វត្ត​សំពៅ​ប្រាំ​ ជា​សំណង់​បុរាណ​ ដែល​បន្សល់ទុក​តាំងពី​សម័យ​អាណានិគមនិយម​បារាំង​

វត្ត​សំពៅ​ប្រាំ​ ជា​សំណង់​បុរាណ​ ដែល​បន្សល់ទុក​តាំងពី​សម័យ​អាណានិគមនិយម​បារាំង​



កំពត ៖ សព្វថ្ងៃ ​វត្ត​សំពៅ​ប្រាំ​ កំពុង​តែ​មាន​ប្រជាប្រិយភាព​សំបើម​ណាស់ បន្ទាប់ពី​ផ្លូវ​ឡើង​ទៅលើ​កំពូលភ្នំ​បូកគោ​ ដែល​មាន​សភាព​បត់បែន​តាម​ចង្កេះភ្នំ​ ត្រូវបាន​ស្ថាបនា​អ៊ុត​កៅស៊ូ​ល្អ​ស្អាត ​រលោង​ស្រិល​នោះ ដែល​នេះ​គឺជា​ភាព​ងាយស្រួល​បំផុត​ក្នុង​ការ​បើកបរ​យានយន្ត​ឆ្ពោះ​ទៅ​កាន់​ទីឋាន​ដែល​បាន​ឩប​តឹក​ឡើង​នៅ​លើ​កំពូលភ្នំ​ ដែល​មាន​អ័ព្ទ​ចុះ​បែកផ្សែង​ គយគន់​ឃើញ​ទេសភាព​ចម្រុះ​គួរ​ឲ្យ​រំភើប​បំផុត។​ ​ ​ ​ ​

​នៅ​ពេល​យើង​បាន​ឡើង​មកដល់​កំពូលភ្នំ​ឋានសួគ៌​បូកគោ​ហើយ​នោះ រាល់​អ្វីៗ​ដែល​មាននៅ​ទីនោះ ​រួមទាំង​សម្រស់​ទេសភាព​ទាំងឡាយ ​ហាក់​មិន​នឿយណាយ​ឡើយ​ជាមួយ​អ្នកទេសចរ ដោយ​អស់​លោកអ្នក​អាច​ដើរ​ទស្សនា​បាន​ជាមួយនឹង​សំណង់​ដែល​ទើប​អភិវឌ្ឍន៍​ថ្មីៗ ព្រមទាំង​សំណង់​បុរាណ​ដែល​បាន​បន្សល់ទុក​តាំងពី​សម័យ​បារាំង​ត្រួតត្រា ​ធ្វើជា​អាណាព្យាបាល​ប្រទេស​កម្ពុជា​មាន​ដូចជា ​សំណង់​កាស៊ីណូ​បារាំង ព្រះវិហារ​កាតូលិក​ចាស់ ​និង​ទឹកធ្លាក់​ពពក​វិល ជាពិសេស​នោះ​ គឺ​សំណង់​បុរាណ​វត្ត​សំពៅ​ប្រាំ​តែម្ដង ​ដែល​គ្រប់​អ្នកទេសចរ​ទាំងឡាយ​តែងតែ​ប៉ងប្រាថ្នា​ចង់​ឃើញ​ចង់​ស្គាល់​។

មិន​ថា​ភ្ញៀវទេសចរ​ជា​ខ្មែរ​ ឬក៏​បរទេស​នោះទេ ​គឺ​កម្រ​នឹង​មើលរំលង​សំណង់​បុរាណ​វត្ត​សំពៅ​ប្រាំ​នៅលើ​កំពូលភ្នំ​ឋានសួគ៌​បូកគោ​ណាស់ ព្រោះ​ទីនេះ​ជា​កន្លែង​មួយ​ដែលមាន​ប្រវត្តិ​ទាក់ទង​នឹង​រឿងព្រេង​ខ្មែរ​និង​ជាទី​អារាម​មួយ​សម្រាប់​គោរពបូជា​ដ៏​សក្ដិសិទ្ធិ ហើយ​នៅ​វត្ត​សំពៅ​ប្រាំ​នេះដែរ ​អ្នក​ទេសចរ​ទាំងអស់​អា​ច​ចោល​ចក្ខុ​សំឡឹង​ឃើញ​ទិដ្ឋភាព​ធម្មជាតិ​ចម្រុះ ​ធ្វើ​ឲ្យ​យើង​ភ្ញាក់ផ្អើល​ ដោយ​មិន​ជឿ​ថា​នៅទីនេះ​មាន​ភាពស្រស់ស្អាត​យ៉ាងនេះ​សោះឡើយ។

