខ្មៅ»

ស្ត្រី​អ្នក​ភូមិ​គំរូ ម្នាក់​ទៀត​ឈ្មោះ ឆាយ សារ៉ន មាន​ប្រសាសន៍​ថា ខ្យល់​កន្ត្រាក់​ក្រៅ​ពី​បំផ្លាញ​ផ្ទះ​ធ្វើ​ពី​ឈើ​របស់​គាត់​មួយ​ខ្នង ក៏​ធ្វើ​ឲ្យ​សម្ភារៈ​ប្រើប្រាស់​កសិកម្ម​ជាច្រើន​ទៀត​ដែល​នៅ​ក្រោម​ផ្ទះ បាក់​បែក​ខូចខាត ហើយ​បើ​សរុប​ជា​ទឹក​ប្រាក់​ប្រហែល​ជាង ១​ម៉ឺន​ដុល្លារ​អាមេរិក៖ «ច្រើន​ដែរ​មាន​គោយន្ត ២​គ្រឿង ម៉ាស៊ីន​បោក​ស្រូវ ត្រូវ​ផ្ទះ​រលំ​សង្កត់ ព្រម​ទាំង​សម្ភារៈ​លើ​ផ្ទះ​ដូចជា​ទូ​ជាដើម»

ទោះ​បី​ជា​យ៉ាង​ណា អភិបាល​រង​ខេត្ត​សៀមរាប ទទួល​បន្ទុក​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក ប៊ុន ថាឬទ្ធិ មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ថ្ងៃ​អាទិត្យ ទី​១៥ ខែ​ឧសភា រូប​លោក​នៅ​មិន​ទាន់​ទទួល​បាន​តួលេខ​ច្បាស់លាស់ ជុំវិញ​ការ​ខូចខាត​ដោយសារ​តែ​ខ្យល់​កន្ត្រាក់​នៅ​ឡើយ​ទេ៖ «ខ្ញុំ​ក្ដាប់​អត់​បាន​នៅ​ឡើយ រវល់​តែ​នៅ​លាន​ជល់​ដំរី រឿង​រៀបចំ​ធ្វើ​កន្លែង​ប្រារព្ធ​ពិធី​ច្រត់​ព្រះ​នង្គ័ល»

តួលេខ​បឋម​របស់​សាខា​កាកបាទ​ក្រហម​កម្ពុជា ខេត្ត​សៀមរាប រួម​នឹង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប ផង ឲ្យ​ដឹង​ថា ខ្យល់​កន្ត្រាក់​ដែល​បោក​បក់​ខ្លាំង​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៣ ខែ​ឧសភា កន្លង​ទៅ បាន​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ អគារ​របស់​រដ្ឋ ព្រម​ទាំង​សាលា​រៀន​អស់​ចំនួន​ជាង ៦៥០​ខ្នង។ តាម​តួលេខ​ដែល​ផ្ដល់​ឲ្យ​ដោយ​មន្ត្រី​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប មួយ​រូប​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា ខ្យល់​កន្ត្រាក់​បាន​បោក​បក់​ខ្លាំង​ទៅ​លើ​ស្រុក​ចំនួន​៥ និង​ក្រុង​មួយ​របស់​ខេត្ត​សៀមរាប ដូចជា​ស្រុក​ជីក្រែង បាន​ខូចខាត​ផ្ទះ​អស់​ចំនួន ២៣​ខ្នង សាលា​រៀន​អស់ ២​ខ្នង ព្រម​ទាំង​រន្ទះ​បាញ់​ងាប់​គោ ១​ក្បាល។ នៅ​ស្រុក​សូទ្រនិគម មាន​ប៉ះពាល់​តិចតួច នៅ​ស្រុក​ប្រាសាទបាគង ខ្យល់​បំផ្លាញ​ដំបូល​សាលា​រៀន​អស់ ៣​ខ្នង នៅ​ក្រុង​សៀមរាប ខ្យល់​បក់​រលំ​ដើម​ឈើ​នៅ​ក្នុង​តំបន់​ឧទ្យាន​អង្គរ នៅ​ស្រុក​អង្គរជុំ ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន ៥៦​ខ្នង និង​នៅ​ស្រុក​ពួក តួលេខ​ប៉ះពាល់​មាន​ច្រើន​ជាង​គេ គឺ​ផ្ទះ​ពលរដ្ឋ និង​អគារ​របស់​រដ្ឋ​ជាង ៣៨០​ខ្នង​បាន​ខូចខាត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។