វត្ត​សំពៅ​ប្រាំ​ ត្រូវ​បាន​ចាប់​កសាង​ឡើង​ក្នុង​ឆ្នាំ​១៩២៤ ហើយ​នៅពេល​អ្នកទេសចរ​មក​ដល់ទី​នេះ​ គឺ​យើង​នឹង​អាច​មើលឃើញ​ទេសភាព​មាត់សមុទ្រ​ដ៏​ធំ​ល្វឹងល្វើយ ​ស្ថិតនៅ​ខាងក្រោម​ រួមទាំង​ទេស​ភាព​ផ្សេងៗ​ទៀត។
ឈ្មោះ​វត្ត​សំពៅ​ប្រាំ​នេះ ​គឺ​កើត​មកពី​ដុំ​ថ្ម​ចំនួន​ប្រាំ​ដុំ​នៅក្បែរនោះ ​ដែលមាន​រូបរាង​ដូចជា​សំពៅ​ដែល​ឈ្មោះ​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ទៅតាម​ការ​តំណាល​រឿងព្រេង​អំពី​វត្ត​សំពៅ​ប្រាំ។​

បើ​តាម​ដឹង​ខ្លះៗ​រឿងព្រេង​ទាក់ទង​នឹង​វត្ត​សំពៅ​ប្រាំ​នេះ​បាន​និយាយ​ពី​ស្តេច​មួយអង្គ​ដែល​បាន​ធ្វើ​ដំណើរ​ទៅដល់​ទឹកដី​នេះ​ ដើម្បី​ពង្រីក​អំណាច​របស់ខ្លួន​រួច ​ក៏​លង់​ស្នេហ៍​នឹង​ម្ចាស់​ក្សត្រី​នាគី​(​ព្រះ​នាងនាគ​)​រួច​ ក៏​ចត​សំពៅ​ដែល​ក្នុង​សំពៅ​ទាំងនោះ​មាន​ផ្ទុក​នូវ​ទំនិញ​ និង​រតនសម្បត្តិ​មាន​តម្លៃ​យ៉ាង​ច្រើន​ដែល​ជា​ចំណងដៃ​របស់​ស្តេច​នាគ​ផ្តល់​ឲ្យ​ដើម្បី​ជា​សញ្ញា​ នៃ​ការ​សហការ​របស់​នគរ​ទាំង​ពីរ។​​

សំណង់​វត្ត​នេះ​សាងសង់ឡើង​នៅ​លើ​ដី​ខ្ពស់​ជា​កំពូលភ្នំ​ដែល​មាន​ផែន​ថ្ម​ធំៗ​នៅ​ពាសពេញ​ហើយ​ចម្លែក​ជាងគេ ​គឺ​ផែន​ថ្ម​ជា​បន្ទះៗ​មាន​ទំហំ​បណ្ដោយ​ប្រមាណ​ជាង​១០​ម៉ែត្រ​ និង​មាន​កម្ពស់​ជិត​១០​ម៉ែត្រ​ដែរ​ ដោយ​ទ្រង់ទ្រាយ ​នៃ​ផែន​ថ្ម​នេះ ​មាន​សភាព​សំប៉ែត​ខ្ពស់​ទ្រនង់​នៅ​តម្រៀប​គ្នា​ជា​ប្រាំ​សន្លឹក​មាន​សណ្ឋាន​ដូចជា​ក្តោង​សំពៅ ​ត្រដាង​ដោយ​ឃើញ​រូបភាព ​នៃ​ថ្ម​ទាំង​ប្រាំ​ផែន​នេះ ​មាន​រាង​ដូចជា​សំពៅ​ប្រាំ​កំពុង​បើកក្តោង​ហើយ​ការកសាង​ក៏​ធ្វើ​នៅជាប់​ផែន​ថ្ម​នេះ​ទៀត​ទើប​អ្នកផង​ហៅ​ទីនេះ​តាម​ការ​សន្មត​ថា​«​វត្ត​សំពៅ​ប្រាំ​»​។​

ទាក់ទង​នឹង​វត្ត​សំពៅ​ប្រាំ​នេះដែរ​ ក៏មាន​ព្រេង​និទាន​មួយ​បាន​តំណាល​ថា ​ក្នុង​កាល​កន្លង​ដ៏​យូរលង់​មកហើយ ​មាន​ស្តេច​ខ្មែរ​យើង​មួយ​ព្រះអង្គ ​ព្រះនាម​ព្រះថោង ហើយ​រឿង​ដើម​នៃ​ក្សត្រ​អង្គ​នេះ​ គឺ​ព្រះ​អង្គជា​ព្រះអង្គម្ចាស់​មួយ​ព្រះអង្គ​មានការ​តូច​ព្រះទ័យ​នឹង​បិតា ​ដែល​តម្រូវ​ឲ្យ​ព្រះអង្គ​គោរព​បូជា​ព្រះ​អនុជ​ពៅ ម្ល៉ោះហើយ​ទ្រង់​ក៏​យាង​ចាក​ចេញពី​ព្រះរាជវាំង​ជាមួយ​ពល​សេនា​ចេញ​ឆ្ងាយ​ពី​រាជវាំង​ទៅដល់​ឆ្នេរ​ខ្សាច់​មួយ​មាន​ដើម​ធ្លក​មួយ​ដើម​ដុះ​នា​កណ្តាលវាល​ខ្សាច់​នោះ។

ព្រះអង្គ​បញ្ឈប់​ពល​រេ​ហ៍​នៅ​ទីនោះ​ដើម្បី​សំរាក​ព្រះកាយ​នៅក្រោម​ដើម​ធ្លក​នោះ​លុះ​ពេល​ព្រលឹម​ស្វាង​ឡើង​ព្រះអង្គ​យាង​មួយ​ព្រះអង្គឯង​ទៅ​លំហែ​កាយ​តាម​មាត់សមុទ្រ​កាន់តែ​ឆ្ងាយ​ទៅៗ ស្រាប់តែ​ឮ​សំឡេង​មនុស្ស​អ៊ូអរ​ ព្រះអង្គ​ក៏​យាង​ទៅជិត ​បាន​ជួបនឹង​នាងនាគ​ដែល​កំពុងតែ​នាំ​ភីលៀង​មក​កម្សាន្ត​ឆ្នេរសមុទ្រ​នេះ។​

រឿងព្រេង​នេះ​បាន​បញ្ជាក់​ទៀត​ថា ពេលនោះ ​ព្រះអង្គ​បាន​លួងលោម​ប្រតិព័ទ្ធ​ នាងនាគ​ក៏​យល់​ព្រម​ តែ​សូម​ឲ្យ​ព្រះអង្គ​តោង​កន្ទុយ​នាគ​ដើម្បី​ជ្រែក​ទឹក​ទៅកាន់​ឋាន​នាគ​ថ្វាយបង្គំ​ព្រះ​ភុជង្គនាគ​ជា​ព្រះបិតា លុះ​ព្រះអង្គ​តាម​ព្រះ​នាងនាគ​ទៅដល់​ឋាន​នាគ​អស់​រយៈពេល​៧​ថ្ងៃ​ ក៏​សុំ​លា​ព្រះបិតា​ក្មេក​នាំ​មហេសី​មក​ឋានមនុស្ស​វិញ​។ កាលនោះ ​ព្រះបាទ​ភុជង្គនាគ​ បាន​រៀបចំ​ប្រដាប់ប្រដា​ជា​ទ្រព្យ​មាន​តម្លៃ​ចំនួន​ប្រាំ​សំពៅ ​ដើម្បី​ដង្ហែ​ព្រះរាជបុត្រ​មក​គ្រងរាជ្យ​នៅ​ឋាន​មនុស្សលោក​។ នៅពេល​សំពៅ​ទាំង​ប្រាំ​នោះ​បើកក្តោង​សំដៅ​មាត់សមុទ្រ​ជាយដែន​ប្រទេស​ហើយ ក៏​ចូល​ចត​តម្រៀប​គ្នា​រើ​ប្រដាប់ប្រដា​ចេញពី​សំពៅ​ ហើយ​ដឹកជញ្ជូន​យក​ទៅ​រក​ទីណា​មួយ​មាន​ទីទួល​ខ្ពស់ ​រៀបចំ​កសាង​ជាទី​ក្រុង​ឡើង ឯ​សំពៅ​ទាំង​ប្រាំ​នោះ​ក៏​បញ្ឈរ​ទុក​សម្រាប់​ព្រះអង្គ​យាង​ដំណើរ​ទៅ​ណា​មក​ណា​ទ្រង់​គង់​ក្រសាល​តាម​ព្រះ​ចិន្ដា។

ពលរេហ៍​ទាំង​ប្រាំ​រយ​នាក់ ​ក៏បាន​ដង្ហែ​ព្រះថោង ​និង​នាងនាគ​ ទៅ​ចាប់​ស្ថាបនា​ទីក្រុង​រាជ​និវេសន៍​ទាំងអស់គ្នា​ទៅ​ នៅសល់តែ​សំបក​សំពៅ ​លុះ​អស់កាល​ជា​យូរលង់​ក្រោយមក​ ឆ្នេរសមុទ្រ​ចេះតែ​ស្រុត​ស្រក​ឆ្ងាយ​ទៅៗ​ដី​កាន់តែ​ដុះ​ខ្ពស់​ឡើងៗ​ សំពៅ​ទាំង​ប្រាំ​នោះ​ក៏​កឿង​នៅ​ជាប់​នឹង​ច្រាំង ហើយ​យូរៗ​ទៅ​ក៏​រឹង​ក្លាយទៅជា​ថ្ម​លិច​បាត់​តួ​សំពៅ​ទៅ​ក្នុង​ដី​ នៅសល់តែ​ក្តោង​ទាំង​ប្រាំ​ដែល​គេ​ឃើញ​សព្វថ្ងៃនេះ​។ នេះហើយ​ជា​រឿងព្រេង​ដែល​អ្នកស្រុក​ប្រឌិត​ភ្ជាប់​នឹង​ស្ថានភាព​វត្ត​នៅ​លើ​ភ្នំ​បូកគោ​ ហៅ​វត្ត​សំពៅ​ប្រាំ​នេះ។​

​បើតាម​ការស្រាវជ្រាវ​ខាង​វិទ្យាសាស្ត្រ​វិញ​វត្ត​នេះ​ពុំមែន​ជាវ​ត្ត​បុរាណ​ណាស់ណា​ទេ ​គឺជា​វត្ត​ថ្មី​មួយ​ដែល​ព្រះករុណា​ព្រះបាទ ​ស៊ីសុវត្ថិ​ មុនី​វង្ស​ ព្រះ​ចៅ​ប្រទេស​កម្ពុជា​ទ្រង់​កសាង​ឡើង​កាលពី​គ​.​ស​១៩២៤​ គឺ​នៅ​គ្រា​ដែល​រាជការ​បារាំង​ស្ថាបនា​តំបន់​ភ្នំ​បូកគោ​ជា​កន្លែង​លំហែកាយ​ស្រូបយក​ខ្យល់​អាកាស​ជា​របៀប​ជនជាតិ​អឺរ៉ុប​។ ដោយ​កាលណោះ ​រាជការ​បារាំង​គេ​បាន​ថ្វាយ​ចំពោះ​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​នូវ​ទីកន្លែង​មួយ​សម្រាប់​ព្រះអង្គ​ស្ថាបនា​ជា​ព្រះរាជដំណាក់​មួយ​នៅ​បូកគោ​នោះ ដូច្នេះហើយ​ ព្រះអង្គ​ក៏​ផ្ដួចផ្ដើម​ព្រះទ័យ​កសាង​ជាវ​ត្ត​មួយ​នេះ​ឡើង​ ដោយ​ជ្រើស​រើសយក​ទីទួល​ដែល​ជាប់​នឹង​ផែន​ថ្ម​ប្រាំ​សន្លឹក​ធំៗ​នោះ​សង់​ជា​ព្រះវិហារ​មួយ​តូច ​តែ​ស្អាតស្អំ​ និង​ចេតិយ​មួយទៀត​នៅ​ពី​ខាងមុខ​ព្រះវិហារ​នេះ ហើយ​សន្មត​យក​នាភាភិធេយ្យ​ថា​«​វត្ត​សំពៅ​ប្រាំ​»​។

ពោល​គឺ​ឈ្មោះ​វត្ត​សំពៅ​ប្រាំ​នេះ​គឺជា​ការ​សន្មត​យក​តាម​លំនាំ​ទីកន្លែង​លើ​ទួល​នេះ​ដែលមាន​សន្លឹក​ផែន​ថ្ម​ធំៗ​ដូចជា​ក្តោង​សំពៅ​ប្រាំ​ផ្ទាំង​ស្ថិតនៅ​ត្រង់​នោះ​ស្រាប់​៕​